ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៧ ទឹកប្រាក់​វិនិយោគ​របស់ចិន​ចូល​មក​កម្ពុជា​កើនឡើង​គំហុក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា ទុន​វិនិយោគ​របស់​ចិន​ចូល​មក​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ​ជាង​១៤​ប៊ី​លាន​ដុល្លារ កើនឡើង​២៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា ចិន​-​អាស៊ាន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា ទុន​វិនិយោគ​របស់​ចិន​ចូល​មក​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ​ជាង​១៤​ប៊ី​លាន​ដុល្លារ កើនឡើង​២៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។
ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា ចិន​-​អាស៊ាន កាលពី​ថ្ងៃ​ទី​៣០ មីនា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ លោក ឈួ​ន ដា​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ៖« ប្រទេស​ចិន​បាន​ឈរ​លំដាប់​លេខ​រៀង​ទី​១ នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ ជាមួយ​ទំហំ​ទឹកប្រាក់​វិនិយោគ​មាន​ចំនួន​ប្រមាណ​១៤,៣​ប៊ី​លាន​ដុល្លារ ឬ​ស្មើ​២៧%​នៃ​ទឹកប្រាក់​វិនិយោគ​ពី​បរទេស​សរុប ។

ចំនួន​នេះ​បាន​កើនឡើង​ស្ទើរ​ពាក់កណ្ដាល​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹមតែ​៧៤៨​លាន​ដុល្លារ​អា​មេ ​រិ​ក​​ប៉ុណ្ណោះ » ។

លោក​រដ្ឋលេខាធិការ​បន្ត​ថា ៖« កំណើន​វិនិយោគ​របស់​ចិន បាន​សម្រួល​ដល់​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​ការងារ​សម្រាប់​ប្រជាជន និង​កំណើនសេដ្ឋកិច្ច ដោយសារ​គម្រោង​ចិន​ភាគច្រើន ផ្តោត​សំខាន់​លើ​វិស័យ​សំណង់ កសិកម្ម ថាមពល ឧស្សាហកម្ម​កាត់ដេរ ធនាគារ និង​ហិរញ្ញវត្ថុ ទូរគមនាគមន៍ និង​ទេសចរណ៍ ដែល​ជា​សសរស្តម្ភ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច » ។

បើ​តាម​លោក​រដ្ឋលេខាធិការ ក្រៅពី​កំណើន​ទឹកប្រាក់​វិនិយោគ ស្ថានភាព​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៧ មាន​វឌ្ឍន​ភាពល្អ​ប្រសើរ ដែល​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ដល់​៥.៧៩០​លាន​ដុល្លារ ពោល​គឺ​បាន​កើនឡើង​២១,៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ ទន្ទឹម​គ្នា​នេះ ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​ចូល​មក​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​១២១​ម៉ឺន​នាក់ គឺ​បាន​កើនឡើង​ជិត​៤៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ដូច​គ្នា ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១ មេ​សា ម្សិលមិញ​ថា ៖« ចិន​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន គាត់​ត្រូវការ​ផ្គត់ផ្គង់​ផលិតផល​ច្រើន​ទៅ​លើ​វិស័យ​កសិកម្ម ។ អីចឹង​កម្ពុជា​ក្លាយជា​ប្រទេស​មាន​សក្តានុពល​ក្នុង​ការ​ផ្គត់ផ្គង់​កសិកម្ម​ទាំងអស់​ទៅ​ប្រទេស​ចិន ជា​ហេតុ​ធ្វើ​ឱ្យ​វិនិយោគិន​ចិន​ច្រើន​សម្លឹង​ឃើញ​កម្ពុជា » ។

បើ​តាម​លោក ង៉ែត ជូ ប្រទេស​ចិន​ក្រៅពី​មើលឃើញ​កម្ពុជា​មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម គឺ​នៅ​មើលឃើញ​ផល​ចំណេញ​ពី​វិស័យ​អចលនទ្រព្យ និង​សំណង់ រួម​ជាមួយនឹង​យុទ្ធសាស្ត្រ​ផ្លូវ​១ ខ្សែក្រវាត់​១ ថែម​ទៀត ។
លោក​បន្ត​ថា ៖« អ្នក​វិនិយោគ​របស់​ចិន គាត់​នៅ​មើលឃើញ​ការ​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ក្នុង​រយៈពេល​ខ្លី​ទៅ​លើ​ផ្នែក​អចលនទ្រព្យ និង​សំណង់ រួម​នឹង​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ ផ្លូវ​១ ខ្សែក្រវាត់​១ ថែម​ទៀត​ផង » ។
លោក​លើក​ឡើង​ថា ៖« ជា​ទូទៅ ការ​ធ្វើ​ជំនួញ​របស់​ចិន ហាក់​មាន​លក្ខណៈ​ផ្លូវ​កាត់​ច្រើន មាន​ន័យ​ថា គាត់​អត់​សូវ​មាន​ក្បួនខ្នាត​អី ទាមទារ​មាន​ភាព​ច្បាស់លាស់ ឬ​សិក្សា​ស៊ីជម្រៅ​នោះ​ទេ ។ ចិន​គេ​អាច​ធ្វើ​បាន គេ​ធ្វើ អីចឹង ប្រទេស​ផ្សេង​ៗ​ទៀត​ដូច​ជា ពួក​អឺរ៉ុប ឬ​ប្រទេស​ផ្សេង​ទៀត​ដែល​វិនិយោគ​ត្រូវការ​សិក្សា​ច្បាស់លាស់ ដែល​ពិបាក​ប្រកួតប្រជែង​ជាមួយ​ចិន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ