ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ស្នើ​សុំ​ជួប​លោកពូ​ទី​ន នៅ​សេត​វិមាន

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប្រទេស​រុ​ស្ស៊ី ៖ លោកយូ​រី អ៊ូ​ចា​កូវ ទីប្រឹក្សា​កិច្ចការ​អន្តរជាតិ​របស់​ប្រធានា​ធិបតី​រុ​ស្ស៊ី​ថ្លែង​នា​ថ្ងៃ​ទី​២ មេ​សា ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូណា​ល់ ត្រាំ…

សហរដ្ឋអាមេរិក​-​ប្រទេស​រុ​ស្ស៊ី ៖ លោកយូ​រី អ៊ូ​ចា​កូវ ទីប្រឹក្សា​កិច្ចការ​អន្តរជាតិ​របស់​ប្រធានា​ធិបតី​រុ​ស្ស៊ី​ថ្លែង​នា​ថ្ងៃ​ទី​២ មេ​សា ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូណា​ល់ ត្រាំ ពេល​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​កាលពីថ្ងៃ​ទី​២០ មីនា កន្លង​ទៅ ធ្លាប់​បាន​ស្នើ​ជួប​ជាមួយ​សម​ភាគី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នៅ​សេត​វិមាន ។

ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី TASS លោក​អ៊ូ​ចា កូវ និយាយ​ថា ប្រសិនបើ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ខ្ញុំ​សង្ឃឹមថា អា​មេ​រិ​កនឹង​ពុំ​បោះបង់​ចោល​សំណើ​ពិភាក្សា​ពី​លទ្ធភាព​រៀបចំ​ការ​ជួប​គ្នា​កំពូល​មួយ​ឡើយ ។

កាលពី​ថ្ងៃ​ទី​២០ មីនា តាម​ទូរស័ព្ទ​លោក​ត្រាំ បាន​សរសើរ​លោកពូ​ទី​ន ដែល​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី​១៨ មីនា ។ ពេល​សន្ទនា​គ្នា​តាម​ទូរស័ព្ទ មេដឹកនាំ​ទាំង​២​បាន​ផ្តោតការ​ចាប់អារម្មណ៍​ជា​ពិសេស​ចំពោះ​លទ្ធភាព​រៀបចំការ​ជួប​គ្នា​កម្រិត​ខ្ពស់​មួយ ។ លោក​ត្រាំ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នា​ថ្ងៃ​នោះ​ដែរ​ថា លោក​មាន​បំណង​ជួប​ជាមួយ​លោកពូ​ទី​ន នា​ពេល​ខាងមុខ​មិនយូរ ។

ទោះបី​យ៉ាងណា តាម​លោក​អ៊ូ​ចា​កូវ ថា ទស្សនវិស័យ​នៃ​ការ​រៀបចំ​ការ​ជួប​គ្នា​កំពូល​មួយ​ចាប់តាំងពី​ថ្ងៃ​នោះ​មក​ពុំ​ត្រូវ​បាន​ពិភាក្សា​គ្នា​ឡើយ ។

កាលពី​ស​ប្តា​ហ៍​មុន ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​៦០​នាក់ និង​បិទ​ស្ថាន​កុងស៊ុល​រុ​ស្ស៊ី​នៅ​ក្រុង SEATTLE ក្នុង​ក្រប​ខណ្ឌ​នៃ​សកម្មភាព​ដែល​មានការ​សម្រប​សម្រួល​​គ្នា​ជាមួយ​អង់គ្លេស ព្រមទាំង​ប្រទេស​លោក​ខាងលិច​ឯទៀត​ៗ ក្រោយ​រឿង​បំពុល​​អតីត​ចារបុរស​រុ​ស្ស៊ី​ម្នាក់​នៅ​អង់គ្លេស ។ ក្រុង​មូ​ស្គូ​បាន​ចាត់វិធានការ​សងសឹក​វិញ ដោយ​បណ្តេញ​អ្នកការទូត​អា​មេ​រិ​ក ក្នុង​ចំនួន​ប្រហែល​គ្នា និង​ដោយ​បិទ​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​នៅ​ក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ ។

លោក​អ៊ូ​ចា​កូវ បន្ត​ថា ក្នុង​ស្ថានភាព​នៃ​ព្រឹត្តិការណ៍​ទាំងនេះ​ប្រាកដ​ណាស់ គេ​ពិបាក​ក្នុង​ការ​ពិភាក្សា​គ្នា​ពី​ការ​រៀបចំ​ការ​ជួប​គ្នា​កំពូល​មួយ ។ លោក​បន្ត​ថា រុ​ស្ស៊ី​ចាត់ទុកជា​និច្ច​ថា​ការ​ជួប​គ្នា​បែប​នេះ ពិតជា​សំខាន់ និង​ចាំបាច់​បំផុត​សម្រាប់​ប្រទេស​ទាំង​២ និង​សម្រាប់​សហគមន៍​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ