ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC ៖ មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៧​ប៉ុណ្ណោះ ​ដែល​មាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ប្រកាស​ជា​ថ្មី​ថា មាន​តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧​ប៉ុណ្ណោះ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ។ យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ប្រកាស​ជា​ថ្មី​ថា មាន​តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧​ប៉ុណ្ណោះ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៨ មីនា ថា កន្លង​មក​ធនាគារជាតិ​នៃ​កម្ពុជា ទទួល​បាន​ព័ត៌មាន​ថា មាន​ជន​មួយ​ចំនួន និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយ​ចំនួន​តូច ដែល​បាន​កម្លា​យ​ខ្លួន​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​និង​កំពុង​អូស​ទាញ​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ប្រមូលប្រាក់​បញ្ញើ​ពី​សាធារណជន​ក្រោម​រូបភាព​កិច្ចសន្យា​ខ្ចីប្រាក់ និង​ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់ ព្រមទាំង​ការ​ផ្តល់​ប្រាក់​កម្ចី​ល្មើសច្បាប់ ។

ធនាគារជាតិ​នៃ​កម្ពុជា គូសបញ្ជាក់​ថា ៖«​គិត​ត្រឹម​ខែមីនា ឆ្នាំ​២០១៨ ក្រៅពី​គ្រឹះស្ថាន​ធនាគារពាណិជ្ជ មាន​តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៧​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទទួល​បាន​ប្រាក់​បញ្ញើ​ពី​សាធារណជន ក្នុង​នោះ​មាន​ដូច​ជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វី​សិន​ហ្វា​ន់​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹ​ម ខេ​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត ខូ​អិ​ល​ធី​ឌី​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ។ ក្រៅពី​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ដែល​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ឡើយ ទោះជា​ក្រោម​រូបភាព​ណា​ក៏​ដោយ » ។

លោក យុន សុ​វ​ណ្ណា នាយក​ប្រតិបត្តិ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៩ មីនា ម្សិលមិញ​ថា ៖« យើង​កំពុង​តែ​ស្នើ​សុំ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា ថតចម្លង​ដើម្បី​ចែកចាយ​ទៅ​សមាជិកសមាគម​។ លើស​ពី​នេះ យើង​មាន​គម្រោង​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​តាម​ខេត្ត​នៅ​ចុង​ខែមេសា​ខាង​មុខ ដើម្បី​ផ្សព្វផ្សាយ​អំពី​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទូទៅ និង​ផ្សព្វផ្សាយ​អំពី​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ផង​ដែរ » ។

លោក​បន្ត​ថា ៖« កន្លង​មក យើង​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​ដែរ​ជូន​សាធារណជន តាម​ប្រព័ន្ធ​ទំនាក់ទំនង​នានា តែ​យ៉ាងណា​ក៏​ដោយ កម្រិត​នៃ​ការ​យល់​ដឹង និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត ។ ក្នុង​នាម​ជា​អ្នកតំណាង​សមាគម​មីក្រូហិរញ្ញវត្ថុ​៖ ទី​១-​យើង​ព្យាយាម​ជំរុញ​ការ​បណ្តុះបណ្តាល លើកកម្ពស់​ការ​យល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យើង​បាន​យល់​ដឹង​ពី​សេវាកម្ម​ទាំងឡាយ និង​ហានិភ័យ​នានា ។

ទី​២-​យើង​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​នានា ដែល​បង្ហាញ​ពី​ហានិភ័យ​កើនឡើង​ពី​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​។ ទី​៣-​យើង​ជំរុញ​តាម​រយៈ​ការ​ធ្វើការ​ជាមួយ​ដៃគូ​ចុះ​បណ្តុះបណ្តាល​ទៅ​ដល់​មូលដ្ឋាន និង​ទី​៤-​យើង​អំពាវនាវ​ឱ្យ​អាជ្ញាធរ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ជួយ​តាមដាន​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​ការ​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ