ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា និង​ភាព​ជា​ដៃគូ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​សណ្ឋាគារ​សុខា​សៀមរាប នា​ថ្ងៃ​ទី​០២ ខែមេសា​នេះ គណៈកម្មការ​ទន្លេមេគង្គ បាន​ចាប់ផ្តើម​បើក​សន្និសីទ​អន្តរជាតិ​ពិនិត្យ​របៀបវារៈ​សំខាន់​ៗ មុន​ដាក់​ជូន​ថ្នាក់ដឹកនាំ​ក្នុង​កិច្ចប្រជុំ​កំពូល​គណកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៤-០៥ ខែមេសា​ខាង​មុខ​នេះ…

ខេត្តសៀមរាប ៖ នៅ​សណ្ឋាគារ​សុខា​សៀមរាប នា​ថ្ងៃ​ទី​០២ ខែមេសា​នេះ គណៈកម្មការ​ទន្លេមេគង្គ បាន​ចាប់ផ្តើម​បើក​សន្និសីទ​អន្តរជាតិ​ពិនិត្យ​របៀបវារៈ​សំខាន់​ៗ មុន​ដាក់​ជូន​ថ្នាក់ដឹកនាំ​ក្នុង​កិច្ចប្រជុំ​កំពូល​គណកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៤-០៥ ខែមេសា​ខាង​មុខ​នេះ ក្រោម​ប្រធានបទ​ស្ដី​ពី «​ការ​លើកកម្ពស់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា និង​ភាព​ជា​ដៃគូ​ឈាន​ទៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព សម្រាប់​តំបន់​អាង​ទន្លេមេគង្គ អន្តរជាតិ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។

ក្រោម​អធិបតីភាព​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក​ហ្វា​ម ទួន ផា​ន នាយក​ប្រតិបត្តិ​គណៈកម្មការ​ទន្លេមេគង្គ ។

លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​បាន​ថ្លែង​ថា សៀមរាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ត្រូវ​បាន​ទទួលស្គាល់​ថា ជាទី​តាំង​នៃ​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត ពី​ជុំវិញ​ពិភពលោក ដែល​ចំនួន​អ្នក​ទេសចរណ៍​មានការ​កើន​ទ្បើ​ង​ជា​រៀង​រាល់​ឆ្នាំ គួរ​កត់សម្គាល់ ។ ក្រៅពី​នេះ​សៀមរាប​អង្គរ​ក៏​ជា​គោលដៅ​នៃ​ទីកន្លែង​សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ ថ្នាក់​តំបន់ និង​អន្តរជាតិ​ដែល​មានការ​កើន​ទ្បើ​ង​ផង​ដែរ ។

លោក​បណ្ឌិត​បាន​ថ្លែង​បន្ត​ថា សៀមរាប គឺជា​ខេត្ត​ធំ​ជាងគេ​លំដាប់​ទី​១០ ក្នុង​ប្រទេស​កម្ពុជា និង​មួយ​ភាគ​ធំ​នៃ​ភាគ​ខាងត្បូង​នៃ​ខេត្ត​នេះ មាន​ព្រំប្រទល់​កំណត់​ដោយ​បឹង​ទន្លេសាប​ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​បឹង​ទឹកសាប​ធំ​ជាងគេ​បំផុត ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​សារសំខាន់​កម្រិត​តំបន់ និង​ប្រព័ន្ធ​-​អេកូ​ទ្បូ​ស៊ី​ប្រកបដោយ​ផលិតភាព​បំផុត​ក្នុង​ពិភពលោក ។ សៀមរាប​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ចំនួន​៩ ដែល​រួម​បង្កើត​នូវ​ឋបនីយ៍​ជីវ មណ្ឌល​បឹង​ទន្លេសាប ដែល​បាន​កំណត់ និង​ទទួលស្គាល់​ដោយ​អង្គការ​យូ​នី​ស្កូ​(UNE-SCO) ក្នុង​ឆ្នាំ​១៩៩៧ ហើយ​ជា​ដី​សើម​ទឹកសាប ដ៏​សំខាន់​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជា​តំបន់​គោលដៅ​អេកូ​ទេស​- ចរណ៍​ដ៏​ទាក់ទាញ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ។

លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧត្តុនិយម និង​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈកម្មការ​ទន្លេមេគង្គ​កម្ពុជា​បាន​បញ្ជាក់​ថា គោលបំណង​សំខាន់​ជាងគេ​បំផុត​របស់​កិច្ចប្រជុំ​កំពូល​គណកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៤-០៥ ខែមេសា​ខាង​មុខ​នេះ គឺជា​ការ​ពង្រឹង កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា និង​ភាព​ជា​ដៃគូ ដើម្បី​ការ​គ្រប់គ្រង អភិវឌ្ឍ​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ដទៃ​ទៀត ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព ហើយ​រំពឹង​ថា កិច្ចប្រជុំ​លើក​ទី​៣ នៅ​កម្ពុជា​នេះ​នឹង​នាំ​ឱ្យ​មានការ​ដាក់​ចេញ នូវ​ការ​ទទួលខុសត្រូវ​រួម​របស់​ប្រទេស​ជា​សមាជិក ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ស្ថានភាព និង​ធនធាន របស់​តំបន់​អាង​ទន្លេមេគង្គ​នា​ពេល​អនាគត​ខាង​មុខ​នោះ​ផង​ដែរ ។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣​នេះ បាន​ប្រជុំ​បន្ត​ពី​កិច្ចប្រជុំ​កំពូល​ចំនួន​ពីរ​លើក​កន្លង​មក ដែល​កិច្ចប្រជុំ​កំពូល​លើក​ទី​១ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ឆ្នាំ​២០១០ នៃ​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ខេត្ត​ហួ​ហ៊ី​ន និង​កិច្ចប្រជុំ​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៤ នៅ​ប្រទេស​វៀតណាម ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ គណៈកម្មការ​ទន្លេមេគង្គ គឺជា​ស្ថាប័ន​អន្តររដ្ឋាភិបាល ដែល​មាន​តួនាទី​ជំរុញ​លើកកម្ពស់​កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់​ក្នុង​អាង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​ផ្អែក​ទៅ​តាម​កិច្ចព្រមព្រៀង ទន្លេមេគង្គ​រវាង​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ហើយ​ស្ថាប័ន​នេះ​បំពេញ​តួនាទី ជា​វេទិកា​ថ្នាក់​តំបន់ សម្រាប់​ការទូត​ផ្នែក​ទឹក ក៏​ដូច​ជា​មជ្ឈមណ្ឌល​ចំណេះដឹង ស្ដី​ពី​ការ​គ្រប់គ្រង​ធនធានទឹក ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​តំបន់ ។ ព្រឹត្តិការណ៍​នៃ​កិច្ចប្រជុំ​កំពូល​គណកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ នឹង​មានការ​ចូលរួម​ពី​នាយក​រដ្ឋមន្ត្រី​ទាំង​បួន​(​ប្រទេស​កម្ពុជា ឡាវ ថៃ និង វៀតណាម​)​ព្រមទាំង​តំណាង​ជាន់ខ្ពស់​មក​ពី​ប្រទេស​ចិន និង​ភូមា ដែល​ជា​ដៃគូ​សន្ទនា​របស់​គណៈកម្មការ​ទន្លេមេគង្គ ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បឹង​ទន្លេសាប ត្រូវ​បាន​ទទួល​ជាស​កល​ថា សម្បូរ​ទៅ​ដោយ​ធនធាន​ជលផល និង​ជីវៈចម្រុះ និង​ដើរតួ​នាទី​យ៉ាង​សំខាន់​លើ​ផ្នែក​បរិស្ថាន សង្គម សេដ្ឋកិច្ច និង​ផ្នែក​វប្បធម៌​សម្រាប់​ប្រទេស​កម្ពុជា​និង​ក្នុង​តំបន់ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ទ្បើ​ង នូវ​អាជ្ញាធរ​ទន្លេសាប​ដែល​មាន​បេសកកម្ម គឺ​ដើម្បី​ជម្រុញ​ការ​សម្របសម្រួល​សម្រាប់​ការ​គ្រប់​គ្រង់ ការ​អភិវឌ្ឍន៍ និង​ការ​អភិរក្ស​ប្រកបដោយ​ចីរភាព​នៃ​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​ត្រូវ​រួម​គ្នា​ធ្វើការ​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត​ដើម្បី ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​អភិរក្ស​ធនធាន​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ