ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ រង់ចាំ​ទាំង​អន្ទះសារ​ជួប​ជាមួយ​លោក​គី​ម ជុង​អ៊ុ​ន

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​កាល​ពី​ថ្ងៃ​ឬ​ទី​២៨ មីនា ថា លោក​ត្រូវ​បាន​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង…

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​កាល​ពី​ថ្ងៃ​ឬ​ទី​២៨ មីនា ថា លោក​ត្រូវ​បាន​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង ផ្តល់​ព័ត៌​មាន​​ប្រាប់​លោក​ថា លោក​គី​ម ជុង​អ៊ុ​ន ពិតជា​អន្ទះសារ​ចង់​ជួប​លោក ដែល​នេះ​ជា​សញ្ញា​ថា ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​ទាំង​២​ពិតជា​អាច​កើត​មាន ។

ក្រោយ​ពាក្យ​ចចាមអារ៉ាម​រយៈពេល​២​ថ្ងៃ​ក្រុង​ប៉េ​កាំ​ង​ប្រកាស​នា​ថ្ងៃ​ទី​២៨ មីនា ថា មេ​ដឹក​នាំ​កូរ៉េ​ខាងជើង​ពិតជា​មក​កាន់​រដ្ឋធានី​ចិន និង​ថា លោក​បាន​ជួប​ជាមួយ​ប្រមុខរដ្ឋ​ចិន ។ នេះ​ជា​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​លើក​ដំបូង​របស់​លោក​គី​ម ជុង​អ៊ុ​ន ចាប់តាំងពី​លោក​ឡើង​កាន់​អំណាច​ពី​ឆ្នាំ​២០១១​មក ។

តាម TWITTER ប្រធានាធិបតី​អា​មេ​រិ​ក​សរសេរ​ថា លោក​បាន​ទទួល​នា​យប់​មុន​នូវ​សារ​មួយ​របស់​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង ដែល​និយាយ​ថា ការ​ជួប​គ្នា​របស់​លោក​ជា​មួយ​លោក​គី​ម ជុង​អ៊ុ​ន ពិតជា​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ប្រសើរ និង​ថា លោក​គី​ម ចង់​ជួប​ខ្ញុំ​ឆាប់​ៗ ។ គួរ​ឱ្យ​សោកស្តាយ​ពេល​រង់ចាំ​គេ​ត្រូវ​រក្សា​ទុក​ការ​ដាក់​ទណ្ឌកម្ម និង​ការ​គាប​សង្កត់​ខ្លាំង ។ លោក​ត្រាំ ក៏​អះអាង​ដែរ​ថា ខ្ញុំ​រង់ចាំ​ការ​ជួប​គ្នា​របស់​យើង​ដោយ​អន្ទះសារ ។ ជន​លេខ​មួយ​កូរ៉េ​ខាងជើង​បាន​សន្យា​ប្រាប់​ប្រធានាធិបតី​ចិន​ថា នឹង​ធ្វើការ​ទៅ​រក​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ។

ទស្សនកិច្ច​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វិធី​មួយ​សម្រាប់​មេដឹកនាំ​កូរ៉េ​ខាងជើង​រៀបចំ​ការ​ជួប​គ្នា​កំពូល​ដែល​គ្រោង​ធ្វើ​ជាមួយ​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​ដែល​អាច​កើត​មាន​នា​ខែឧសភា ។

លោក​ត្រាំ សរសេរ​តាម TWITTER ទៀត​ថា រយៈពេល​ច្រើន​ឆ្នាំ និង​ក្រោម​ប្រធានាធិបតី​អា​មេ​រិ​ក​ជា​ច្រើន​រូប​គ្រប់​គ្នា​និយាយ​ថា សន្តិភាព និង​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​មាន​លទ្ធភាព​តិច​បំផុត ។ បច្ចុប្បន្ន​អាច​មានភ័ព្វ​វាសនា​ល្អ​ដែល​លោក​គី​ម ជុង​អ៊ុ​ន នឹង​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​ប្រជាជន​លោក និង​សម្រាប់​មនុស្សជាតិ ។

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP បញ្ជាក់​ថា លោក​គី​ម ជុង​អ៊ុ​ន មក​កាន់​ប្រទេស​​ចិន​ពី​ថ្ងៃ​ទី​២៥ មក​២៨ មីនា អមដំណើរ​ដោយ​ភរិយា​លោកស្រី RI SOL JU ។
លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​ទៅ​កាន់​លោក​ស៊ី ជី​ន​ពីង ថា សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ចាប់ផ្តើម​មានការ​កែ​លម្អ​ដោយសារ​ការ​ផ្តួចផ្តើម​គំនិត​របស់​ក្រុង​ព្យុ​ង​យ៉ាង​ដែល​បាន​បញ្ជូន​សំណើ​ចរចា​សន្តិភាព​នានា ។ យើង​បាន​បញ្ជាក់​ជា​និច្ច​ពី​ឆន្ទៈ​របស់​យើង​ឈាន​ទៅ​រក​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ។

លោក​រំលឹក​ថា​នោះ​ជា​បំណងប្រាថ្នា​របស់​បិតា​លោក​គឺ​លោក​គី​ម ជុង​អ៊ី​ល ។ លោក​អះអាង​ពី​ឆន្ទៈ​បើកចំហ​ទៅ​រក​ការ​ចរចា​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក និង​រៀបចំ​ការ​ជួប​គ្នា​កំពូល​មួយ​រវាង​ប្រទេស​ទាំង​២ ។ លោក​បន្ត​ថា ជម្លោះ​ទាក់ទិន​នឹង​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​អាច​ដោះស្រាយ​បាន​ប្រសិនបើ​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​បង្ហាញ​ពី​សុ​ឆន្ទៈ​ដើម្បី​ឆ្លើយ​តបចំពោះ​បណ្តា​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​បង្កើត​បរិយាកាស​មួយ​ដែល​អនុគ្រោះ​ដល់​ស្ថេ​រ​ភាព ហើយ​បង្កើត​សន្តិភាព ។

ទោះបីជា​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ចាត់ទុក​ទស្សនកិច្ច​នេះ​របស់​លោក​គី​ម ជុង​អ៊ុ​ន នៅក្រុង​ប៉េ​កាំ​ង​ថា​ជា​ទស្សនកិច្ច​ក្រៅផ្លូវការ​មួយ​ក្តី តែ​វា​មាន​លំនាំ​បែប​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ខណៈ​ពិធីជប់លៀង​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើ​ជា​ពិសេស​ដោយ​លោក​ស៊ី ជី​ន​ពីង ជូន​ជា​កិត្តិយស​ដល់​ភ្ញៀវកូរ៉េ​ខាងជើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ