ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB៖ សេដ្ឋកិច្ច​ប្រទេស​មហា​អនុ​តំបន់​មេគង្គ​រីក​ចម្រើន​ជាង​នៅ​អាស៊ី និង​ពិភពលោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា​ADB បាន​ធ្វើការ​វាយតម្លៃ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ក្នុង​ឱកាស​ខួប​២៥​ឆ្នាំ នៃ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​វៀតណាម ថា សេដ្ឋកិច្ច​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ​ទាំង​៦ បច្ចុប្បន្ន​នេះ មានការ​រីក​ចម្រើន​ជាង​ប្រទេស​នៅ​អាស៊ី…

រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា​ADB បាន​ធ្វើការ​វាយតម្លៃ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​ក្នុង​ឱកាស​ខួប​២៥​ឆ្នាំ នៃ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​វៀតណាម ថា សេដ្ឋកិច្ច​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ​ទាំង​៦ បច្ចុប្បន្ន​នេះ មានការ​រីក​ចម្រើន​ជាង​ប្រទេស​នៅ​អាស៊ី និង​ពិភពលោក តាម​រយៈ​ការ​ទទួលស្គាល់​ពី​អត្ថប្រយោជន៍​សមាហរណកម្ម​តំបន់ និង​ពិភពលោក ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ADB កាលពី​ថ្ងៃ​ទី​៣១ មីនា ដែល​បាន​សម្រង់​សម្ដី​លោក Takehiko Nakao ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី មាន​ប្រសាសន៍​ថា ៖«​បច្ចុប្បន្ន​នេះ ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ គឺជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ឆាប់រហ័ស​ជាងគេ​នៅ​អាស៊ី និង​ក្នុង​ពិភពលោក ។ ប្រទេស​ទាំងនេះ​ទទួលស្គាល់​ពី​អត្ថប្រយោជន៍​នៃ​សមាហរណកម្ម​ថ្នាក់​តំបន់ និង​កា​រត​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ទៀត​ក្នុង​សកលលោក​ទាំងមូល » ។

លោក​លើក​ឡើង​ថា ADB នឹង​បន្ត​សម្របសម្រួល​កម្មវិធី​GMS​នេះ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​អក្សរ​C​បី ដែល​តំណាង​ឱ្យ​កា​រត​ភ្ជាប់​ទំនាក់ទំនង (connectivity), ភាព​ប្រកួតប្រជែង (competitiveness) និង​សហគមន៍ (community) ។ កម្មវិធី GMS បាន​គាំទ្រ​ដល់​គម្រោង​ជា​ច្រើន​ដែល​មាន​តម្លៃ​ស្មើនឹង​២១​ពាន់​លាន​ដុល្លារ ចាប់តាំងពី​កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩២ មក​ក្នុង​វិស័យ​ផ្សេង​ៗ ដូច​ជា គមនាគមន៍ ទេសចរណ៍ សុខាភិបាល ការ​អភិវឌ្ឍ​ទីក្រុង បរិស្ថាន ការ​អភិវឌ្ឍ​ធនធានមនុស្ស កសិកម្ម និង​ថាមពល ។ ថវិកា​ប្រមាណ​៤០%​នៃ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ទាំងនេះ​មាន​ប្រភព​ពី​ADB, ២៥% ពី​រដ្ឋាភិបាល​ក្នុង​ប្រទេស​ជា​សមាជិក GMS និង​ថវិកា​នៅ​សល់​ផ្សេង​ទៀត បាន​ពី​ដៃគូ​អភិវឌ្ឍន៍​ទ្វេភាគី និង​ពហុភាគី ។ កម្មវិធី​ដែល​អនុវត្ត​ក្នុង​ប្រទេស​GMS​នីមួយ​ៗ​ត្រូវ​បាន​រៀបចំ​ឡើង​ឱ្យ​ស្រប​ទៅ​តាម​បរិបទ​ពិសេស​របស់​ប្រទេស​នោះ ។

ផ្អែក​តាម​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ និង​ក្របខ័ណ្ឌ​វិនិយោគ​ថ្នាក់​តំបន់ ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល​GMS នៅ​ថ្ងៃនេះ កម្មវិធី​នេះ​នឹង​ផ្ដល់​ការ​គាំទ្រ​ដល់​គម្រោង​ចំនួន ២២៧ ដែល​មាន​តម្លៃ​៦៦​ពាន់​លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២ ក្នុង​នោះ ADB នឹង​ផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ​៧​ពាន់​លាន​ដុល្លារ ។ ផែនការ​នេះ​អំពាវនាវ​ឱ្យ​មានការ​ពង្រីក​ច្រករបៀង​សេដ្ឋកិច្ច ដើម្បី​ជំរុញ​កា​រត​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​នានា ព្រមទាំង​ទំនាក់ទំនង​រវាង​តំបន់​ជនបទ និង​ប្រជុំជន ដើម្បី​ធានា​ឱ្យ​មានការ​បែងចែក​អត្ថប្រយោជន៍ដែល​បាន​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​ឱ្យ​កាន់តែ​មាន​សមធម៌​បន្ថែម​ទៀត ។

លោក Takehiko Nakao មាន​ប្រសាសន៍​ថា ៖« ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ដល់​ប្រទេស​GMS ទាំងអស់ ចំពោះ​សមិទ្ធផល​សម្រេច​បាន​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុង​ក្រោយ​នេះ ។ កម្មវិធី​GMS ផ្ដួចផ្ដើម​បង្កើត​ឡើង​ក្នុង​ខែតុលា ឆ្នាំ​១៩៩២ ដោយ ADB ផ្ដល់​ការ​គាំទ្រ​ជា​លេខាធិការដ្ឋាន ដើម្បី​ជួយ​ដល់​ដំណើរការ​អន្តរកាល និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ តាម​រយៈ​ការ​លើកទឹកចិត្ត​ឱ្យ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឆ្លង​ដែន » ។

បើ​តាម​របាយការណ៍​ADB​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​GMS​កាលពី​ម្សិលមិញ (៣១ មីនា​) ប្រមុខ​ដឹកនាំ​របស់​ប្រទេស​GMS និង​អ្នកចូលរួម​បាន​ចែករំលែក​គំនិត​យោបល់​អំពី​ឱកាស​ធុរកិច្ច​សំខាន់​ៗ ដែល​មាន​ឥទ្ធិពល​មក​លើ​តំបន់ GMS ។ ពួក​គេ​បាន​ធ្វើការ​ពិភាក្សា​ពី​កត្តា​ថ្មី​ៗ​ដែល​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​មិនសូវ​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​មាន​ថ្លៃ​ឈ្នួល​ទាប និង​ពឹង​អាស្រ័យ​កាន់តែ​ច្រើន​ជាង​មុន​លើ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ។ អ្នកចូលរួម​បាន​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ផ្ដល់​ហិរញ្ញប្បទាន​បន្ថែម​ទៀត​ដល់​ប្រទេស​GMS ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ