ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​​ស្តារិ​ច​បង្កប់​ឈើ​ប្រណីត​ប្រុង​លោត​​ឆត្រ​ទៅ​ព្រំ​ដែន​វៀតណាម

15 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ យោងតាម​ការណែ​នាំ​​របស់​លោក​នេត សាវឿន ​អគ្គ​ស្នងការ​នគរបាល​​ជាតិ ​និង​លោក​ឧត្តមសេនីយ៍​ទោ​ស៊ាង ប៊ុនលាង ​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​​បទ​​ល្មើស​​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ​កំលាំង​​នគរ​បាល​​សេដ្ឋ​កិច្ច​ក្រសួង​ បាន​សហការ​ជា​មួយ​នគរ​បាល​​សេដ្ឋ​កិច្ច​នៃ​ស្នងការ​ដ្ឋាន​ខេត្ត ​បង្រ្កាប​បាន​រថយន្ត​ម៉ាក​ស្តារិច​១​គ្រឿង ​ដែល​លួច​ដឹក​ឈើ​ប្រណីត​​ខុស​​ច្បាប់​នៅ​ត្រង់​ចំណុច​ឡូត៍​កៅ​ស៊ូលេខ​២៥ មូល​ដ្ឋាន​ចំការកៅស៊ូពាមជាំង ស្រុកអូររាំងឪ កាល​ពី​វេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី២៣មីនា ដែលបំរុងនាំទៅលក់នៅព្រំដែនវៀត​ណាម ។

លោកវរសេនីយ៍ត្រីហឿន វីណា អនុ​ប្រធាន​ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា កម្លាំង​មូល​ដ្ឋានបានរាយការណ៍មករូបលោកថា មានរថ​យន្ត១គ្រឿងម៉ាក​ស្តារិចបើក​ឆ្លងស្ពាន​ព្រែក​តា​មាក់ចូលមកខេត្តកណ្តាល និងបន្តមកកាន់​ស្រុក​អូររាំងឪសង្ស័យ​​មានបង្កប់ឈើប្រណីត​ក្នុង​គោលបំណងយក​ទៅ​លក់​នៅប្រទេសជិតខាង ។ ក្រោយពី​ទទួល​បានព័ត៌មាននេះភ្លាម រូបលោក បាន​បញ្ជា​ឱ្យ​កម្លាំង​ក្រោមឱវាទចុះសហការ​ជាមួយ​នឹង​នគរបាលសេដ្ឋកិច្ចខេត្តត្រៀមកំលាំង​ចាំឃ្លាំមើលនៅក្នុងឡូត៍កៅស៊ូពាមជាំងរហូត​ដល់​វេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃដដែល ក៏​ឃើញរថយន្តដែល​មានភិនភាគគួរឱ្យសង្ស័យ​នោះមែន ។

​លោកហឿន វីណា បាន​បន្ត​ទៀត​ថា ​លុះ​ពេល​ឃាត់​ធ្វើ​ការឆែកឆេរ​ឃើញមានឈើ​ប្រណីតលេខ១ ប្រភេទ​នាងនួន និងគ្រញូង​ចំនួន៧ដុំ ក៏បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល​ខេត្ត​រួមជាមួយ​​អ្នក​បើកបរ​ឈ្មោះលី ម៉េង ភេទ​ប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងសង្កាត់ទឹក​ល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។ អ្នក​​បើក​បរ​​រថ​យន្ត​រូបនេះបានឆ្លើយថាឈើទាំងនេះ​គឺដឹកចេញពីភ្នំពេញ​ក្នុងគោលដៅយក​ទៅ​ស្រុក​​មេមត់​ជាប់ព្រំដែនប្រទេសវៀតណាម ។ បន្ទាប់​មក​នៅវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី២៤ មីនា ក៏បានរៀបចំបែបបទប្រគល់ឱ្យទៅ​លោក​ជា បញ្ញា នាយរងសង្កាត់រដ្ឋបាលព្រៃ​ឈើ​ស្រី​សន្ធរ ដើម្បី​ចាត់ការតាមច្បាប់ ៕