ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​លើក​ឡើងពី​សក្តានុពល​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២​នៅ​រាជធានី​ភ្នំពេញ ខណ្ឌ​ជាយក្រុង​ជា​ច្រើន ក្នុង​នោះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ខណ្ឌ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​លឿន​ផង​ដែរ ។ អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong​លោក…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២​នៅ​រាជធានី​ភ្នំពេញ ខណ្ឌ​ជាយក្រុង​ជា​ច្រើន ក្នុង​នោះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ខណ្ឌ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​លឿន​ផង​ដែរ ។

អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong​លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​៣០ មីនា ថា ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី ដែល​មាន​សក្តានុពល​ក្នុង​ការ​វិនិយោគ ដោយសារ​ខណ្ឌ​នេះ​មាន​សណ្ឋាន​ដី​ល្អ មា​នទី​តាំងនៅ​ជិត​កណ្តាល​ក្រុង ហើយ​តម្លៃ​ដី​នៅ​ធូរ​ថ្លៃ ដែល​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ និង​រក​ប្រាក់​ចំណេញ​បាន ។ លោក​បន្ត​ថា បច្ចុប្បន្ន គម្រោង​លំនៅ​ឋាន ខុន​ដូ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជា​ច្រើន បាន​រីក​ចម្រើន​នៅ​តំបន់​នេះ ហើយ​ខណ្ឌ​នេះ​នឹង​មាន​សក្តានុពល​កាន់តែ​ខ្លាំង​នា​ពេល​អនាគត ។

ដី​នៅ​តំបន់​ពាណិជ្ជកម្ម​មាន​តម្លៃ​ចន្លោះ​ពី​៨០០​ទៅ​១.៥០០​ដុល្លារ​, ដី​នៅ​តាម​ផ្លូវ​តូច​ៗ មាន​តម្លៃ​ចន្លោះ​ពី​៤០០​ទៅ​៨០០​ដុល្លារ និង​តំបន់​មិន​ទាន់​សូវ​មានការ​អភិវឌ្ឍ មាន​តម្លៃ​ក្រោម​២០០​ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ ។

លោក ច្រឹ​ក សុខ​នី​ម បាន​បន្ត​ថា ៖«​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សម​ស្រប​សម្រាប់​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​»​។ លោក​បន្ត​ថា ៖« ការ​រីក​ចម្រើន​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពិតជា​លឿន​បើ​ធៀប​នឹង​បណ្តា​ខណ្ឌ​ជាយក្រុង​ដទៃ​ទៀត ដែល​មានការ​រីក​ចម្រើន​យ៉ាង​លឿន​ផង​ដែរ » ។

អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​ក្នុង​ខណ្ឌ​នេះ បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាងលើ ដោយ​លោក ភូ សម្បត្តិ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​បុរី​ភ្នំពេញ​ថ្មី បាន​ថ្លែង​ថា គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន និង​ការ​សាងសង់​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បាន​ចាត់​ទុក​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺជា​ខណ្ឌ​ដ៏​មាន​សក្ដានុ​ពល​មួយ​សម្រាប់​ការ​សាងសង់​លំនៅ​ឋាន​រស់នៅ និង​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ តួយ៉ាង​ដូច​ជា គម្រោង​របស់​បុរី​ភ្នំពេញ​ថ្មី ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ ជា​ដើម ។

លោក​បន្ត​ថា ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​អំណោយផល​ច្រើន ព្រោះ​ជា​កន្លែង​ប្រជុំជន ហើយ​មាន​ប្រជាពលរដ្ឋ​មាន​ជីវភាព​គ្រប់​កម្រិត​រស់នៅ​ទីនោះ ជា​ពិសេស តម្លៃ​លំនៅ​ឋាន បើ​ធៀប​នឹង​បណ្ដា​ខណ្ឌ​ផ្សេង​ៗ គឺ​មាន​តម្លៃ​ទាប​ជាង​ខណ្ឌ​ដទៃ ដែល​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទិញ​លំនៅ​ឋាន​រស់នៅ និង​ធ្វើ​អាជីវកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ