ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​រឿង​​ក្តី​ប្រល័យ​ស្រី​កំណាន់​​ដ៏កក្រើក​ក្នុង​​​​ខេត្តតា​​កែវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​អភិបាល​ខេត្តតាកែវ​លោក ឡាយ វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ឡើង​តុលាការ​កាលពី​រសៀល​ថ្ងៃ​២ មេ​សា ក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​អាថ៌​កំបាំង​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា…

រាជធានី​ភ្នំពេញ ៖ អតីត​អភិបាល​ខេត្តតាកែវ​លោក ឡាយ វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ឡើង​តុលាការ​កាលពី​រសៀល​ថ្ងៃ​២ មេ​សា ក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​អាថ៌​កំបាំង​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ជា​ស្ត្រី​មេ​ម៉ាយ​​រូប​ស្រស់​ម្នាក់ ។

ការ​ឃាត់ខ្លួន​លោក ឡាយ វណ្ណៈ នេះ​ ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​លោក សៀង សុខ ព្រះ​រាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​១ មេ​សា ជា​​ថ្ងៃ​ដែល​ត្រូវ​បាន​នគរបាល​នាយក​ដ្ឋាន​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ បាន​ឃាត់ខ្លួន​លោក​នាំ​មក​ពី​ខេត្តតាកែវ ។ លោក ឡាយ វណ្ណៈ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​នៅ​ត្រង់​ចំណុច​មុខ​វិទ្យាល័យ ជា ស៊ី​ម ស្ថិត​ក្នុង​សង្កាត់​រការ​ ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ ខណៈ​ពេល​លោក​កំពុង​ចាក​ចេញពី​កន្លែង​ប្រារព្ធ​ពិធី​ផ្ទេរតំណែង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តតាកែវ ដាក់​ជំនួស​ដោយ​លោក អ៊ូច ភា ដែល​ទើបតែ​ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​ថ្មី ។

ព្រះរាជអាជ្ញា​រង សៀង សុខ បាន​បញ្ជា​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​នាំ​ខ្លួន​ លោក ឡាយ វណ្ណៈ ទៅ​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌនៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ឃាត​កម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។ ការ​នាំ​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​នេះ​ គឺ​ក្នុង​ខណៈ​ពេល​ដែល​ជនជាប់ចោទ​ ក្នុង​សំណុំរឿង​នេះ​៥​នាក់​ទៀត​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង និង​ចៅក្រម​បាន​សាកសួរ​២​ថ្ងៃ​មក​ហើយ​ផង​ដែរ និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ដែល​លោក ឡាយ វណ្ណៈ ត្រូវ​នាំ​ខ្លួន​មក​សាកសួរ​បន្ត​នៅ​តុលាការ ។

សូម​​បញ្ជាក់​ថា អ្នក​មេម៉ាយ​រូប​ស្រស់ ចេ​វ សុ​វ​ឌ្ឍ​នា វ័យ​៣៦​ឆ្នាំ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង.ក​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ មក​រា កន្លង​ទៅ​នៅ​វីឡា​ជួល​ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ ។ ប៉ុន្តែ​ការ​ស៊ើបអង្កេត​ក្រោយ​ៗ​មក​ទៀត​ របស់​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ធ្វើឃាត​ មិនមែន​សម្លាប់​ខ្លួនឯង​ឡើយ ។

យ៉ាងណា​ក៏​ដោយ​ លោក ឡាយ វណ្ណៈ អតីតអភិបាល​ខេត្តតាកែវ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ថ្ងៃ មុន​ពេល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​សរសេរ​ថា លោក​គ្មាន​ចិត្ត​បាប​ព្រៃផ្សៃ​រហូត​លើកដៃ​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដែល​ជា​ស្រី​កំណាន់​របស់​លោក​ឡើយ ។  បើ​តាម​សា​រលើ​បណ្ដាញ​សង្គម​ដដែល លោក ឡាយ វណ្ណៈ បាន​សារភាព​ថា លោក​ពិតជា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នាមែន​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ ។ ប៉ុន្តែ​ក្រោយ​ពេល​ភរិយា​លោក​បានដឹង​​ពី​ទំនាក់ទំនង​នេះ ​លោក​បាន​សុំ​ផ្ដាច់ទំ​នាក់​ទំនង​​ជាមួយ​នាង ចេ​វ សុ​វ​ឌ្ឍ​នា ធ្វើ​ឱ្យ​នាង​គិត​ខ្លី​រហូត​ប៉ង​ធ្វើ​អត្តឃាត ។ នៅ​ក្នុង​សំណុំរឿង​ឃាតកម្ម​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ផ្សេង​ទៀត​ ដើម្បី​ធ្វើការ​សាកសួរ​ដែល​ ក្នុង​នោះ​រួម​មាន​បងប្រុស​លោកឡាយ វណ្ណៈ គឺ​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​ខេត្តតាកែវ​ម្នាក់​ផង​ដែរ ។

 

អត្ថបទសរសេរ ដោយ