ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង គង់ ថា ​ខ្លួន​ដណ្ដើម​បាន​កៅអី​8​នាក់​ដោយ​ចៃដន្យ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួតជម្រុះ​ក្នុង​វគ្គ​២​ទម្លាក់​ពី​ជើង​ខ្លាំង​១៦​នាក់​យក៨​នាក់ បាន​ដំណើរការ​ចប់ស​ប្ដា​ហ៍​ទី​៤​ហើយ កាលពី​ថ្ងៃ​ទី​៣១ មីនា មុន​នេះ ដោយ​កីឡាករ​ដែល​ឈ្នះ​ក្នុង​វគ្គ​១៦​នាក់​ចំនួន​៤​រូប​បាន​ឡើង​ប្រកួត​ជម្រុះ​គ្នា​បន្ត​ទៀត ។ យ៉ាងណាមិញ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រកួតជម្រុះ​ក្នុង​វគ្គ​២​ទម្លាក់​ពី​ជើង​ខ្លាំង​១៦​នាក់​យក៨​នាក់ បាន​ដំណើរការ​ចប់ស​ប្ដា​ហ៍​ទី​៤​ហើយ កាលពី​ថ្ងៃ​ទី​៣១ មីនា មុន​នេះ ដោយ​កីឡាករ​ដែល​ឈ្នះ​ក្នុង​វគ្គ​១៦​នាក់​ចំនួន​៤​រូប​បាន​ឡើង​ប្រកួត​ជម្រុះ​គ្នា​បន្ត​ទៀត ។ យ៉ាងណាមិញ សម្រាប់​កីឡាករ​បង្គោល​ក្រហម សង គង់ ដែល​ដណ្ដើម​បាន​កៅអី​៨​នាក់​ដើម្បី​ទៅ​ប្រកួត​នៅ​ក្នុង​វគ្គ​បន្ត​នោះ ត្រូវ​បាន​គេ​ដឹង​ថា​បាន​ឈ្នះ​គូប្រកួត​យ៉ាង​មាន​កិត្តិយស តែ​លោក​បែរជា​ប្រកាស​ថា​គឺជា​រឿង​ចៃដន្យ និង​មិន​នឹក​ស្មាន​ដល់ បើ​ទោះជា​កីឡាករ​រូប​នេះ បាន​អះអាង​ថា​ខ្លួន​ឡើង​អង្គុយ​កៅអី​លេខ​រៀង​ទី​៧​នោះ​ទាំង​លំបាក​មិន​ងាយស្រួល​។

យោង​តាម​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង កីឡាករ​វ័យក្មេង​ជើង​ខ្លាំង សង គង់ បាន​ទម្លាក់​គូប្រកួត​ឱ្យ​ធ្លាក់​ហាលអាវ​គួរ​ឱ្យ​ភ្ញាក់ផ្អើល នៅ​ក្នុង​រូបភាព​ឈ្នះ​ដោយ​កិត្តិយស ដែល​ខុស​ពី​ការ​ប្រកួត​បង្គ្រប់កិច្ច​របស់ យុគ យក្ស​ផ្លែ កាលពី​ស​ប្ដា​ហ៍​មុន ។ កាលពី​អាទិត្យ​មុន គណៈកម្មការ​បាន​ប្រកាស​រួច​ជា​ស្រេច​ថា យុគ យក្ស​ផ្លែ នឹង​ឈ្នះ​ដោយ​មិន​ចាំបាច់​ត្រួតពិនិត្យ​លទ្ធផល តែ​តម្រូវ​ឱ្យ​អ្នក​ទាំង​ពីរ​នៅ​តែ​ប្រកួត​គ្នា​ដដែល ដើម្បី​កុំឱ្យ​ខូច​ម៉ោង​ដែល​ត្រូវ​ដាក់​ផ្សាយ​បន្ត​ផ្ទាល់ ដោយសារ​តែ​កីឡាករ នឹម ន​ន ជា​គូប្រកួត​មិន​ថែរក្សា​​ខ្លួន ហើយ​បណ្ដោយ​ឱ្យ​លើស​គីឡូ​ដែល​បាន​កំណត់​រហូត​ដល់​ជិត​៥​គីឡូ ដែល​ធ្វើ​ឱ្យ​កីឡាករ​នឹម ន​ន ត្រូវ​បាន​គណៈកម្មការ​ប្រកាស​មិន​ឱ្យ​ឈ្នះ​ទៅ​វគ្គ​បន្ត បើ​ទោះជា​គេ​អាច​មាន​សមត្ថភាព​ធ្វើ​ឱ្យ​យុគ យក្ស​ផ្លែ បរាជ័យ​ក្តី​។

ការ​ប្រកួត​នា​គ្រានោះ មានការ​កត់​សម្គាល់ថា​ការ​បរាជ័យ​របស់ នឹម ន​ន គឺជា​ការ​បរាជ័យ​មួយ​ដែល​ខុស​ប្លែក​ពី​គេ ចាប់តាំងពី​ការ​ប្រកួត​មួយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្ដិ៍​លេខ​៥ ប៉ុន្តែ​ម្នាក់​ៗ​ក៏​ស្ដាយ​កីឡាករ​នឹម ន​ន ផង​ដែរ ដែល​គេ​គឺជា​កីឡាករ​ល្អ បែរជា​បណ្ដោយ​ខ្លួន​​ឱ្យ​ឡើង​ទម្ងន់​លើស​ពី​គីឡូ​៥៧​ដែល​បាន​កំណត់​ដោយ​ក្រុម​អ្នកបច្ចេកទេស ។ អ្នក​ទាំង​ពីរ ប្រកួត​គ្នា​នៅ​ក្នុង​ថ្ងៃ​នោះ បើ​គ្មាន​ការ​ប្រកាស​ជា​មុន​ថា​នឹង​ឱ្យ​កីឡាករ យុគ យក្ស​ផ្លែ ទទួល​បាន​ជ័យជម្នះ​ដោយ​ស្វ័យប្រវត្តិ គឺ​មិន​មាន​អ្នក​ណា​ស្មានថា​កីឡាក​រូប​នេះ នឹង​ឈ្នះ​ដោយ​ស្រួល​នោះ​ទេ ដោយសារ​តែ​គូប្រកួត​របស់​គេ​ក៏​មិនធម្មតា​តាំងពី​ក្នុង​វគ្គ​៣២​នាក់ ឡើង​មក​កាន់​កៅអី​១៦​នាក់ ។

គាប់​ជួន​ជា​យុគ យក្ស​ផ្លែ ក៏​ប្រកួត​ធ្លាក់ដៃ​សម្រាប់​ការ​ប្រកួត​នា​ពេល​កន្លង​មក​ផង ទើប​កាន់តែ​គ្មាន​អ្នក​ជឿ​ថា​គេ​ធ្វើ​បាន​សម្រាប់​ការ​ប្រកួត​ដ៏​តឹងតែង​នោះ ។ ជាង​ពាក់កណ្ដាល​អ្នក​ទៅ​ទស្សនា​ដោយ​ផ្ទាល់ សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល​ក្រោយ​ពី​មានការ​ប្រកាស​នៅ​ត្រង់​ចំណុច​នោះ ហើយ​ម្នាក់​ៗ​ក៏​មាន​អារម្មណ៍​សោកស្ដាយ​មិន​តិច​ដែរ បន្ទាប់​ពី​កីឡាករ​ល្អ​ម្នាក់ បែរជា​ត្រូវ​ប្រកាស​ថា​ចាញ់​ដោយ​ស្វ័យប្រវត្តិ ព្រោះតែ​ហេតុផល​ដែល​គេ​មិន​ចេះ​រក្សា​ទម្ងន់​ខ្លួន​របស់​គេ​ឱ្យ​ត្រូវ​នឹង​កម្មវិធី​ដែល​បាន​កំណត់ ដើម្បី​ឱ្យ​បានដឹង​ថា បើ​ការ​ប្រកួត​មួយ​នេះ​មិន​ខុស​ពី​លក្ខន្តិកៈ តើ​នឹង​ល្អមើល​កម្រិត​ណា? គ្រប់​គ្នា​សុទ្ធតែ​មានការ​លើក​ឡើង​ថា កីឡាករ យុគ យក្ស​ផ្លែ មានឱកាស​បាន​ឈ្នះ​ការ​ប្រកួត​ដោយ​ស្រួល គឺ​ព្រោះតែ​គេ​សំណាង​បាន​ប៉ះ​កីឡាករ​ជា​គូប្រកួត មិន​គោរព​តាម​អ្វី​ដែល​បាន​គ្រោងទុក​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឱ្យ​ប្រកួត​ត្រឹមត្រូវ​គឺ​មិន​អាច​នោះ​ទេ គឺ​ពិតជា​កីឡាករ​ម្ខាង​ទៀត​ប្រឹង​វាយ​ខ្ចប់​ៗ​ជា​មិន​ខាន​នោះ​ទេ ថ្វី​ដ្បិតថា​កីឡាករ​យុគ យក្ស​ផ្លែ ធ្លាប់​មានបទពិសោធន៍​ប្រកួត​បាន​ច្រើន​ជាង​យ៉ាងណា​ក៏​ដោយ ។

ងាក​មក​មើល​លទ្ធផល​កីឡាករ សង គង់ គេ​ទទួល​បាន​ជ័យជម្នះ​មិន​ដូច​គ្នា​ទេ ដោយ​សារ​​តែ​គេ​ប្រឹង​ប្រកួត​ខ្លាំង​ណាស់​ទម្រាំ​អាច​ផ្ដួល​កីឡាករ​ផា​ន់ ពិសិដ្ឋ ដែល​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង និង​ជា​អ្នក​ឈ្នះ​ក្នុង​វគ្គ​១៦​នាក់​ឱ្យ​បរាជ័យ​បាន​។ ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ ម្នាក់​ៗ​និយាយ​ថា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ក៏​ធ្វើ​ឱ្យ​អ្នក​ទស្សនា​បុក​ពោះ​ពិបាក​ប៉ាន់ស្មាន​ដឹង​ពី​លទ្ធផល​ផង​ដែរ ដោយសារ​តែ​ម្នាក់​ៗ​សុទ្ធតែ​ប្រឹង​រៀងខ្លួន ហើយ​ជា​ពិសេស ផា​ន់ ពិសិដ្ឋ ក៏​ជំហរ​រឹង ។ ការ​ប្រកួត​មួយ​នេះ នៅ​ទឹក​ទី​២ កាន់តែ​ធ្វើ​ឱ្យ​ម្នាក់​ៗ​កញ្ជ្រោល និង​មានការ​ចាប់អារម្មណ៍ ដោយសារ​តែ​កីឡាករ ផា​ន់ ពិសិដ្ឋ ត្រូវ​បាន​ភាគី​ម្ខាង​ទៀត​វាយ​ត្រូវខ្ចប់​ៗ ហើយ​ហាក់ដូចជា​ស៊យ​មួយ​ពេល​ក្នុង​ពេល​ដែល​គេ​ចេញ​ស្ដាំ​ក៏​ខុស​ចេញ​ឆ្វេង​ក៏​ខុស ហើយ​ភ្លាត់​ឱ្យ​កីឡាករ សង គង់ មាន​ប្រៀប​ល្អ​ជាង ។

កីឡាករ​រូប​នេះ ក្រោយ​ពី​ប្រកាស​ថា​ឈ្នះ​ពិន្ទុ បាន​ធ្វើ​ឱ្យ​គេ​ត្រេកអរ​យ៉ាង​ខ្លាំង ហើយ​អ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​កីឡាករ​ប្រាប់​ថា​ជា​រឿង​មិន​នឹក​ស្មាន​ដល់ ។ ពេញ​រយៈពេល​៣​ទឹក ដ្បិតថា​កីឡាករ សង គង់ មិន​បាន​ឈ្នះ​ដាច់ ប៉ុន្តែ​គេ​ក៏​មានឱកាស​វាយ​ត្រូវ​បាន​ច្រើន​មិនធម្មតា​ផង​ដែរ សម្រាប់​ការ​ប្រកួត​ទាំងមូល ដោយ​អ្នក​ទស្សនា​ក៏​មើលឃើញ​ដូច​គ្នា​ថា​នោះ​ជា​រឿង​សំណាង​ដោយសារ​តែ​ភ្លាត់​វាយ​ត្រូវ​ភាគី​ម្ខាង​ទៀត បណ្ដាល​ឱ្យ​គេ​បាក់​ជំហរ​ហើយ​ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ កាន់តែ​មានឱកាស​បន្ថែម​ទៀត​។

កីឡាករ សង គង់ និយាយ​ថា លោក​មិន​នឹក​ស្មានថា​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ ទទួល​បាន​ជោគជ័យ​សម្រាប់​ខ្លួន​ទេ ដោយសារ​តែ​លោក​ក្នុង​ពេល​ឡើង​ប្រកួត​គឺ​មិន​មាន​ទំនុកចិត្ត​តែ​ម្ដង នៅ​ពេល​ប៉ះ​ជាមួយ​កីឡាករ ផា​ន់ ពិសិដ្ឋ ជា​ជើង​ខ្លាំង ។ លោក​ថា ក្នុង​ពេល​បើក​ប្រកួត​នោះ លោក​គ្រាន់តែ​មាន​អារម្មណ៍​ថា​ចេះ​តែ​វាយ​ៗ​ទៅ ហើយ​អត់​ដឹង​ថា​ខ្លួន​នឹង​ឈ្នះ​នោះ​ទេ ដោយសារ​តែ​លោក​មិន​ចេះ​មើល​ពី​ការ​ផ្ដល់​ពិន្ទុ ហើយ​ការ​ប្រកួត​ទៀត​សោត ក៏​វាយ​ឱ្យ​តែ​បាន​ច្រើន ដោយ​គ្រាន់តែ​ចង​ចាំ​ត្រូវ​វាយ​ឱ្យ​បាន​ច្រើន គឺ​ទោះជា​ត្រូវ​ចំ​កន្លែង​ណា​ក៏​មិន​សំខាន់ សំខាន់​គឺ​វាយ​បាន​ច្រើន ហើយ​កុំឱ្យ​គូប្រកួត​វាយ​ត្រូវ​មក​វិញ​ធ្វើ​ឱ្យ​ខ្លួន​ពិបាក ។ លោក​ថា សប្បាយចិត្ត​ដែល​បាន​ទទួល​ជ័យជម្នះ ហើយ​លោក​នឹង​ប្រឹង​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន​ទៀត ដោយ​មិន​បណ្ដោយ​ឱ្យ​ឱកាស​ដែល​បាន​ឈាន​ឡើង​នឹង​បរាជ័យ​ដោយ​ភាព​អាម៉ាស់​នោះ​ទេ បើ​ទោះជា​លោក​មិន​ទាន់​ច្បាស់​នឹង​អាច​ឆ្លង​ផុត​ក្នុង​វគ្គ​ថ្មី​ទៀត គឺ​ជម្រុះ​យក​៤​នាក់​នោះ​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ និយាយ​ថា ការ​ប្រកួត​ទាំងមូល​មិន​អាច​កំណត់​ថា​អ្នក​ធ្លាប់​ខ្លាំង​ធ្លាប់​ល្បី នឹង​ឈ្នះ​នោះ​ទេ ដោយសារ​ទ្រឹស្ដី​កីឡា​គឺ​អ្នក​ណា​លឿន​ជាង រហ័ស​ជាង និង​ខ្ពស់​ជាង​គឺ​ឈ្នះ ។ បើ​ទោះជា​កីឡាករ សង គង់ បាន​អះអាង​ថា​ខ្លួន​បាន​ឈ្នះ​ដោយ​មិន​មាន​ទំនុកចិត្ត ប៉ុន្តែ​លោក​នៅ​តែ​អះអាង​ថា គេ​ប្រកួត​ដោយ​សមត្ថភាព​ហើយ​មាន​បច្ចេកទេស​ល្អ​នៅ​ក្នុង​ថ្ងៃ​នោះ ។ លោក​ថា កីឡាករ​ទាំងអស់​នឹង​កាន់តែ​បញ្ចេញ​សមត្ថ​ភាព​បាន​ល្អ​ខ្លាំង​ឡើង​ចាប់ពី​វគ្គ​នេះ​ទៅ ដោយ​សារ​តែ​ការ​ប្រកួត​សុទ្ធតែ​មិន​មាន​អ្នក​ចង់​ចាញ់ អ៊ីចឹង​ហើយ​ទើប​លោក​ប្រកាស​ឱ្យ​កីឡាករ​ល្បី
ឈ្មោះ​ដែល​មើល​ស្រាល​ការ​ប្រកួត​ត្រូវ​ប្រឹង​ប្រែង​ហ្វឹកហាត់​ជា​ថ្មី ដើម្បី​កុំឱ្យ​ធ្លាក់​ហាល​អាវ​​ខ្មាស​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ