ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ពិសោធន៍​ស្ដើង​តែ​ហ៊ឹ​ម គឹ​ម​រៀង ទទួល​បាន​ការ​ចាប់អារម្មណ៍​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​ការ​ប្រកួត​របស់​កីឡាករ​ជើង​ខ្លាំង​ចាស់វស្សា​នៅ​លើ​សង្វៀន ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ​ទី​១ មេ​សា គេ​កត់​សម្គាល់ថា កីឡាករ​វ័យក្មេង​២​រូប ពិសេស​គឺ បង្គោល​ខៀវ…

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​ការ​ប្រកួត​របស់​កីឡាករ​ជើង​ខ្លាំង​ចាស់វស្សា​នៅ​លើ​សង្វៀន
ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ​ទី​១ មេ​សា គេ​កត់​សម្គាល់ថា កីឡាករ​វ័យក្មេង​២​រូប ពិសេស​គឺ បង្គោល​ខៀវ ហ៊ឹ​ម គឹ​ម​រៀង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ទទួល​ការ​ចាប់​អារម្មណ៍​​តែ​ម្ដង បន្ទាប់​ពី​លោក​បាន​ឈ្នះ​កីឡាករ​ពូកែ​ឌឺ លី​ន ឃុន​ផែន មក​ពី​ក្លិប​បុរី​រាជ​សីហ៍​​មាន​រិ​ទ្ធិ ដោយ​ពិន្ទុ​ក្នុង​ទឹក​ទី​៥ ដោយសារ​តែ​បាន​ធ្វើ​សកម្មភាព​ខ្លាំង​ៗ​លើ​សង្វៀន ។ កីឡាករ​រូប​នេះ កាន់តែ​បង្ហាញ​សមត្ថ​ភាពល្អ​ខ្លាំង ខណៈ​ដែល​សកម្មភាព​របស់​លោក គឺ​ល្អមើល ហើយ​ជក់ចិត្ត​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​ប្រដាល់​តែ​ម្ដង ដោយ​កន្ត្រាក់​​អារម្មណ៍​​អ្នក​ចូល​ចិត្ត​ប្រដាល់​បាន​ខ្លាំង​ជាង​គូ​ល្បី​ៗ​នោះ​ផង​។

ការ​ប្រកួត​ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ​នេះ កីឡាករ​ទាំង​ពីរ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មិន​ខ្វល់ថា​ពួក​គេ​បាន​ឡើង​សង្វៀន​ណាខ្លះ​ពី​មុន​មកទេ​ដោយសារ​តែ​ម្នាក់​ៗ​ប្រកួត​គ្នា​ខ្លាំង​តាំងពី​ដើម​ទឹក​ទី​១​រហូត​ដល់​ភាគី​ម្ខាង​ទៀត​បរាជ័យ​ក្នុង​ទឹក​ទី​៥ ។ ដ្បិតថា ពួក​គេ​ឡើង​ប្រកួត​គ្នា​មិនមែន​ក្នុង​នាម​ជា​គូ​អន្តរជាតិ ឬ​ជា​គូ​ប៉ះ​ជាមួយ​កីឡាករ​ល្បី តែ​គេ​កត់​សម្គាល់​ថា អ្នក​ទស្សនា​គឺ​មានការ​ចាប់អារម្មណ៍​អ្នក​ទាំង​ពីរ​ខ្លាំង​ជាង​គូ​ឯក ឬ​គូ​ល្បី​ៗ​អន្តរជាតិ​នា​ថ្ងៃ​នោះ​ផង ជា​ពិសេស​សម្រែក​ហ៊ោកញ្ជ្រៀវ និង​ការ​អបអរសាទរ គឺ​មាន​កម្រិត​មិន​ធម្មតា ។ សំឡេងហ៊ោកញ្ជ្រៀវ​បាន​កើត​មាន​ឡើង​ឡើង​ខ្ទរ​សង្វៀនប្រដាល់​នា​ថ្ងៃ​នោះ ដែល​អាច​និយាយ​បាន​កីឡាករមួយគូ​នេះ​ក្លាយជា​សមាសភាព​ដក់​ក្នុង​អារម្មណ៍​មហា​ជន​តែ​ម្ដង​ដែល​អាច​កន្ត្រាក់​ការ​ចាប់អារម្មណ៍​ពី​អ្នក​ទស្សនា​បាន​ច្រើន​ក្នុង​ពេល​ដែល​គូប្រកួត​ល្បី​ៗ​មួយ​ចំនួន​រង​ការ​រិះគន់ រឿង​ប្រកួត​លែង​កើត​ទៅ​វិញ ។

អ៊ីចឹង​ហើយ​ទើប​អ្នក​ឈ្នះ​ក្លាយជា​កីឡាករ​ល្បី​តែ​ម្ដង ដោយសារ​មាន​អ្នក​ទស្សនា​នា​ថ្ងៃ​នោះ​ដក់​ជាប់​ក្នុង​អារម្មណ៍ ។ អ្នក​អង្គុយ​ទស្សនា​ដក​ក​ចំហ​មាត់​មិន​តិច​ទេ ក្នុង​ពេល​សកម្ម​ភាព​ប្រកួត​របស់​អ្នក​ទាំង​ពីរ​មាន​ភាពស្វិតស្វាញ​ពេញ​រយៈពេល​៥​ទឹក ហើយ​ក្នុង​ទឹក​ទី​៥​បាន​ក្លាយជា​ទឹក​កាត់ក្ដី​ធ្វើ​ឱ្យ​ភាគី​អ្នក​ឈ្នះ​ល្បីឈ្មោះ​តែ​ម្ដង ។ នេះ​ជា​គូប្រកួត​ដែល​មានការ​ចាប់អារម្មណ៍​ក្នុង​ចំណោម​កីឡាករ​ជើង​ថ្មី​នៅ​ក្នុង​ពិភព​ប្រដាល់ ខណៈ​ដែល​អ្នក​ទស្សនា​ក៏​បាន​ចាត់​ទុក​ថា កីឡាករ​ទាំង​ពីរ​ថ្វីបើ​មិន​បាន​ឡើង​រេញ​ច្រើន​កន្លង​មក តែ​ពេល​បង្ហាញ​វត្តមាន​លើក​នេះ​មាន​សន្ទុះ​គាំទ្រ​ខ្លាំង ។ ម្នាក់​ៗ​និយាយ​ថា អ្នក​ទាំង​ពីរ​មិន​ទាន់​ប្រកួត​បាន​ច្រើន​លើក​ផង តែ​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ដល់​ម្លឹ​ង​ទៅ​ហើយ ចុះ​ទម្រាំ​មានឱកាស​ឡើង​ប្រកួត​គ្នា​បាន​ច្រើន​ជាង​នេះ តើ​នឹង​ល្អ​យ៉ាងណា ។ អ្នក​ទាំង​ពីរ​ក៏​ស្ថិត​ក្នុង​វ័យ​ត្រូវ​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​មឆ្នាំ​២០២៣ នា​ពេល​ខាង​មុខ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ការ​ប្រដាល់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នោះ មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ដល់ទៅ​២​គូ ប៉ុន្តែ​លោក​នៅ​ចាត់​ទុក​ថា ការ​ប្រដាល់​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​នោះ​ទាក់ភ្នែក​មហាជន​ចង់​ចាញ់​ការ​ប្រកួត​របស់​កីឡា​ករ​ទាំង​២​ផង​។ លោក​ថា ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​នោះ អាច​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​រំលេច​ជើង​ថ្មី បន្ទាប់​ពី​ខាង​សង្វៀន​របស់​លោក​បាន​ព្យាយាម​ដាក់​បញ្ចូល​កីឡាករ​ល្អ​ៗ​វ័យក្មេង​ច្រើន ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ជំនាន់​ថ្មី​ឡើង​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ និង​ប្រកួត​ជា​លក្ខណៈ​គូ​ល្អ​ៗ ។

លោក​ថា នេះ​ជា​ការ​លើក​ស្ទួយ​វិស័យ​កីឡា​សម្រាប់​កីឡាករ​ក្មេង​ៗ​កាន់តែ​ប្រសើរ ដោយ​សារ​តែ​កីឡាករ​ថ្មី​លោក​តែង​កត់​សម្គាល់ថា ប្រឹង​ប្រកួត​បាន​ល្អ ។ លោក​បាន​សរសើរ​ចំពោះ​​កីឡាករ ហ៊ឹ​ម គឹ​ម​រៀង ដែល​ប្រកួត​យ៉ាង​ល្អ ដែល​នៅ​ពីក្រោយ​ជោគជ័យ បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​មហាជន ។ លោក​ថា ខ្លួន​ចង់​ដាក់​គូប្រកួត​ក្មេង​ៗ​ឱ្យ​បាន​ច្រើន ប៉ុន្តែ​ពេល​ខ្លះ​កីឡាករ​ទាំងនោះ​ក៏​មិន​គ្រប់គ្រាន់​សម្រាប់​ឱ្យ​លោក​ធ្វើការ​ផ្គូផ្គង​ផង​ដែរ ទើប​ក្នុង​ពេល​ខ្លះ​ក៏​បាន​ដាក់​គូប្រកួត​តែ​កីឡាករ​ល្អ​ៗ ហើយ​មើល​រំលង​កីឡាករ​ថ្មី​ៗ ។

លោក​ថា ឱ្យ​តែ​មាន​កីឡាករ​វ័យក្មេង​ណា​ដែល​ល្អ លោក​រៀបចំ​ដាក់​ភ្លាម ហើយ​លោក​នឹង​សម្រេច​រៀបចំ​ឱ្យ​ប្រកួត​ជា​លក្ខណៈ​គូ​អន្តរជាតិ​នោះ​ផង ប្រសិនបើ​គេ​មាន​បទ​ពិសោធន៍​​គ្រប់គ្រាន់ ហើយ​ហ៊ាន​ឡើង​ប្រកួត ។ លោក​ថា មាន​អ្នក​ទស្សនា​នៅ​តាម​គេហដ្ឋាន​ច្រើន​បាន​សរសើរ​ពី​សមត្ថភាព​របស់​កីឡាករ​ក្មេង​ៗ​ដែល​លោក​បាន​ជ្រើស​រើស ហើយ​បើ​និយាយ​ពី​មន្ត្រី​សហព័ន្ធ​គឺ​តាមដាន​ច្រើន​ជាងគេ​តាម​ក្លិប ដែល​មាន​សិស្ស​ល្អ​ៗ​ផង​ដែរ ទើប​លោក​អាច​ជម្រើស​បាន​កីឡាករ​ល្អ​ៗ​ឱ្យ​ឡើង​ប្រកួត​លើ​រេញ ។

លោក​ថា ការ​ប្រដាល់​នា​ពេល​កន្លង​មក ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​មិន​ដែល​ភ្លេច​ពី​ការ​បញ្ចូល​គ្នា​រវាង​កីឡាករ​ស្រករ​មុន និង​កីឡាករ​ស្រករ​ក្រោយ​នោះ​ទេ គឺ​រមែង​ដាក់​មួយគូ​ៗ​យ៉ាងតិច​ឱ្យ​មហាជន​បានឃើញ​ជានិច្ច ដោយ​គ្រាន់តែ​វត្តមាន​របស់​កីឡាករ​ទាំងនោះ​ហាក់​មិន​សូវ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ស្នេហា​វិស័យ​ប្រដាល់​បាន​ច្រើន ។

លោកបាន​កោតសរសើរ​ចំពោះ​វត្តមាន​របស់​កីឡាករ ហ៊ឹ​ម គឹ​ម​រៀង និង​លី​ន ឃុន​ផែន ដោយ​បាន​ទាំង​ចាត់​ទុក​ថា​កីឡាករ​ទាំង​ពីរ​ប្រើ​អស់​សមត្ថភាព​ធ្វើ​ឱ្យ​លោក​ដែល​ជា​អ្នក​រៀបចំ​ក៏​មាន​កម្លាំងចិត្ត​ក្នុង​ការ​ផ្គូផ្គង និង​ផ្ដល់​ឱកាស​ឱ្យ​សម្រាប់​កម្មវិធី​បន្តបន្ទាប់​នោះ​ផង ។ លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ សម្រាប់​គូប្រកួត​ដែល​ជា​គូ​ពិសេស ឬ​គូ​ឯក​មិន​ប្រាកដ​ថា​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ជាង​គូ​របស់​អ្នក​ទាំង​ពីរ​នោះ​ទេ ដោយ​សារ​តែ​កីឡាករ​ទាំង​ពីរ​ប្រឹងប្រែង​ប្រកួត​បាន​ល្អ​មិន​គួរ​ជឿ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ