ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ប្តេជ្ញា​ធ្វើ​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ពេល​ខាង​មុខ​បាន​ល្អ​ក្នុង​នាម​ជា​ខ្មែរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​បន្ត​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​អ្នកតំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​នេះ ឲ្យ​បាន​ល្អ​ទៅ​ទៀត​ក្នុង​នាម​ជា​ខ្មែរ ។ ការ​លើក​លើក​ឡើង​ប្រធាន គ​.​ជ​.​ប​. លោក​ស៊ិ​ក ប៊ុ​ន​ហុ​ក បន្ទាប់​ពី​ជំនួប​ពិភាក្សា​ជាមួយ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​បន្ត​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​អ្នកតំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​នេះ ឲ្យ​បាន​ល្អ​ទៅ​ទៀត​ក្នុង​នាម​ជា​ខ្មែរ ។ ការ​លើក​លើក​ឡើង​ប្រធាន គ​.​ជ​.​ប​. លោក​ស៊ិ​ក ប៊ុ​ន​ហុ​ក បន្ទាប់​ពី​ជំនួប​ពិភាក្សា​ជាមួយ លោក ហេង វ៉ា​ន់​ដា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ គ​.​ជ​.​ប កន្លង​មក ។

លោក ហេង វ៉ា​ន់​ដា បាន​លើក​ឡើង​ថា សមាគម​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​ដែល​បាន​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​មក​យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន គ្មាន​ហិង្សា ស្ងប់ស្ងាត់ មាន​សណ្តាប់ធ្នាប់​ល្អ​និង​ស្ថិត​នៅ​ក្នុង​បរិយាកាស​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​គួរ​ជាទី​មោ​ទ​នៈ​សម្រាប់​ប្រទេស​ជាតិ យើង​ព្រមទាំង​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​ប្រកាស​ដោយ គ​.​ជ​.​ប ។

លោក​បាន​បន្ត​ថា គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​ដែល​មាន​គ្រឹះស្ថាន​ឯកជន​ចំនួន​៩៥ បាន​ចាត់តាំង​សមាជិក​របស់​ខ្លួន​ចំនួន​៤៣​នាក់ គ្រប់​ដណ្តប់​ពេញ​កាល​រិ​យា​ល័យ​បោះ​ឆ្នោត​ទាំង​៣៣​ទូ​ទាំង​ប្រទេស ដើម្បី​ធ្វើ​ជា​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​សម្រាប់​សង្កេត​មើល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​នីតិកាល​ទី​៤ ឆ្នាំ​២០១៨ ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ហេង វ៉ា​ន់​ដា បាន​ឲ្យ​ដឹង​ថា សមាគម​បាន​ត្រៀម​ក្រុមការងារ​ពី​២៥០ នាក់ ទៅ​៥០០​នាក់ ដែល​ជា​សាស្ត្រ​ចា​រ្យ​បញ្ញវន្ត គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ដើម្បី​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។

ចំណែក​លោក​ស៊ិ​ក ប៊ុ​ន​ហុ​កបាន​កោតសរសើរ​សមាគម​ន​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​ដែល​មាន​បេស​កម្ម​របស់​ខ្លួន​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​ជួយ​អភិវឌ្ឍន៍​សេវា​អប់រំ​ឲ្យ​មានគុណ​ភាព និង​ចូលរួម​ជួយ​សង្គម​ជាមួយ​រាជរដ្ឋាភិបាល​ដែល​ចំណុច​នេះ សំខាន់​ណាស់ ដើម្បី​កសាង​មនុស្ស​យុវជន​បន្តវេន ។

លោក​ប្រធាន​ក៏​បាន​លើក​ឡើង​ថា គ​.​ជ​.​ប​.​នឹង​ត្រៀម​ក្រុមការងារ ដើម្បី​បណ្តុះបណ្តាល​និស្សិត​បញ្ញា​វន្ត ជុំវិញ​ការ​បោះ​ឆ្នោត ពីព្រោះ​ការងារ​បោះ​ឆ្នោត​គ្មាន​សាលាបង្រៀន​ទេ ។ ការ​បណ្តុះបណ្តាល​នេះ​នឹង​ធ្វើ​ឲ្យ​យុវជន​ប្រជាពលរដ្ឋ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​សិទ្ធិ​ក្នុង​នាម​ជា​ពលរដ្ឋ​ល្អ​ទៀត​ផង ។

ក្នុង​ឱកាស​នោះ​ដែរ​លោក ហេង វ៉ា​ន់​ដា ប្រធាន​គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា​ក៏​បាន​លើក​ឡើង​ដែរ​ថា មូលហេតុ​ចម្បង​បំផុត​ដែល​យើង ចូលរួម​ក្នុង​ការ​សង្កេតការណ៍​នេះ យើង​ចង់​ចូលរួម​ក្នុង​នាម​ជា សង្គម​មួយ​ធ្វើ​ម៉េច​ឲ្យ​ប្រទេស​យើង​មានការ​បោះ​ឆ្នោត​មួយ​មាន​តម្លាភាព ត្រឹមត្រូវ​មានការ​បោះ​ឆ្នោត​ដោយ​សុខសាន្ត ដោយ​រលូន​មាន​លក្ខណៈ​ជា​ប្រជាធិបតេយ្យ ។

អ្នកនាំពាក្យ គ​.​ជ​.​ប​.​លោក​ហង្ស ពុទ្ធា​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​កម្ពុជា នឹង​ធ្វើ​ឡើង​តាម​កាលកំណត់ ដោយ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ ទោះបីជា​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​បាន​អំពាវនាវ​ឱ្យ​មានការ​ពន្យារពេល​យ៉ាងណា​ក៏​ដោយ ។
អ្នកនាំពាក្យ គ​.​ជ​.​ប​បាន​អះអាង​ថា ការ​ថ្លែង​យោបល់​យ៉ាងណា​របស់​អតីត​សង្គ្រោះ​ជាតិ នោះ​គ្រាន់តែ​ជា​ការ​លើក​ជា​យោបល់​ទេ ប៉ុន្តែ​សម្រាប់​ច្បាប់​កម្ពុជា​សេចក្តីថ្លែងការណ៍​របស់​ពួក​គាត់​មិន​មាន​ឥទ្ធិពល​អ្វី​ប៉ះពាល់​ដល់​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ឡើយ ហើយ​ក៏​គ្មាន​ឥទ្ធិពល​អ្វី​ដែល​នាំ​ឱ្យ គ​.​ជ​.​ប យក​មក​ពិចារណា​ដែរ ។

សូមរ​ឮ​កថា កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ត្រូវ​បាន​ប្រកាស​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំណត់​យក​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

គ​.​ជ​.​ប​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​នឹង​ទុក​ពេល​១៥​ថ្ងៃ​សម្រាប់​គណបក្ស​នយោបាយ ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះ ឆ្នោតជាតិ​មួយ​នេះ ។ រយៈពេល​នៃ​ការ​ចុះ​ឈ្មោះ​នេះ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣០ ខែមេសា រហូត​ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ។

សម្រាប់​គណបក្ស​នយោបាយ​ណា​ដែល​មិន​បាន​ចុះ​ឈ្មោះ​ទាន់​ពេលវេលា នៅ​អំឡុង​ពេល​នោះ គ​.​ជ​.​ប នឹង​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ឡើយ ។

ទាក់ទិន​នឹង​គណបក្ស​នយោបាយ​វិញ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​រហូត​ដល់​ពេល​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៣៧​ហើយ ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ថា ស្របច្បាប់ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​នៅ​ដំណាក់កាល​នេះ​គេ​មិន​ទាន់​ដឹង​ថា នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​ប៉ុន្មាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​នៅឡើយ ខណៈ​គណបក្ស​ជា​ច្រើន​ក្នុង​ចំណោម​នោះ​ទាំង​ថ្មី និង​ចាស់​បាន​ប្រកាស​ត្រៀមខ្លួន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ