សពប្រជាពលរដ្ឋខ្មែរម្នាក់ដែលទាហានព្រំដែនឡាវបាញ់ស្លាប់កាលពីថ្ងៃទី៣ មីនា ម្សិលមិញនេះ ខាងភាគីឡាវនៅមិនទាន់បានប្រគល់មកឱ្យកម្ពុជាវិញនៅឡើយទេ ។ នេះបើតាមលោកស៊ុន បាន មេបញ្ជាការវរការពារព្រំដែនលេខ៧០១ ថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃសុក្រ ទី៤ មីនា ២០១១ នេះ ។ ទោះជាយ៉ាងណា លោកមេបញ្ជាការវរការពារព្រំដែនលេខ៧០១ ស៊ុន បាន បានបញ្ជាក់ដែរថា នៅថ្ងៃនេះអាជ្ញាធរកម្ពុជានឹងទៅចរចាជាមួយភាគីឡាវជាថ្មីទៀត ដើម្បីនាំយកសពប្រគល់ទៅឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីជួបគ្នាកាលពីថ្ងៃម្សិលមិញមិនទាន់ទទួលបានលទ្ធផលនោះ ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ មីនា នេះដែរថា ក្រសួងការបរទេសកម្ពុជាកំពុងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យរាយការណ៍លម្អិតអំពីការស្លាប់របស់ប្រជាពលរដ្ឋខ្មែរនោះមុននឹងក្រសួងការបរទេសអាចធ្វើកំណត់ទូតជូនក្រសួងការបរទេសឡាវ ពីព្រោះ ក្រសួងការបរទេសកម្ពុជាទើបទទួលបានព័ត៌មាននេះតាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននាថ្ងៃសុក្រនេះប៉ុណ្ណោះ ។
គួរបញ្ជាក់ថា បុរសកម្ពុជាម្នាក់នេះត្រូវបានទាហានការពារព្រំដែនឡាវបាញ់បណ្តាលឱ្យស្លាប់ចោលសពក្នុងព្រៃស្រោង ស្ថិតក្នុងស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ទល់មុខព្រំប្រទល់ ភូមិកំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ប្រទេសកម្ពុជា កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣ មីនា ម្សិលមិញ ហើយនៅរសៀលថ្ងៃដដែលនេះអាជ្ញាធរកម្ពុជាបានចរចាជាមួយអាជ្ញាធរឡាវសុំយកសពបុរសមកជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែពុំទាន់ត្រូវបានអនុញ្ញាត និងយកចេញបាននៅឡើយទេ ។ បុរសរងគ្រោះឈ្មោះទេព សុខ ហៅង៉ែត អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បានចូលទៅក្នុងព្រៃស្រោងទឹកដីឡាវចម្ងាយរាប់សិបគីឡូម៉ែត្រ ពីបន្ទាត់ព្រំដែនទឹកដីកម្ពុជា ដើម្បីទៅដឹកឈើគ្រញូងឱ្យឈ្មួញ និងនាំចេញទៅលក់នៅប្រទេសផ្សេងៗដូចជាប្រទេសវៀតណាមជាដើម ។
គួររំលឹកផងដែរថា គិតចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ថ្ងៃព្រហស្បតិ៍ ទី៣ មីនា ឆ្នាំ២០១១ ម្សិលមិញនេះ មានប្រជាពលរដ្ឋខ្មែរចំនួន២៤នាក់ បានចូូលក្នុងទឹកដីឡាវដោយមិនស្របច្បាប់ចំនួន៨លើក ហើយក្នុងចំណោមប្រជាពលរដ្ឋខ្មែរទាំង២៤នាក់នោះ ត្រូវបានទាហានការពារព្រំដែនឡាវបាញ់ស្លាប់២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ។ រីឯប្រជាពលរដ្ឋខ្មែរដែលត្រូវចាប់ខ្លួនក្រៅពីរបួស និងស្លាប់ ត្រូវបានភាគីឡាវប្រគល់មកឱ្យកម្ពុជាវិញ ។ ជាមួយគ្នានេះដែរ ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើកំណត់ទូតថ្កោលទោសអាជ្ញាធរឡាវ ដោយចាត់ទុកការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរថា ជាអំពើឃោរឃៅអមនុស្សធម៌រំលោភលើសិទ្ធិមនុស្សជាសាកល និងភាពជាប្រទេសជិតខាងល្អនោះថែមទៀត ៕
ចែករំលែកព័តមាននេះ