ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវ​ងាក​ទៅ​ផលិត​របស់​មាន​តម្លៃបន្ថែម ​ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​រឹង​មាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ថេរ និង​គួរ​ឲ្យ​មាន​មោទនភាព ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ក្នុង​នោះ​បាន​រក្សា​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​៧%​ក្នុង​១​ឆ្នាំ ។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ការ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧% គឺ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ថេរ និង​គួរ​ឲ្យ​មាន​មោទនភាព ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ក្នុង​នោះ​បាន​រក្សា​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​៧%​ក្នុង​១​ឆ្នាំ ។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ការ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧% គឺ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​បាន​ដើរតួ​នាទី​សំខាន់ ។ ក៏​ប៉ុន្តែ​ក្នុង​រយៈពេល​ចុង​ក្រោយ វិស័យ​មួយ​នេះ​កំពុង​មានការ​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង និង​ក្នុង​តំបន់ ក្រោយ​ពេល​ប្រាក់​ឈ្មួ​ល​កម្មករ​-​កម្មការិនី បាន​កើន​ឡើងជា​បន្តបន្ទាប់ ។

ដោយសារ​តែ​មានការ​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យ​កាត់ដេរ​នេះ​ហើយ បច្ចុប្បន្ន កម្ពុជា​កំពុង​រិះរក​វិធីសាស្ត្រ​យ៉ាងណា ងាក​ទៅ​រក​ការ​ផលិត​របស់​ណា​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ស្រប​ពេល​ប្រាក់​ឈ្នួល​កម្លាំង​ពលកម្ម​របស់​បុគ្គលិក​កម្ពុជា បាន​កើន​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្ដែង ក្នុង​ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​អប្បបរមា​របស់​កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ រហូត​ដល់​១៧០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ។
បើ​តាម​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​ស្ដី​ពី សេដ្ឋកិច្ច​កម្ពុជា សមិទ្ធកម្ម និង​ទស្សនវិស័យ ថា វា​ជា​ការ​ពិត​ណាស់​ដែល​កម្ពុជា​ត្រូវ​តែ​កែ​ច្នៃ និង​រិះរក​ការ​ផលិត​ណា​មាន​តម្លៃ​ខ្ពស់​សម្រាប់​នាំ​ចេញ ស្រប​ពេល​ប្រាក់​ឈ្មួ​ល​កម្មករ​កើនឡើង ។ លោក​ថា ៖« កាលពីមុន យើង​ផលិត​សម្ភារ​សម្រាប់​នាំ​ចេញ​ដែល​មាន​តម្លៃ​ទាប តែ​យើង​អាច​ឲ្យ​វិនិយោគិន​រក​ប្រាក់​ចំណេញ​បាន ព្រោះ​កាលនោះ ប្រាក់​ឈ្មួ​ល​កម្មករ​-​កម្មការិនី​នៅ​មាន​កម្រិត​ទាប តែ​ពេល​នេះ យើង​មិន​អាច​នៅ​តែ​ផលិត​របស់របរ​ដដែល និង​ក្នុង​តម្លៃ​ដដែល​ទៀត​បាន​ទេ ព្រោះ​វា​មិន​ធ្វើ​ឲ្យ​វិនិយោគិន​រក​ប្រាក់​ចំណេញ​បាន​ឡើយ » ។

លោក​បន្ត​ថា បើ​តាម​ព័ត៌មាន​ចេញផ្សាយ​កន្លង​មក ប្រទេស​ចិន​នឹង​បោះបង់​ចោលការ​ផលិត​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ១០% ហើយ​ទំហំ​១០%​នេះ វា​ធំធេង​ណាស់​។ ដូចនេះ កម្ពុជា​នឹង​មានឱកាស​ចាប់​យក​ទីផ្សារ​សម្រាប់​ផលិតផល​នោះ ដោយ​ទាក់ទាញ​វិនិយោគិន​មក​បណ្ដាក់ទុន​វិនិយោគ​លើ​រោងចក្រ សម្រាប់​ផលិត​នូវ​សម្ភារ​ផ្សេង​ៗ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ចុងឆ្នាំ​២០១៧​កន្លង​ទៅ បាន​បើក​វេទិកា​មួយ​ស្វាគមន៍​វិនិយោគិន​ចិន និង​បរទេស​ដទៃ​ទៀត​មក​បណ្ដាក់ទុន​បង្កើត​រោងចក្រ​ផលិត​អាវ​រងា​សម្រាប់​នាំ​ចេញ​ទៅ​បណ្ដា​ប្រទេស​អាស៊ី អឺរ៉ុប ដែល​មាន​ប្រទេស​៥ សុទ្ធ​សឹង​ជា​ប្រទេស​រីក​ចម្រើន និង​មាន​តម្រូវការ​អាវ​រងា ។ បច្ចុប្បន្ន កម្ពុជា​ក៏​បាន​និង​កំពុង​ចរចា​ជាមួយ​បណ្ដា​ប្រទេស​ទាំងនោះ លើ​ការ​នាំ​ចូល​ដោយ​មិន​គិត​ពន្ធ​ផង​ដែរ ។ បើសិនជា​ការ​ចរចា​បាន​សម្រេច​នោះ វិនិយោគិន​នឹង​មក​បណ្ដាក់ទុន​ក្នុង​ប្រទេស​កម្ពុជា ផលិត​អាវ​រងា​កាន់តែ​ច្រើន ហើយ​វា​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ទៀត​ដល់​រាជរដ្ឋាភិបាល​ផង​ដែរ ។
បើ​តាម​របាយការណ៍​ធនាគារពិភពលោក ប្រចាំ​កម្ពុជា ក៏​បាន​បង្ហាញ​ដែរ​ថា កម្ពុជា​គួរតែ​ងាក​ទៅ​រក​ការ​ផលិត​សម្ភារ​ណា​ដែល​មាន​តម្លៃ​ខ្ពស់ បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​រក្សា​បាន​នូវ​កំណើន​ខ្ពស់​ដូច​រយៈពេល​កន្លង​ទៅ ។

គួរ​បញ្ជាក់​ថា តាម​ការ​បញ្ជាក់​របស់​លោក​ឧកញ៉ា វ៉ា​ន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ ការ​នាំ​ចេញ ក៏​ដូច​ជា​ការ​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​លើ​ផលិតផល​វាយនភ័ណ្ឌ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៧,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​ជាង​៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ ដោយឡែក សម្រាប់​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៧ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ