ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញថា ក្បាច់គុន​ល្បុក្កតោ​កើតឡើង​តាំងពី​កំណើត​មនុស្ស​ម្ល៉េះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ក្បាច់គុន​ល្បុក្កតោរបស់​ខ្មែរ​យើង​មាន​ប្រវត្តិ​ជា​យូរលង់​ណាស់ មក​​ហើយ​គឺ​មាន​តាំងពី​កំណើត​មនុស្ស​ម្ល៉េះ​»​។ លោក​បណ្ឌិត​រ័​ត្ន សណ្ដាប់ អគ្គលេខាធិការសហព័ន្ធ​កីឡា​ល្បុក្កតោ​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល និង​គ្រូបង្វឹក​កីឡា​ក្បាច់​គុន​​ល្បុក្កតោ កាលពី​រសៀល​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ «​ក្បាច់គុន​ល្បុក្កតោរបស់​ខ្មែរ​យើង​មាន​ប្រវត្តិ​ជា​យូរលង់​ណាស់
មក​​ហើយ​គឺ​មាន​តាំងពី​កំណើត​មនុស្ស​ម្ល៉េះ​»​។

លោក​បណ្ឌិត​រ័​ត្ន សណ្ដាប់ អគ្គលេខាធិការសហព័ន្ធ​កីឡា​ល្បុក្កតោ​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម អាជ្ញាកណ្ដាល និង​គ្រូបង្វឹក​កីឡា​ក្បាច់​គុន​​ល្បុក្កតោ កាលពី​រសៀល​ថ្ងៃ​ទី​២៩ មីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បន្ទាប់​ពី​វគ្គ​បណ្ដុះបណ្ដាល​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​រួច​មក​។

លោក រ័​ត្ន សណ្ដាប់ បាន​មាន​ប្រសាសន៍​បន្ត​ថា ពេល​ជួប​ឧបសគ្គ​នាំ​ឱ្យ​មនុស្ស​ចេះ​ប្រយុទ្ធ​​ទប់ទល់ និង​ប​ម្លា​ស់​ទី​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ក្រោយ​ៗ​មក​បាន​ឈាន​ទៅ​មាន​ក្បួនខ្នាត ចងក្រង​ជា​ឯកសារ​ចំណាំ​តាម​លំដាប់លំដោយ​រហូត​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ក្បាច់គុន​ល្បុក្កតោ​តែ​ម្ដង ។ តាម​ការ​ស្រាវជ្រាវ​ក្បាច់គុន​ល្បុ​ក្កតោ​​ដែល​ដូនតា​ខ្មែរ​យើង​បន្សល់​ទុក​ឱ្យ​បង្ហាញឱ្យ​ឃើញ​ថា ក្បាច់គុន​មួយ​នេះ​កកើត​ឡើង​តាំងពី​យូរលង់​ណាស់​​មក​ហើយ​ជាក់ស្ដែង​ការ​រក​ឃើញ​សព​បុរាណ​ដែល​មាន​ភ្ជាប់​ជាមួយនឹង​អាវុធ​ដូច​ជា កាំបិត ដាវ លំពែង និង​ឧបករណ៍​ជា​ច្រើន​ទៀត​នៅ​ភូមិ​ស្នាយ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​គឺជា​ភស្តុ​តាង​ស្រាប់ ។ នៅមាន​ភស្តុ​តាង​ជា​ច្រើន​ទៀត​ដែល​គាំទ្រ​អំណះអំណាង​នេះ​ដូច​ជាតា​មរយៈ​រឿង​រាមកេរ្តិ៍ ដែល​មាន​ក្បាច់គុន​ធ្វើ​តម្រាប់​តាម​សត្វ រហូត​មាន​ចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាង្គ​ប្រាសាទអង្គរវត្ត សម្បូរ​ព្រៃ​គុក បា​ពូន បាយ័ន បន្ទាយឆ្មា និងទីតាំង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ទៀត​ដែល​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្បាច់​គុន​ល្បុក្កតោ​ជារបស់​ខ្មែរ​យើង​យ៉ាង​ពិតប្រាកដ​និង​មានកំណើតជា​យូរលង់​ណាស់​មក​ហើយ​។

លោក​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ល្បុក្កតោ​ដែល​មាន​ជំនាញ​ខាង​វប្បធម៌​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា បើ​ទោះជា​យើង​មានការ​អះអាង​ច្បាស់លាស់​បែប​ណា​ក្ដី អ្វី​ដែល​សំខាន់ ​គឺ​គ្រូ​គុន​និយម​ត្រូវ​មាន​ស្មារតី​ឯកភាព​ជាតិ​តែ​មួយ ដើម្បី​ផ្សព្វផ្សាយ​និង​បង្ហាញ​ដល់​ក្មេង​ជំនាន់​ក្រោយ ទាំង​ក្នុង​និង​ក្រៅប្រទេស​ឱ្យ​បានដឹង​ក្នុង​លក្ខណៈ​ទិស​ដៅ​តែ​មួយ​ប៉ុណ្ណោះ ។ លោក​ថា ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​គេ​មាន​អត្តសញ្ញាណ​ក្បាច់គុន​ច្បាស់លាស់​របស់​គេ ដូច​ជា​ចិន កូរ៉េ​ជាដើម​សុទ្ធតែ​បាន​កំណត់​ពី​ក្បាច់គុន​បុរាណ​របស់​គេ ។ ចំណែក​ខ្មែរ​យើង​មាន​ក្បាច់គុន​ល្បុក្កតោ​ឬ​ក្បាច់គុន​អ្វី​ផ្សេង​ត្រូវ​ចាត់ទុកជា​មរតក​ក្បាច់គុន​បុរាណ​ខ្មែរ​តែ​មួយ យើង​ត្រូវ​រួម​គ្នា​អភិរក្ស​និង​អភិ​ឌ្ឍ​ដើម្បី​ឱ្យ​ក្បាច់គុន​របស់​យើង​រីក​សុសសាយ​ទៅ​កាន់​ពិភពលោក​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​​ថា ការ​បន្ថែម​វាគ្មិន​ជំនាញ​ផ្នែក​វប្បធម៌​សិល្បៈ​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​ធ្វើ​ឱ្យ​សិក្ខាកាម​ទាំងអស់​កាន់តែ​យល់​ច្បាស់ និង​ជ្រាប​ពី​ប្រវត្តិ​កំណើត​ក្បាច់គុន​មរតក​ជាតិខ្មែរ​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋខ្មែរ​យើង ។ លោក​បន្ថែម​ទៀត​ថា តាម​ការ​ស្រាវជ្រាវ​ពី​អ្នកជំនាញ ដែល​មាន​លក្ខណៈ​ផ្លូវការ​និង​ការ​ផ្សព្វផ្សាយ​តាម​លំនាំ​ដើម ធ្វើ​ឱ្យ​គោលការណ៍​បញ្ជ្រាប​កីឡា​ល្បុក្កតោ​នៅ​តាម​ក្លិប​នានា មានការ​ស្វែង​យល់​កាន់តែ​ច្បាស់​និង​មានការ​ឯកភាព​គ្នា​ទៅ​តាម​គោលការណ៍​ស្តង់ដារ​ត្រឹមត្រូវ ជា​ពិសេស​ការ​ផ្សព្វផ្សាយ​ទៅ​កាន់​ប្រទេស​នានា
លើ​ពិភពលោក​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ