ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​2​ឆ្នាំ ភរិយា​ជន​រង​គ្រោះ​តាម​ចាប់​ឃាតករ​សម្លា.ប់​ប្តី​ទាល់តែ​បាន

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បន្ទាប់​ពី​ឃាតករ​ដៃដល់​ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ា​កឡុក​បាញ់ប្រហារ​សម្លាប់​ប្ដី​ចំនួន​១៥​គ្រាប់ យ៉ាង​សុសសាច់​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​វង់​ផឹកស៊ី ក្នុង​ពិធី​ខួបកំណើត​សាច់​ញាតិ​នោះ ទីបំផុត​គំនុំ​ឈាម​នេះ​ត្រូវ​បាន​ស្ត្រី​ជា​ភរិយា​ជន​រងគ្រោះ​ព្យាយាម​តាម​ប្រមាញ់​ទាល់តែ​បាន​ប្រគល់​​ឱ្យ​សមត្ថកិច្ច ។ ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ដែល​ទន្ទឹងរង់ចាំ​យុត្តិធម៌​សម្រាប់​ប្ដី និង​រូប​នាង​ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំងមូល​យ៉ាង​អន្ទះសារ​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក ពេល​នេះ​បាន​ឆ្លើយ​តប​ការ​ឈឺ​ចាប់​របស់​ខ្លួន​ហើយ…

ខេត្តកណ្តាល ៖ បន្ទាប់​ពី​ឃាតករ​ដៃដល់​ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ា​កឡុក​បាញ់ប្រហារ​សម្លាប់​ប្ដី​ចំនួន​១៥​គ្រាប់ យ៉ាង​សុសសាច់​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​នៅ​វង់​ផឹកស៊ី ក្នុង​ពិធី​ខួបកំណើត​សាច់​ញាតិ​នោះ ទីបំផុត​គំនុំ​ឈាម​នេះ​ត្រូវ​បាន​ស្ត្រី​ជា​ភរិយា​ជន​រងគ្រោះ​ព្យាយាម​តាម​ប្រមាញ់​ទាល់តែ​បាន​ប្រគល់​​ឱ្យ​សមត្ថកិច្ច ។ ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ដែល​ទន្ទឹងរង់ចាំ​យុត្តិធម៌​សម្រាប់​ប្ដី និង​រូប​នាង​ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំងមូល​យ៉ាង​អន្ទះសារ​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក ពេល​នេះ​បាន​ឆ្លើយ​តប​ការ​ឈឺ​ចាប់​របស់​ខ្លួន​ហើយ ។

ជន​ដៃដល់​ដែល​មានឱកាស​គេចខ្លួន​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​រហូត​មក ក៏​ដល់​ពេល​អស់លក្ខណ៍ ខណៈ​ពេល​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ស៊ើប​ដឹង​ថា ជន​ជា​ឃាតករ​ដែល​សម្លាប់​ប្ដី​មាន​ប្រពន្ធចុង​ម្នាក់​ទៀត ហើយ​ប្អូន​ខាង​ប្រពន្ធចុង​ម្នាក់​ត្រូវ​រៀប​ការ ទើប​នាង​បាន​តាមដាន​រហូត​ដល់​រោងការ​ហើយ​ក៏​បាន​ចាប់ខ្លួន​ជន​ដៃដល់​ដោយ​ផ្ទាល់​ដៃ នៅ​ក្នុង​រោងការ​ប្អូន​ខាង​ប្រពន្ធចុង​នោះ​រួច​ប្រគល់​ឲ្យ​នគរបាល​តែ​ម្ដង ។ ការ​ចាប់ខ្លួន​ឃាតករ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១ មេ​សា នៅ​ក្នុងភូមិ​ព្រៃ​ក្តួច ឃុំ​គ្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ជន​ជា​ឃាតករ​ដៃ​ឆៅ​កំណាច​រូប​នេះ​ឈ្មោះ ទឹម សារី អាយុ​៣៥​ឆ្នាំ មុខរបរ​ប​ជា​មន្ត្រី នគរបាល​នៅ​នាយកដ្ឋាន​អង្គរក្ស អង្គភាព​អន្តរាគមន៍ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​កាប់​នឹម ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ និង​មាន​ទីលំនៅ​ក្នុងភូមិ​គោក​ពពេល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ជន​នេះ​មាន​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចំនួន​២ ក្នុង​នោះ​មាន​ដីកា​លេខ​៥៧២ ដ​.​ក​.​ច​.​ខ ចុះ​ថ្ងៃ​ទី​១០ ខែសីហា ឆ្ឆ្នាំ​២០១៥ របស់​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល​។ ចំណែក​ដីកា​មួយទៀត​លេខ​២៥៨ ដ​.​ក​.​ច​.​ខ​. ចុះ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ របស់​លោក ផូង វណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល ។

ដីកា​ទាំង​២​នេះ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ប្រព្រឹត្ត​នៅ​ក្នុងភូមិ​គោក​ពពេល ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៥ មិនតែប៉ុណ្ណោះ​នៅ​ក្នុង​ដីកា​បាន​បញ្ជាក់​ថា ជន​នេះ​នឹង​ត្រូវ​ទទួលទោស​អស់​មួយ​ជីវិត​ថែម​ទៀត​ផង ។ ដោយឡែក​បុរស​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ ស្រី វុ​ទ្ធី អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​គោក​ពពេល ស្រុក​អង្គស្នួល​នោះ​ដែរ​ត្រូវ​ឃាតករ​រូប​នេះ​បាញ់​ប្រហារ​រហូត​ដល់​ទៅ​ចំនួន​១៥​គ្រាប់ គឺ​ពេល​បាញ់​១​គ្រាប់​ដួល​ស្លាប់​ហើយ មិន​អស់ចិត្ត​ទេ បាន​បាញ់​ស្រោច​ចំនួន​១៤​គ្រាប់​ទៀត ពិតជា​សាហាវ​បំផុត ដោយ​កាំភ្លើង​ឡុ​ក ។នគរបាល​ស្រុក​អង្គស្នួល​បាន​បញ្ជាក់​ថា ប្រពន្ធ​ឃាតករ​និង​ប្រពន្ធ​របស់​ជន​រង​គ្រោះ ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា ដោយ​ម្ដាយ​ពួក​នាង​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ហើយ​អ្នក​ស្លាប់​និង​ជន​ដៃដល់​គឺ​ត្រូវជា​សាច់ថ្លៃ​នឹង​គ្នា​ដែរ ។

ដោយឡែក ​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៥ ក្នុង​ពិធី​ខួបកំណើត​កូន​សាច់ញាតិ ហើយ​ក៏​មានកម្ម​វិធី​ផឹកស៊ី​ជួបជុំ​គ្នា​ផង​ដែរ ។ ពេល​នោះ​មិន​មានការ​ឈ្លោះប្រកែក​គ្នា​នៅ​ក្នុង​វង់​ផឹកស៊ី​ទេ ប៉ុន្តែ​ជន​រង​គ្រោះ​បាន​និយាយ​បង្អាប់​ឱ្យ​ជន​ដៃដល់​ថា ផឹកស៊ី​មិន​ដែល​ចេញ​លុយ និង​ក្រោកឈរ​ជល់​កែវ​រំលង​ក្បាល​ជន​ដៃដល់ ។ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពិធី​នោះ​បាន​ប្រព្រឹត្ត​ទៅ​រហូត​ដល់​យប់​ជ្រៅ​ស្រវឹង​ធ្លាក់​ភ្នែក​រៀង​ៗ​ខ្លួន ហើយ​ក៏​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ ស្រាប់តែ​ឈ្មោះ ទឹម សារី ដែល​ជា​ឃាតករ​បាន​ក្រោក​ដើរទៅ​ផ្ទះ​បាត់ ។ ចំណែក​ជន​រង​គ្រោះ​បាន​នៅ​ផឹក​បន្ត ។ លុះ​មួយសន្ទុះ​ក្រោយមក ទើប​ឃាតករ​រូប​នេះ​ដើរ​ត្រឡប់​មក​វិញ​កាន់​កាំភ្លើងខ្លី​ម៉ា​កឡុក​មក​ជាមួយ ហើយ​ធ្វើការ​បាញ់ប្រហារ​សម្លាប់​ជន​រង​គ្រោះ​ឥត​ញញើត​ដៃ បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​រួច​បាន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង តាំងពី​ពេល​នោះ​មក ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ជនសង្ស័យ​ម្នាក់​នេះ​សាហាវព្រៃផ្សៃ​ណាស់ ទោះបី​ជន​រង​គ្រោះ​ដួល​ហើយ​ក៏​នៅ​តែ​បាញ់​ស្រោច​មក​លើ​ទៀត គឺ​បាញ់​រហូត​ដល់​អស់​គ្រាប់ ។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ស្រុក និង​កងរាជអាវុធហត្ថ ស្រុក​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ប៉ុន្តែ​រក​ជន​ដៃដល់​មិនឃើញ​ឡើយ ។ ចំណែក​សាលាដំបូង​ខេត្តកណ្ដាល​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ដល់​ទៅ​២​ដីកា ហើយ​គិត​រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៨ មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ ។

ដោយឡែក​ប្រភព​ព័ត៌មាន​មួយទៀត​បាន​និយាយ​ថា ឃាតករ​កំណាច​ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ចាប់​ដោយ​ផ្ទាល់​ដៃ ព្រោះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទន្ទឹង​ចាំ​រក​យុត្តិធម៌​ធ្លាក់​ពីលើ​មេឃ​នេះ​យូរ​មក​ហើយ ហើយ​ពួក​គាត់​ជា​ពិសេស​ប្រពន្ធ​ជន​រង​គ្រោះ បាន​តាមដាន​រក​ឃាតករ​ជាប់​រហូត និង​បានដឹង​ថា​ជន​នោះ​សម្ងំ​លាក់ខ្លួន​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​ដឹង​ថា​ប្អូនប្រុស​ប្រពន្ធចុង​ឃាតករ​រៀប​ការ ទើប​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ និង​បងប្រុស​បាន​នាំ​គ្នា​ចូល​ផ្សារ​ទិញ​រ៉ូ​ប និង​សម្លៀក​បំពាក់​តែងខ្លួន​បន្លំ​ធ្វើ​ជា​ភ្ញៀវ​ចូល​ហូប​ការ ព្រោះ​ដឹង​ថា ជន​ដៃដល់​ប្រាកដជា​មក​ចូលរួម នៅ​ក្នុង​ពិធី​មង្គលការ​មួយ​នេះ​ជា​មិន​ខាន ។

អ្វី​ដែល​ជា​កា​សន្និដ្ឋាន​នោះ​មិន​ខុស​ឡើយ រហូត​ដល់​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ដដែល ទើប​ឃើញ​ឃាតករ​លាក់​មុខ​រូប​នោះ​ចូល​ទៅ​ក្នុង​រោងការ​មែន ។ ពេល​នោះ​ប្រពន្ធ​ជន​រង​គ្រោះ​ស្ទុះ​ចូល​ទៅ​ចាប់ខ្លួន​ឃាតករ​នេះ​តែ​ម្ដង ហើយ​ឃាតករ​ដែល​ភ្លេច​ជង់​នេះ​បាន​ស្រែ​កថា «​ហេតុ​អី​បានជា​មក​ចាប់​ខ្ញុំ​អុ​ី​ចឹ​ង? ការ​សួរ​បែប​នេះ ដោយសារ​តែ​មើល​មិន​ស្គាល់​ស្ត្រី​ដែល​ស្ទុះ​មក​ចាប់ខ្លួន​កណ្តាលចំណោម​មនុស្ស​ម្នា​នោះ ជា​នរណា​ទេ ។ ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឆ្លើយ​តប​វិញ​ថា «​អ្ហែង​បាញ់​សម្លាប់​ប្ដី​អញ​១៥​គ្រាប់​ហើយ ម៉េច​ថា​មិន​ស្គាល់​» ? បន្ទាប់​មក​ក៏​បាន​អាន​ដីកាចាប់ខ្លួន​ឲ្យ​ជន​នោះ​ស្ដាប់​ថែម​ទៀត ។ ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងការ ហើយ​បងប្រុស​ប្រពន្ធ​ជន​រង​គ្រោះ ក៏​បាន​ចូល​ទៅ​ជួយ​ចាប់​ក្រៀក​ជាប់​រួច​បាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​គ្រញូង​ស្រុក​ត្រាំកក់​ជួយ​ចាត់ការ​ទៅ​តាម​នីតិវិធី ។

ក្រោយមក​នគរបាល​ប៉ុស្តិ៍​គ្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ហៅ​ឲ្យ​នគរបាល​ស្រុក​អង្គស្នួល​ទៅ​ទទួលយក​ដើម្បី​ចាត់ការ ។ នគរបាល​ស្រុក​អង្គស្នួល​បាន​ទៅ​យក​ជន​នោះ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​តែ​ម្តង ព្រោះ​នៅ​ក្នុង​ដីកា​គឺ​ជន​នេះ​និង​មានទោស​ជាប់គុក​អស់​មួយ​ជីវិត ។ ដោយ​ខ្លាច​មាន​បញ្ហា​តាម​ផ្លូវ ទើប​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​តែ​ម្ដង មិន​ហ៊ាន​ទុក​យូរ​ទេ ៕ ​

អត្ថបទសរសេរ ដោយ