ខេត្តកំពង់ចាម ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឧប្បដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តមនីរតនារាម ហៅវត្តស្វាយព័ន្ធ ស្ថិតក្នុងភូមិស្វាយព័ន្ធទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០១ ខែមេសា នេះ លោក ហ៊ុន ម៉ាណែត ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវទៅកាន់ប្រជាពលរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ចរាចរ និងគ្រោះអគ្គិភ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងឆាប់ៗនេះ ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា តម្លៃនៃនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងនៅប្រទេសកម្ពុជា និងបានធ្វើការបង្រួបបង្រួមជាតិឡើងវិញដោយជោគជ័យ ដែលផ្ដោតលើចំណុចសំខាន់ៗចំនួន៣ គឺទី១.ធានាការពារអាយុជីវិតប្រជាពលរដ្ឋក្នុងពេលធ្វើសមាហរណកម្ម ទី២.រក្សាអាជីព និងមុខរបបប្រជាពលរដ្ឋឲ្យនៅដដែល និងទី៣.រក្សានូវកម្មសិទ្ធរួមទាំងទ្រព្យសម្បត្តិទាំងឡាយរបស់បងប្អូនប្រជាពលរដ្ឋ ដោយគ្មានការរឹបអូស ព្រមទាំងការរស់នៅ និងប្រកបការងារជាធម្មតានៅទីតាំងនោះ ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យ និងគ្រោះថ្នាក់ចរាចរកើតឡើង ។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអះអាងថា វត្តមុនីរតនារាម ហៅវត្តស្វាយព័ន្ធ នេះ បានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ១៩៤២ នៅក្នុងរបបខ្មែរក្រហមបានគ្រប់គ្រងប្រទេស និងបំផ្លិចបំផ្លាញខ្ទេចខ្ទីនូវសមិទ្ធផលក្នុងវត្ត តែក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ទីវត្តអារាមនេះត្រូវបានចាប់ផ្ដើមកសាងឡើងវិញរហូតមកដល់ពេលនេះតែម្តង ៕
ចែករំលែកព័តមាននេះ