ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​កម្ពុជា វៀតណាម ឡាវ ថៃ នឹង​ពិភាក្សា​ពី​ជោគវាសនា​តំបន់​អាង​ទន្លេមេគង្គ

6 ឆ្នាំ មុន

ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ ៖ នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ គណៈកម្មការ​ទន្លេមេគង្គ (MRC) នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​៣…

ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ ៖ នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ គណៈកម្មការ​ទន្លេមេគង្គ (MRC) នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​៣ របស់​ខ្លួន​ក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា ។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ នឹង​មានការ​ចូលរួម​ពី​នាយក​រដ្ឋមន្ត្រី​ទាំង​៤ មក​ពី​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ព្រមទាំង​តំណាង​ជាន់ខ្ពស់​មក​ពី​ប្រទេស​ចិន និង​មី​យ៉ា​ន់​ម៉ា ដែល​ជា​ដៃគូ​សន្ទនា​របស់ MRC ។
លោក Pham Tuan Phan នាយក​ប្រតិបត្តិ គណៈកម្មការ​ទន្លេមេគង្គ មាន​ប្រសាសន៍​ថា ៖«​នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​ថ្នាក់ដឹកនាំ​មក​ពី​ប្រទេស​ទន្លេមេគង្គ​ជួប​ប្រជុំ​គ្នា ដើម្បី​គូសបញ្ជាក់​សា​ជា​ថ្មី ពី​ការ​ប្ដេជ្ញា​ចិត្ត​កម្រិត​ខ្ពស់​បំផុត​របស់​ពួក​គេ​ចំពោះ​តួនាទី ភារកិច្ច និង​ការ​បំពេញការងារ​របស់​គណៈកម្មការ​ទន្លេមេគង្គ ដើម្បី​ធ្វើ​ឱ្យ​តំបន់​អាង​ទន្លេមេគង្គ​ក្លាយជា​តំបន់​ដែល​មាន​វិបុលភាព​សេដ្ឋកិច្ច យុត្តិធម៌​សង្គម និង​មាន​បរិស្ថាន​ល្អ​ប្រសើរ » ។

កិច្ចប្រជុំ​កំពូល​នេះ រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៤-៥ ខែមេសា ។ នៅ​មុន​កិច្ចប្រជុំ ក៏​នឹង​មានការ​រៀបចំ​សន្និសីទ​អន្តរជាតិ​រយៈពេល​២​ថ្ងៃ​ផង​ដែរ​។ ពាក្យស្លោក​នៃ​កិច្ចប្រជុំ​កំពូល​នេះ គឺ «​មេគង្គ​មួយ ស្មារតី​មួយ​» ដែល​គូសបញ្ជាក់​ពី​គោលបំណង​សំខាន់​ជាងគេ​បំផុត​របស់​កិច្ចប្រជុំ គឺ​ដើម្បី​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា និង​ភាព​ជា​ដៃគូ ដើម្បី​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ធនធានទឹក និង​ធនធាន​ពាក់ព័ន្ធ​ដទៃ​ទៀត ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព​។ គណៈកម្មការ​ទន្លេមេគង្គ​ខិតខំ​ពង្រឹង​ទំនាក់ទំនង​រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​ខ្លួន ព្រមទាំង​ភាព​ជា​ដៃគូ​ជាមួយ​ដៃគូ​សន្ទនា​នានា និង​គំនិត​ផ្ដួចផ្ដើម ដៃគូ​នានា និង​អ្នក​ពាក់ព័ន្ធ​នៅ​ថ្នាក់​តំបន់​ដទៃ​ទៀត ។

ប្រធាន​ប្រតិបត្តិ លោក Pham បាន​មាន​ប្រសាសន៍​បន្ថែម​ថា ៖« ដោយសារ​តែ​កំណើន​សម្ពាធ​មក​លើ​តំបន់​អាង​ទន្លេ​នេះ ជា​ពិសេស ការ​កើនឡើង​នូវ​ចំនួន​ប្រជាជន ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយសារ​អាកាសធាតុ ជា​ការ​សំខាន់​បំផុត ដែល​យើង​ត្រូវ​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ ជា​កាលានុវត្តភាព​ដើម្បី​ដាក់​ចេញ​នូវ​អាទិភាព​របស់​យើង​ឱ្យ​បាន​ច្បាស់ ។ យើង​ចាំបាច់​ត្រូវធ្វើ​ការងារ​រួម​គ្នា​ទាំង​ឆ្លង​ដែន ទាំង​ឆ្លង​វិស័យ ដើម្បី​ធានា​ឱ្យ​មានការ​ចែករំលែក​ធនធានទឹក និង​អត្ថប្រយោជន៍​ពាក់ព័ន្ធ​នានា​ប្រកបដោយ​សមធម៌ » ។

លើស​ពី​នេះ គោលបំណង​របស់​ព្រឹត្តិការណ៍​នេះ​រួម​មាន ការ​បញ្ជាក់​សា​ជា​ថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់ MRC ក្នុង​ការ​បំពេញ​តួនាទី​ឱ្យ​កាន់តែ​សកម្ម​បន្ថែម​ទៀត​ក្នុង​ការ​គាំទ្រ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​នានា ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជា​ពិសេស គោលដៅ​ទី​៦ ស្ដី​ពី​ការ​គ្រប់គ្រង​ធនធានទឹក​ប្រកបដោយ​ចីរភាព និង​គោលដៅ​ដទៃ​ទៀត ។

ព័ត៌មាន​បច្ចុប្បន្នភាព​ចុង​ក្រោយ​បំផុត​មួយ​ចំនួន ដែល​អាច​ត្រួសត្រាយ​ផ្លូវ​ឱ្យ​មានការ​សម្រេចចិត្ត​អំពី​ការ​អភិវឌ្ឍ​នា​ពេល​អនាគត អាច​រកបាន​ក្នុង​ការ​សិក្សា ស្ដី​ពី​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព ដែល MRC ទើបតែ​បញ្ចប់​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​ការ​សិក្សា​នេះ ក៏​មាន​បង្ហាញ​ផង​ដែរ​ពី​ផល​ប៉ះពាល់ ដែល​បង្ក​ឡើង​ដោយ​គម្រោង​វា​រី​អគ្គិសនី​នៅ​លើ​ទន្លេមេគង្គ ។ ការ​សិក្សា​នេះ​អាច​ហៅ​ម្យ៉ាងទៀត​ថា ការ​សិក្សា​របស់​ក្រុមប្រឹក្សា​។ ការ​សិក្សា​នេះ​រំលេច​ឱ្យ​ឃើញ​ពី​ផល​ប៉ះពាល់ អត្ថប្រយោជន៍ និង​ទ្វេ​គ្រោះ (​ការ​ដោះ​ដូរ​រវាង​អត្ថប្រយោជន៍ និង​ផល​ប៉ះពាល់​) ដែល​អាច​បង្ក​ឡើង​ដោយសារ​ផែនការអភិវឌ្ឍន៍​នា​ពេល​បច្ចុប្បន្ន​នេះ ដូច​ជា ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​គម្រោង​វា​រី​អគ្គិសនី គម្រោង​នាវាចរណ៍ គម្រោង​ធារាសាស្ត្រ និង​គម្រោង​គ្រប់គ្រង​ទឹកជំនន់​មក​លើ​ទន្លេមេគង្គ​មេ និង​ដៃទន្លេ​មេគង្គ ។

លទ្ធផល​នៃ​ការ​សិក្សា​នេះ ព្រមទាំង​បញ្ហា​ផ្សេង​ទៀត នឹង​ត្រូវ​លើកយក​មក​ធ្វើការ​ពិភាក្សា​ក្នុង​សន្និសីទ​អន្តរជាតិ ។ សារសំខាន់​ៗ​ដែល​ចេញពី​កិច្ចប្រជុំ​នេះ នឹង​ត្រូវ​ដាក់​ជូន​ថ្នាក់ដឹកនាំ​ទន្លេមេគង្គ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ បន្ថែម​ពីលើ​លទ្ធផល​រក​ឃើញ​សំខាន់​ៗ ដែល​ត្រូវ​បាន​ដាក់​ជូន​ថ្នាក់ដឹកនាំ​ទាំងនេះ​កាលពី​ខែធ្នូ​ឆ្នាំ​មុន ម្ដង​រួច​មក​ហើយ ។ បុគ្គលិក​នៃ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេមេគង្គ ដែល​សុទ្ធតែ​អ្នក​មក​ពី​ប្រទេស​ជាប់​ដង​ទន្លេ​នេះ ក៏​បាន​រៀបចំ​កិច្ចប្រជុំ​របាយការណ៍​ដ៏​សង្ខេប​ពី​លទ្ធផល​សំខាន់​ៗ​នៃ​ការ​សិក្សា​នេះ​ដល់​បញ្ញវន្ត អគ្គនាយក ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​នៃ​ប្រទេស​ជា​សមាជិក MRC ទាំង​៤ ។
គណៈកម្មការ​ទន្លេមេគង្គ​រំពឹង​ថា កិច្ចប្រជុំ​កំពូល​នេះ នឹង​ជួយ​បន្ត​ពង្រឹង​តួនាទី​របស់​គណៈកម្មការ​នេះ ក្នុង​នាម​ជា​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ​ចំណេះដឹង និង​ជា​វេទិកា​ការទូត​ផ្នែក​ទឹក​ដ៏​ចម្បង​នៅ​ក្នុង​តំបន់​អាង​ទន្លេមេគង្គ ។ គណៈកម្មការ​នេះ​ធ្វើការ​ពិនិត្យពិច័យ​លើ​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​បំពេញ​គោលបំណង​ចម្រុះ​ដែល​បាន​ដាក់​ចេញ ដូច​ជា ការ​ធានា​និរន្តរភាព​ធនធាន​នេសាទ ការ​លើកកម្ពស់​វា​រី​អគ្គិសនី​ប្រកបដោយ​ចីរភាព ការ​កំណត់​កាល​នុ​វត្ត​ភាព​សម្រាប់​ស្រោចស្រព​កសិកម្ម ការ​រក្សា​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ ការ​កែ​លម្អ​ការ​គ្រប់គ្រង​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត និង​ការ​រក្សា​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​សំខាន់​ៗ ។

សមិទ្ធផល​ដែល​សម្រេច​បាន​កាលពី​ពេល​ថ្មី​ៗ​នេះ​រួម​មាន ការ​ពង្រឹង​ការ​ចូលរួម ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​អប់រំ​ផ្សព្វផ្សាយ​, ដំណើរការ​ពិគ្រោះ​យោបល់​ជា​មុន​រយៈពេល​៦​ខែ សម្រាប់​គម្រោង​វា​រី​អគ្គិសនី​ប៉ាក់​បេង ដែល​បាន​ទទួល​ការ​កោតសរសើរ​ពី​ភាគី​ជា​ច្រើន​យ៉ាង​ទូលំទូលាយ​, ការ​អនុម័ត​លើ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​សម្រាប់​តំបន់​អាង​ទន្លេ​ទាំងមូល ដែល​ផ្ដោត​លើ​ធនធាន​នេសាទ ការ​ប្រែប្រួល​អាកាសធាតុ និង​យេ​ន​ឌ័​រ និង​ការ​បញ្ចប់​គោលការណ៍​ណែនាំ ស្ដី​ពី​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​សម្រាប់​គម្រោង​វា​រី​អគ្គិសនី និង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន​។

កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣​នេះ គឺជា​កិច្ចប្រជុំ​បន្ត​ពី​កិច្ចប្រជុំ​កំពូល​ចំនួន​២​លើក​កន្លង​មក ដែល​កិច្ចប្រជុំ​កំពូល​លើក​ទី​១ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ឆ្នាំ​២០១០ ដែល​មាន​ប្រទេស​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ខេត្ត​ហួ​ហ៊ី​ន និង​កិច្ចប្រជុំ​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៤ ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​ប្រទេស​វៀតណាម ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​។ ខណៈ​កិច្ចប្រជុំ​កំពូល​លើក​ទី​១ បាន​ប្រែក្លាយ​សកម្មភាព​របស់ MRC ឱ្យ​ក្លាយជា​យុគសម័យ​នៃ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ កិច្ចប្រជុំ​កំពូល​លើក​ទី​២ ធ្វើ​ឱ្យ​មានការ​យកចិត្តទុកដាក់​រឹតតែ​ខ្លាំងក្លា​បន្ថែម​ទៀត​លើ​ការ​ពឹង​អាស្រ័យ​លើ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​វិស័យ​ប្រើប្រាស់​ទឹក​នានា​ដូច​ជា វិស័យ​កសិកម្ម និង​ថាមពល ជាដើម ។

កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣​នេះ នឹង​នាំ​ឱ្យ​មានការ​ដាក់​ចេញ​នូវ​សេចក្ដី​ប្រកាស ដែល​នឹង​ដាក់​ចេញ​នូវ​អាទិភាព​កម្រិត​ខ្ពស់​សម្រាប់​រយៈពេល​៤​ឆ្នាំ​ខាង​មុខ​ទៀត ក៏​ដូច​ជា​គូសបញ្ជាក់​សា​ជា​ថ្មី​ពី​ការ​ទទួលខុសត្រូវ​រួម​របស់​ប្រទេស​ជា​សមាជិក ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ស្ថានភាព និង​ធនធាន​របស់​តំបន់​អាង​ទន្លេមេគង្គ នា​ពេល​អនាគត ។

គណៈកម្មការ​ទន្លេមេគង្គ គឺជា​ស្ថាប័ន​អន្តររដ្ឋាភិបាល ដែល​មាន​តួនាទី​ជំរុញ លើកកម្ពស់​កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់​ក្នុង​អាង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ផ្អែក​ទៅ​តាម​កិច្ចព្រមព្រៀង​ទន្លេមេគង្គ​រវាង​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ។ ស្ថាប័ន​នេះ​បំពេញ​តួនាទី​ជា​វេទិកា​ថ្នាក់​តំបន់​សម្រាប់​ការទូត​ផ្នែក​ទឹក ក៏​ដូច​ជា​មជ្ឈមណ្ឌល​ចំណេះដឹង ស្ដី​ពី​ការ​គ្រប់គ្រង​ធនធានទឹក ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​តំបន់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ