ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​ស្ត្រី​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ព​ន្លឿ​ន​ដំណើរការ​ធនាគារ​SME

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ហិរញ្ញវត្ថុ និង​លទ្ធភាព​នៃ​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​ពង្រីក​អាជីវកម្ម ឧស្សាហកម្ម​ខ្នាត​តូច និង​មធ្យម សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ជំរុញ​ដំណើរការ​ធនាគារ SME សម្រាប់​ផ្ដល់​កម្ចី​ដល់​ម្ចាស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ណា​ដែល​ត្រូវការ​ទុន​សម្រាប់​ពង្រីក​អាជីវកម្ម…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ហិរញ្ញវត្ថុ និង​លទ្ធភាព​នៃ​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​សម្រាប់​ពង្រីក​អាជីវកម្ម ឧស្សាហកម្ម​ខ្នាត​តូច និង​មធ្យម សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ជំរុញ​ដំណើរការ​ធនាគារ SME សម្រាប់​ផ្ដល់​កម្ចី​ដល់​ម្ចាស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ណា​ដែល​ត្រូវការ​ទុន​សម្រាប់​ពង្រីក​អាជីវកម្ម ។

លោកស្រី ជា សុខ​លាង សមាជិក​នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ជា​អគ្គ​នាយិកា ក្រុមហ៊ុន ECO GREAT MEKONG SOLUTION បាន​ឲ្យ​ដឹង​ថា ក្នុង​មុខ​ជំនួញ​ដែល​ស្ត្រី​កាន់កាប់​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​ឃើញ​ថា មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មានការ​ច្នៃប្រឌិត​ថ្មី​ៗ​ច្រើន​ជាង​មុខ​ជំនួញ​ដែល​បុរស​ជា​អ្នកកាន់កាប់ ។ លោកស្រី​និយាយ​ថា ៖« ទន្ទឹម​នឹង​នោះ​ដែរ ក្នុង​មុខ​ជំនួញ​មិន​ថា​បុរស ឬ​ស្ត្រី ជា​ពិសេស សម្រាប់​សហគ្រាស​ខ្នាត​តូច និង​មធ្យម មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា បញ្ហា​ហិរញ្ញវត្ថុ និង​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​មក​ប្រើប្រាស់​ក្នុង​មុខ​ជំនួញ ជាដើម » ។

លោកស្រី​បន្ត​ថា សហគ្រាស​ខ្នាត​តូច និង​មធ្យម ជា​វិស័យ​ដែល​មាន​សារសំខាន់​ណាស់ សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​វា​បាន​រួមចំណែក​ធំ​មួយ​ក្នុង​កំណើនសេដ្ឋកិច្ច ក៏​ដូច​ជា​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ក្នុងស្រុក និង​ការ​ផលិត​នូវ​ផលិតផល​សម្រាប់​នាំ​ចេញ ជាដើម ។
លោកស្រី កែវ មុំ អតីត​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា និង​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្នុង​នាម​ជា​ម្ចាស់​សហគ្រាស​មួយ​រូប​នៅ​កម្ពុជា លោកស្រី​សូម​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ជំរុញ​ដល់​ដំណើរការ​ធនាគារ SME ដើម្បី​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ម្ចាស់​សហគ្រាស​ណា​ដែល​កំពុង​ខ្វះខាត​ទុន ពង្រីក​អាជីវកម្ម​របស់​ខ្លួន ស្រប​ពេល​តម្រូវការ​ទីផ្សារ​កំពុង​កើនឡើង ។

លោកស្រី​បន្ត​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ប្រជាពលរដ្ឋ​ហាក់​មិន​ទាន់​ដឹង​ច្បាស់​ថា កម្ពុជា​ផលិត​បាន​អ្វីខ្លះ​សម្រាប់​ប្រើប្រាស់ ហើយ​កាល​ណោះ ផលិតផល​ដែល​ប្រើប្រាស់​ក្នុងស្រុក មួយ​ភាគ​ធំ​ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅប្រទេស ក៏​ប៉ុន្តែ​ក្រោយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ បាន​ជួយ​ផ្សព្វផ្សាយ​ពី​ផលិតផល​ក្នុងស្រុក​តាម​រាជធានី​-​ខេត្ត ក៏​ឃើញ​ថា ពលរដ្ឋ​ជា​ច្រើន​បាន​យល់​ដឹង និង​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​វិញ ។

លោកស្រី​និយាយ​ថា ៖« ដោយសារ​តែ​កត្តា​នេះ​ហើយ បាន​ធ្វើ​ឲ្យ​តម្រូវការ​ផលិតផល​ក្នុងស្រុក​កើនឡើង​ជាង​មុន ប៉ុន្តែ​យើង​មិន​អាច​ផ្គត់ផ្គង់​បាន​ទៅ​តាម​តម្រូវការ​ភ្លាម​ៗ​ទេ ។ ដូចនេះ​ហើយ​ទាមទារ​ឲ្យ​មានការ​ពង្រីក​សហគ្រាស​ក្នុង​ការ​ផលិត » ។
លោកស្រី​បន្ថែម​ថា ដើម្បី​ពង្រីក​សហគ្រាស​ឬ​អាជីវកម្ម​បន្ថែម​បាន លុះត្រាតែ​មាន​ទុន​គ្រប់គ្រាន់ ទើប​អាច​ធ្វើ​ទៅ​បាន ដូច្នេះ​ហើយ​បើសិនជា​រាជរដ្ឋាភិបាល​បង្កើត​ធនាគារ​សម្រាប់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​បាន​លឿន លោកស្រី​ជឿជាក់​ថា បញ្ហា​ប្រឈម​របស់​ម្ចាស់​សហគ្រាស​ក្នុងស្រុក​មួយ​ចំនួន នឹង​អាច​កាត់​បន្ថយ​បាន​មួយ​កម្រិត​ទៀត ។

បើ​តាម​ប្រសាសន៍​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា រាជរដ្ឋាភិបាល​បាន​គិតគូរ​ដល់​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យ​មយូរ​មក​ហើយ ហើយ​កន្លង​មក ក៏​បាន​បង្កើត​មូលនិធិ​ជំនាញ​មួយ​ផ្ដោត​ទៅ​លើ​វិស័យ​SME​នេះ​ដែរ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាល​ក៏​កំពុង​ដំណើរការ​ឈាន​ទៅ​រក​ការ​បើក​ធនាគារ​សម្រាប់​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដើម្បី​ជួយ​ផ្ដល់​ទុន​ដល់​សហគ្រាស​ណា​ដែល​ត្រូវការ​ពង្រីក​អាជីវកម្ម ។ មិនតែប៉ុណ្ណោះ នៅ​ឆ្នាំ​ក្រោយ រាជរដ្ឋាភិបាល​ក៏​នឹង​បង្កើត​មូលនិធិ​មួយទៀត​ជួយ​ដល់​សហគ្រិន​វ័យក្មេង​ដែល​ទើបនឹង​កកើត​ឡើង ឲ្យ​ពួក​គាត់​កាន់តែ​មាន​ជំនាញ និង​ចំណេះដឹង​ក្នុង​ការ​ធ្វើ​ជា​សហគ្រិន​ឆ្នើម ។
លោក​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ សហគ្រាស​ធុន​តូច និង​មធ្យម មាន​បញ្ហា​ធំ​៣​គឺ បញ្ហា​ថវិកា​, បញ្ហា​ការ​គ្រប់គ្រង ដូច​ជា ខ្វះ​ការ​គ្រប់គ្រង​គណនេយ្យ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង ជាដើម ហើយ​បញ្ហា​ទី​៣ គឺ​បច្ចេកវិទ្យា ។
លោក​បន្ដ​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​ហិរញ្ញវត្ថុ​តាម​រយៈ​ធនាគារ រដ្ឋ​បាន​លូកដៃ​ចូលរួម​ដោះស្រាយ​ដោយ​បង្កើត​SME Bank ដែល​គ្រោង​នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ដែល​មាន​ទុន​១០០​លាន​ដុល្លារ គឺជា​ទុន​ផ្ទាល់ខ្លួន ហើយនឹង​ទុន​ផ្សេង​ទៀត​ដែល​ខ្ចី​ពី​គេ ដូច​ជា ខ្ចី​ពី​ទីផ្សារ​មូល​ប​ត្រ​, ខ្ចី​ពី​ធនាគារ ឬ​ស្ថាប័នហិរញ្ញវត្ថុ តាម​រយៈ​ការ​គាំទ្រ​របស់​រដ្ឋ ហើយនឹង​ការ​ប្រមូល​ឥណទាន​ពី​ធនាគារ​ផ្សេង​ៗ ។
លោក​ថ្លែង​ថា ៖« យើង​កំពុង​តែ​រៀបចំ​ក្របខ័ណ្ឌ​ទស្សនទាន​ស្ដី​ពី​ការ​បង្កើត​ធនាគារ​នេះ ។ វា​ជា​ធនាគារ​ដែល​មាន​លក្ខណៈ​ចម្រុះ មាន​ន័យ​ថា​វា​ដើរតួ​នាទី​ជា​ធនាគារពាណិជ្ជ​ផង និង​ធនាគារ​គោលនយោបាយ​ផង ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​ដល់​វិស័យ​SMEs ជួយ​ដោះស្រាយ​ការ​បរាជ័យ​ទីផ្សារ » ។

គួរ​រំលឹក​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ថា​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើត​ធនាគារ​ថ្មី​មួយទៀត​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ផ្តល់​ឥណទាន​បង្កើន​ការ​ផលិត និង​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន ដែល​ចាប់ផ្តើម​ពី​ដើមទុន​១០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

គ្រានោះ​សម្ដេច​សង្កត់ធ្ងន់​ថា ៖« មិន​ទាន់​មានការ​សម្រេច​ជា​ផ្លូវការ​ជា​លាយលក្ខណ៍អក្សរ​នៅឡើយ​ទេ ក៏​ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ដែល​និយាយ​បែប​នេះ​ហើយ គឺ​មិន​អាច​ដកថយ​បាន​ឡើយ »​។
សម្តេច​ក៏​បាន​ចាត់​ទុក​ការ​បង្កើត​ធនាគារ​នេះ គឺ​បង្ហាញ​ពី​ការ​ជំរុញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រឹងប្រែង​បង្កើត​ឲ្យ​មានមុខ​របរ និង​បង្កើត​ឲ្យ​មានការ​ងារ​ធ្វើ​កាន់តែ​ច្រើន​ថែម​ទៀត សម្រាប់​ប្រជាជន​កម្ពុជា ហើយ​ជា​ពិសេស គឺជា​ការ​ជំរុញ​ឲ្យ​មានការ​ផលិត​នូវ​ផលិតផល​ក្នុងស្រុក​កាន់តែ​ច្រើន ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​ប្រជាជន និង​ជំរុញ​ការ​នាំ​ចេញ
ផង​ដែរ ។

គួរ​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន កម្ពុជា​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ​៥២​ម៉ឺន​កន្លែង​នៅ​ទូ​ទាំង​ប្រទេស ដែល​កំពុង​ផ្ដល់ និង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ