ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​សេដ្ឋកិច្ច​​ចាត់វិធានការ​លើ​រោងចក្រ​បារី​ក្រុមហ៊ុន វី​នី​តុ​ន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្លាំង​នគរបាល​សេដ្ឋកិច្ច សហការ​ជាមួយនឹង​មន្ដ្រី​រសួងសុខាភិបាល​ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ ២០១៨…

រាជធានី​ភ្នំពេញ​៖ កម្លាំង​នគរបាល​សេដ្ឋកិច្ច សហការ​ជាមួយនឹង​មន្ដ្រី​រសួងសុខាភិបាល​ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ ២០១៨ បាន​រក​ឃើញ​ថា​ រោងចក្រ​វេច​ខ្ចប់​បារី​របស់​ក្រុមហ៊ុន វី​នី​តុ​ន គ្រុប ដែល​មាន​ទីតាំង​ស្ថិត​ក្នុងស្រុក អង្គ​ស្នួល ខេត្តកណ្ដាល ពិតជា​បាន​រំលោភ​ទៅ​លើ​ច្បាប់​ស្ដី​ពីសារ​ព្រមាន​សុខភាព​ជា​រូប​ភាព និង​អក្សរ ដោយនៅ​លើ​កញ្ចប់​បារី​ និង​សុង​បារី គឺ​ពុំ​មាន​បោះពុម្ព​សារ​ព្រមាន​សុខ​ភាព​​ជា​រូបភាព​ឡើយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ដ្រី​នគរបាល​ចុះ​អនុវត្ត​។​

​មន្ដ្រី​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​​ថា យោង​ទៅ​តាម​ច្បាប់ ផលិតករ​ថ្នាំជក់​ក្នុងស្រុក និង​អ្នក​នាំ​ចូល​ផលិតផល​ថ្នាំជក់​គ្រប់​​ប្រភេទ​សម្រាប់​ធ្វើការ​ចែកចាយ​លក់ និង​ប្រើប្រាស់ ត្រូវ​បោះពុម្ព​សារ​ព្រមាន​សុខ​ភាព​​ជា​រូបភាព​ដែល​មាន​ទំហំ​៥០% និង​សារ​ព្រមាន​សុខភាព​ជា​អក្សរ​ទំហំ​៥%​ នៅ​លើ​ផ្ទៃ​សំខាន់​ខាង​មុខ និង​ខាងក្រោយ​នៃ​កញ្ចប់​បារី​។

​មន្ត្រី​នគរបាល​ដដែល​បាន​បន្ថែម​ទៀត​ថា​៖ «​យើង​មិនមែន​ផ្ដោត​តែ​ទៅ​លើ​រោងចក្រ​បារី​របស់​ក្រុមហ៊ុន វី​នី​តុ​ន គ្រុប មួយ​នេះ​ទេ យើង​នឹង​មាន​វិធានការ​គ្រប់​ក្រុមហ៊ុន សហ​គ្រាស​​ទាំងអស់ ដែល​លក់​ និង​ចែកចាយ​បារី​នៅ​ក្នុងស្រុក​ខ្មែរ ។ ជា​រួម គឺ​យើង​នឹង​ចាត់​វិធាន​ការ​ឲ្យ​តែ​មាន​ចរាចរ​បារី​ដែល​អត់​អនុលោម​តាម​ច្បាប់​»​។​

​មន្ត្រី​នគរបាល​ដដែល​បន្ថែម​ថា​៖ «​រោងចក្រ​វេច​ខ្ចប់​បារី​នេះ គឺ​កញ្ចប់​បារី​ខ្លះ​មាន​បោះពុម្ព​សារ​​ព្រមាន​សុខភាព​ជា​រូបភាព ហើយ​ខ្លះ​គឺ​អត់​មាន​នោះ​ទេ គឺ​ក្រុមហ៊ុន​ដាក់​ចម្រុះ​គ្នា​តែ​ម្ដង​»​។ ក្រុមហ៊ុន វី​នី​តុ​ន​នេះ​ផលិត​នូវ​ម៉ាក​យីហោ​ផលិតផល​បារី​ក្នុងស្រុក​មួយ​ចំនួន​មាន​ដូច​ជា​៖ បារី Luxury, Coconut និង Crown​។ មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន វី​នី​តុ​ន​គ្រុប បាន​ទទួល​នូវ​ការ​ព្រមាន ​ព្រមទាំង​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ថា​ នឹង​គោរព​តាម​ច្បាប់ ហើយ​ក្រុមហ៊ុន​បាន​សន្យា​ថា​ នឹង​ប្រមូល​ត្រលប់​មក​វិញ​នូវ​ផលិតផល​ថ្នាំ​ជក់​ដែល​មិន​អនុលោម ហើយ​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​ដើម្បី​យក​មក​ធ្វើការ​កែតម្រូវ​ដោយ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ​វិញ​ឲ្យ​បាន​មុន​ថ្ងៃ​ទី ០១ មិថុនា។​

​ក្រោយ​ពេល​ការ​ចុះ​ត្រួតពិនិត្យ​រួច អាជ្ញាធរ​ខេត្តកណ្ដាល​បាន​អំពាវនាវ​ឲ្យ​អ្នក​លក់ដុំ និង​លក់រាយ​ទាំងអស់​ចូលរួម​ចំណែក​ក្នុង​ការ​អនុវត្ត​ច្បាប់ ដោយ​ទទួល​លក់​តែ​បារី​ណា​ដែល​មាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ ចៀសវាង​ការ​ផាកពិន័យ​នៅ​ពេល​ដែល​នគរបាល​ចុះ​ធ្វើការ​ត្រួតពិនិត្យ​។​

​កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​ការ​ចុះ​ទៅ​ខេត្តកំពត​ក៏​មាន​ករណី​ស្រ​ដៀង​គ្នា​នេះ​ដែរ នគរបាល​រួម​នឹង​មន្ត្រី​ក្រសួង​សុខា​ភិ​-​បាល បាន​រក​ឃើញ​នូវ​ម៉ាក​យីហោ​បារី​ផលិត​ក្នុងស្រុក​មួយ​ចំនួន​ដែល​មិន​បាន​វេច​ខ្ចប់​មិន​ស្រប​តាម​ច្បាប់​កំណត់​។

​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​មាន​គោលបំណង​ការពារ​សុខភាព​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ដោយ​កម្រិត​ទៅ​លើ​ផលិតករ​ថ្នាំជក់ និង​អ្នក​នាំ​ចូល​ផលិតផល​ថ្នាំ​ជក់​ក្នុង​ប្រទេស​កម្ពុជា​ទាំងអស់​។ ច្បាប់​នេះ​បាន​បញ្ជាក់​ថា អ្នក​ផលិត​ និង​អ្នក​នាំ​ចូល​ដែល​​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​រំលោភ​លើ​ច្បាប់​នេះ នឹង​ត្រូវ​ផាកពិន័យ​ចន្លោះ​ពី ៤ លាន ទៅ ២០ លាន​រៀល ហើយ​ការ​ផាកពិន័យ​ច្រើន​លើក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ នឹង​អាច​ឈាន​ទៅ​​រក​ការ​ផាកពិន័យ​ទ្វេរ​ដង​នៃ​ទឹកប្រាក់​ពិន័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ