ខេត្តកណ្តាល ៖ រឿងរ៉ាវក្តីក្តាំរវាងប្រពន្ធចុងជាមួយប្រពន្ធដើម និងកូនៗដែលបានអូសបន្លាយពេលជាយូរមកហើយ ក្នុងការដណ្តើមកេរមរតកមានដី និងលំនៅឋាន ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចចម្រុះដឹកនាំដោយលោកជីវ ចាន់តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចុះអនុវត្តសាលដីការបស់សាលាឧទ្ធរណ៍ដើម្បីប្រគល់ឱ្យភាគីឈ្នះក្តី ។ ការអនុវត្តសាលដីកានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ មីនា ។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ដោយអនុវត្តតាមសាលដីការបស់សាលាឧទ្ធរណ៍ចុះថ្ងៃទី១២ ធ្នូ ឆ្នាំ២០០៨ សម្រេចបង្គាប់ឱ្យភាគីចាញ់ក្តីឈ្មោះលង គឹមអៀង ភេទស្រី ប្រគល់ដី និងផ្ទះសំណាក់យីហោហេង ហេង ដែលមានប័ណ្ណកម្មសិទ្ធិលេខ ក.ណ C1 1629 ចុះថ្ងៃទី២២ កក្កដា ឆ្នាំ១៩៩២ ដែលមានទីតាំងស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ឱ្យទៅដើមចោទឈ្មោះនួន គង់, ជួន មុន្នី, ជួន វុទ្ធី, ជួន វត្ថា និងឈ្មោះជួន ពិសី ដែលមានទីលំនៅក្នុងភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ។
ទាក់ទិនរឿងរ៉ាវរហូតកើតរឿងក្តីក្តាំគ្នានេះ ត្រូវបានលោកខូវ ចន្ថា មេធាវីដើមបណ្តឹងបានឱ្យដឹងថា តុលាការគ្រប់ជាន់ថ្នាក់ចាប់ពីសាលាដំបូងខេត្តកណ្តាល រហូតដល់សាលាឧទ្ធរណ៍បានសម្រេចក្តីឱ្យភាគីដើមចោទឈ្នះក្តី ព្រោះភាគីដើមចោទជាប្រពន្ធដើម និងកូនៗរបស់ឈ្មោះជួន វណ្ណៈ និងមានលិខិតបណ្តាំរបស់ជួន វណ្ណៈ ជាប្តី និងជាឪពុកប្រគល់ផ្ទះ និងដីឱ្យទៀត មុនពេលជួន វណ្ណៈ ស្លាប់ ។
លោកមេធាវីបានឱ្យដឹងទៀតថា ពីដើមឡើយឈ្មោះលង គឹមអៀង ចុងបណ្តឹងចាញ់ក្តីបានមកបម្រើការងារផ្ទះនៅក្នុងគ្រួសារជួន វណ្ណៈ និងប្រពន្ធឈ្មោះនួន គង់ ។ លុះក្រោយមកទៀតឈ្មោះលង គឹមអៀង និងជួន វណ្ណៈ បានស្រឡាញ់គ្នាដោយលួចលាក់ ហើយពេលរឿងនោះបែកធ្លាយដឹងដល់ឈ្មោះនួន គង់ ជាប្រពន្ធដើម ប្តី-ប្រពន្ធនេះបានលែងលះគ្នា និងធ្វើកិច្ចសន្យាប្រគល់ផ្ទះ និងទ្រព្យសម្បត្តិឱ្យឈ្មោះនួន គង់ ជាប្រពន្ធដើម និងកូនៗ៤នាក់ យ៉ាងស្របច្បាប់។ រហូតមកដល់អំឡុងឆ្នាំ២០០៧ ឈ្មោះជួន វណ្ណៈ បានស្លាប់ ហើយឈ្មោះលង គឹមអៀង មិនព្រមប្រគល់ផ្ទះ និងដីឱ្យទៅប្រពន្ធដើម និងកូនៗ៤នាក់តាមកិច្ចសន្យានោះទេ និងបែកគំនិតចង់បានទើបកើតជាជម្លោះក្តីក្តាំនេះឡើងអូសបន្លាយពេលជាង៤ឆ្នាំមកហើយ ហើយរាល់ការក្តីក្តាំត្រូវបានកាត់ក្តីឱ្យភាគីប្រពន្ធដើម និងកូនៗជាអ្នកឈ្នះ ទើបនៅថ្ងៃទី ១៧ មីនា កន្លងទៅនេះ សមត្ថកិច្ចចម្រុះបានចុះអនុវត្តសាលដីការបស់សាលាឧទ្ធរណ៍តាមនីតិវិធីច្បាប់ ប្រគល់ឱ្យភាគីឈ្នះក្តី គឺឈ្មោះនួន គង់ ជាប្រពន្ធដើម និងកូនៗ៤នាក់ទៀត ។
មានការកត់សម្គាល់ថា នៅក្នុងការចុះអនុវត្តសាលដីកានេះគេឃើញភាគីចាញ់ក្តីឈ្មោះលង គឹមអៀង និងក្រុមគ្រួសារបាននាំគ្នាយំស្រែក និងធ្វើការរារាំងសមត្ថកិច្ចមិនឱ្យអនុវត្ត ព្រមទាំងស្រែកថា អយុត្តិធម៌ និងបានគំរាមប្រើអំពើហិង្សាទៅលើសមត្ថកិច្ចចម្រុះទៀតផង ។ ពេលនោះសមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៤នាក់ យកទៅកាន់ទីបញ្ជាកងរាជអាវុធហត្ថក្រុងតាខ្មៅ និងយកទ្រព្យសម្បត្តិមួយចំនួនរបស់ភាគីចាញ់ក្តីទៅរក្សាទុកនៅសាលាសង្កាត់តាខ្មៅ។ ក្រោយពីអនុវត្តសាលដីការបស់សាលាឧទ្ធរណ៍ចប់សព្វគ្រប់ នៅថ្ងៃដដែលអ្នកដែលត្រូវបានចាប់ខ្លួនសមត្ថកិច្ចបានដោះលែង និងប្រគល់ទ្រព្យសម្បត្តិឱ្យទៅភាគីចាញ់ក្តីវិញផងដែរ។ ទោះបីជាយ៉ាងណា ឈ្មោះលង គឹមអៀង បានស្រែកយំរៀបរាប់ថា អយុត្តិធម៌ណាស់ចំពោះរូបគាត់ ព្រោះទ្រព្យសម្បត្តិនៅក្នុងផ្ទះដែលគាត់ខំរកស៊ីមានបានក្រោយពីប្តីគាត់ស្លាប់ទៅ ត្រូវគេដកហូតយកទាំងអស់ គឺគាត់សល់តែខ្លួនទទេប៉ុណ្ណោះ ។ គាត់ក៏បានសំណូមពរដល់អង្គការសិទ្ធិមនុស្សក៏ដូចក្រុមអ្នកច្បាប់ផ្សេងៗមេត្តាជួយរកយុត្តិធម៌ដល់រូបគាត់ផង ៕


ចែករំលែកព័តមាននេះ