ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​3​ប្រភេទ​ដែល​ត្រៀម​​បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​នោះ ដល់​ណា​ហើយ!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បង្ហាញ​ពី​សកម្ម​ភាព​ដុតដៃដុតជើង​យ៉ាង​ខ្លាំង ដើម្បី​ដាក់​កីឡា​៣​ប្រភេទ​ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​​ភ័​ណ្ឌ​ពិភពលោក​ក្នុង​ពេល​ដ៏​ខ្លី ។ យ៉ាងណា​ក៏​ដោយ​លទ្ធផល​ជាក់ស្ដែង​ស្ថិត​ក្នុង​ការ​តាមដាន​នៅឡើយ​ប៉ុណ្ណោះ ខណៈ​ដែល​ក្នុង​ចំណោម​កីឡា​ទាំង​៣​ប្រភេទ​នោះ​ទើបតែ​មាន​កីឡា​មួយ​ប៉ុណ្ណោះ​ដែល​ឯកសារ​ទាំងស្រុង​បាន​ធ្លាក់​ដល់​ដៃ​អង្គការ​យូ​ណេ​ស្កូ​ដែល​ជា​អ្នក​ទទួល​ចុះបញ្ជី​។ លោក…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បង្ហាញ​ពី​សកម្ម​ភាព​ដុតដៃដុតជើង​យ៉ាង​ខ្លាំង ដើម្បី​ដាក់​កីឡា​៣​ប្រភេទ​ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​​ភ័​ណ្ឌ​ពិភពលោក​ក្នុង​ពេល​ដ៏​ខ្លី ។ យ៉ាងណា​ក៏​ដោយ​លទ្ធផល​ជាក់ស្ដែង​ស្ថិត​ក្នុង​ការ​តាមដាន​នៅឡើយ​ប៉ុណ្ណោះ ខណៈ​ដែល​ក្នុង​ចំណោម​កីឡា​ទាំង​៣​ប្រភេទ​នោះ​ទើបតែ​មាន​កីឡា​មួយ​ប៉ុណ្ណោះ​ដែល​ឯកសារ​ទាំងស្រុង​បាន​ធ្លាក់​ដល់​ដៃ​អង្គការ​យូ​ណេ​ស្កូ​ដែល​ជា​អ្នក​ទទួល​ចុះបញ្ជី​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃគណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ថ្លែង​បញ្ជាក់​​ថា មក​ទល់​ពេល​នេះ កម្ពុជា​ទើបតែ​មាន​កីឡា​ល្បុក្កតោ​មួយ​ប៉ុណ្ណោះ​ដែល​បាន​ដាក់​ឯកសារ​ស្នើ​សុំ​ចុះបញ្ជី​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ខណៈ​ដែល​ឯកសារ​នោះ​ក្រោយ​ពីបាន​ប្រគល់​ហើយ គឺ​នឹង​មានការ​ប្រជុំ​ឆ្លង​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨​នេះ ហើយ​បើ​មានការ​តម្រូវ​ឱ្យ​កែសម្រួល​ណាមួយ គឺ​ភាគី​កម្ពុជា នឹង​ធ្វើការ​កែតម្រូវ រហូត​ដល់​ចុងឆ្នាំ​នេះ​នឹង​មានការ​ប្រកាស​ទទួល​ឱ្យ​ចុះបញ្ជី​ឬ​មិន​ឱ្យ​។ លោក​ថា បើ​ទោះជា​ការ​ត្រួតពិនិត្យ​ឯកសារ​មាន​ភាព​ច្បាស់លាស់ និង​មិន​មានការ​កំណត់​ឱ្យ​កែសម្រួល​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​សម្រេច​ប្រកាស​ទទួលស្គាល់​នៅ​តែ​ត្រូវធ្វើ​ឡើង​នៅ​អំឡុង​ចុងឆ្នាំ​២០១៩​​ជា​កំហិត ដោយសារ​តែ​ក្នុង​រយៈពេល​នោះ​ទើប​ជា​ពេលវេលា​សម្រាប់​ការ​ប្រកាស​​ជា​ផ្លូវការ ។

លោក​ថា មិន​ទាន់​ច្បាស់​កីឡា​ល្បុក្កតោ​កម្ពុជា​នឹង​ក្លាយជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភព​លោក​​នៅ​អំឡុង​ឆ្នាំ​២០១៩ នោះ​ទេ ខណៈ​លោក​បញ្ជាក់​ថា បើ​មិន​អាច​បញ្ចូល​បាន​គឺ​រង់ចាំ​​រ​ហូត​ទាល់តែ​២​ឆ្នាំ​ក្រោយ​ទើប​មានការ​សម្រេច​ជា​ថ្មី ។ លោក​ថា លក្ខខណ្ឌ​របស់​អង្គការ​យូ​ណេ​ស្កូ គឺ​មួយ​ឆ្នាំ​ទទួល​ឯកសារ​យក​ទៅ​ឆ្លង និង​ពិភាក្សា ហើយ​មួយ​ឆ្នាំ​ក្រោយ​ទើប​សម្រេច​ប្រកាស​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់ ។ យ៉ាងណាមិញ លោក​ថា ល្បុក្កតោ​​មិន​អាច​មិន​ត្រូវ​បា​នប​ញ្ជូ​ល​នោះ​ទេ ដោយសារ​តែ​ឯកសារ​ក៏​ត្រូវ​បាន​កែ​លម្អ​ជា​ថ្មី​តាម​ការ​ចង់បាន​របស់​អង្គការ​យូ​ណេ​ស្កូ ហើយ​កីឡា​មួយ​នេះ ក៏​មិន​មានរឿង​ចម្រូង​ចម្រាស​​ជាមួយ​ប្រទេស​ណាមួយ ដែល​អាច​និយាយ​បាន​ថា​មានតែ​កម្ពុជា​​មាន​កីឡា​មួយ​នេះ ហើយ​មិនសូវ​ភ័យ​រឿង​ប្រទេស​ណាមួយ​ជំទាស់​ក្នុង​ពេល​កំណត់​ថា ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​។

លោក​ថា ទម្រាំ​តែ​បាន​ឯកសារ​ឱ្យ​យូ​ណេ​ស្កូ ពាក់ព័ន្ធ​នឹង​កីឡា​ល្បុក្កតោ កម្ពុជា​មានការ​រៀបចំ​ក្រុម​ជំនាញ​ស្រាវជ្រាវ និង​ចងក្រង ដោយ​ចំណាយ​ទាំង​ពេលវេលា និង​ប្រាក់​កាស​អស់​ជា​ច្រើន ខណៈ​ដែល​នៅ​ក្នុង​នោះ​ក៏​បាន​ពង្រឹង​លើ​ការ​បណ្ដុះបណ្ដាល​អ្នកជំនាញ​ដែល​ជា​ឯកសារ​រស់​ហើយ​ថត​ជា​ឯកសារ​ជា​ច្រើន​ផង​ដែរ ទើប​លោក​ជឿជាក់​យ៉ាង​ខ្លាំង​ថា ក្នុង​ឆ្នាំ​២០១៩ខាង​មុខ គឺ​ល្បុក្កតោ​កម្ពុជា​នឹង​ត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ដោយ​ចៀស​មិន​ផុត ។ លោក​ថា ជា​រៀង​រាល់​ឆ្នាំ​អង្គការ​ពិភពលោក​មួយ​នេះ តម្រូវ​ឱ្យ​ប្រទេស​នីមួយ​ៗ​ដាក់​សំណើ​បញ្ចូល​អ្វីមួយ​ជា​បេ​តិក​ភ័​ណ្ឌពិភពលោក​តែ​មួយ​ៗ​ប៉ុណ្ណោះ ដោយ​មួយ​ឆ្នាំ​ជា​រយៈពេល​សិក្សា ហើយ​មួយ​ឆ្នាំ​ក្រោយ​ពី​ដាក់​សំណើ​ទើប​ប្រកាស​ជា​ផ្លូវការ ។ អ៊ីចឹង​ហើយ​ទើប​កម្ពុជា ក៏​ដូច​ជា​ប្រទេស​ដទៃ មិន​អាច​ដាក់​សំណើ​បញ្ចូល​អ្វីមួយ​ក្នុង​ពេល​តែ​មួយ​បាន​ទេ ខណៈ​លក្ខខណ្ឌ​នៃ​ការ​ដាក់​បញ្ចូល​ក្នុង​រយៈពេល​ចុង​ក្រោយ ក៏​តឹងតែង​ជាង​មុន ជា​ពិសេស​សម្រាប់​ការ​ដាក់​បញ្ចូល​ប្រភេទ​សិល្បៈ ឬ​ក្បាច់គុន​ដែល​មាន​ពេល​ខ្លះ​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​របស់​ជាតិ​សាសន៍​ដទៃ។

លោក វ៉ា​ត់ ចំរើន បន្ត​ថា បន្ទាប់​ពី​ឯកសារ​ល្បុក្កតោ​ត្រូវ​បាន​បញ្ជូន​ដល់​ដៃ​យូ​ណេ​ស្កូ​ហើយក្រុមការងារ​ជំនាញ​របស់​កម្ពុជា​ក៏​កំពុង​ដុត​ដៃដុត​ជើង​ចងក្រង​ឯកសារ​កីឡា​អុកចត្រង្គ​និង​ចំបាប់​បុរាណ ដើម្បី​ត្រៀម​ដាក់​បញ្ចូល​ជា​សម្បត្តិបេ​តិក​ភ័​ណ្ឌ​ពិភពលោក​ផង​ដែរ ។ លោក​អះអាង​ថា មក​ទល់​ពេល​នេះ ក្រុម​ជំនាញ​ទាំង​ពីរ​ក្រុម​ស្ថិត​ក្នុង​ភាព​សកម្ម​មិន​ខុស​គ្នា​ក្នុង​ការ​ចងក្រង និង​ផលិត​ជា​វី​ដេ​អូ​ឯកសារ ដើម្បី​ធ្វើ​ជា​ឯកសារយោង ។ យ៉ាងណាមិញ មិន​ទាន់​ដឹង​ថា តើ​កីឡា​ណាមួយ​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​មុន​នោះ​ទេ ដោយ​រង់ចាំ​ទាល់តែ​ឯកសារ​ត្រូវ​បាន​ផលិត​រួចរាល់ ហើយ​ត្រូវ​ចំណាយពេល​ត្រួតពិនិត្យ​មើល​ថា​ឯកសារ​ណាមួយ​គ្រប់គ្រាន់ និង​ពេញលេញ​ជា​មុន​សិន ។

លោក​អះអាង​ថា មិន​ទាន់​ប្រាកដ​ថា ក្រុមការងារ​ដែល​រៀប​ឯកសារ​ហើយ​មុន នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​មុន​ទេ ដោយសារ​តែ​ឯកសារ​ខ្លះ​ក៏​ត្រូវ​ត្រួតពិនិត្យ​ឡើង​វិញ ហើយ​ត្រូវ​ការ​ការ​ធ្វើ​បន្ថែម​ដែល​អាច​ចំណាយពេល​ច្រើន តែ​សម្រាប់​ក្រុម​ខ្លះ​ដែល​សម្រេច​ផែន​ការ​ ទើបតែ​៣០​ភាគរយ​ឬ​៤០​ភាគរយ ហើយ​ឯកសារ​ទាំងនោះ​ពេញលេញ អាច​នឹង​យក​ជា​ការ​បាន​មុន​ក៏​ថា​បាន ។ លោក វ៉ា​ត់ ចំរើន បន្ត​ថា រវាង​អុកចត្រង្គ និង​ចំបាប់​បុរាណ លោក​រំពឹង​ថា អុកចត្រង្គ នឹង​ត្រូវ​បាន​ដាក់​ទៅ​ឱ្យ​អង្គការ​យូ​ណេ​ស្កូ​មុន ដោយសារ​តែ​កីឡា​ប្រភេទ​នេះ កម្ពុជា​មាន​ឯកសារយោង​គ្រប់គ្រាន់ ហើយ​បើ​និយាយ​ពី​ភាព​ចំណាស់​នៃ​កីឡា និង​ភាព​ខុស​ប្លែក​ពី​កីឡា​ផ្សេង​ទៀត​របស់​ប្រទេស​ដទៃ ក៏​មាន​គ្រប់គ្រាន់​ផង​ដែរ។ ម្យ៉ាង​មក​ពី​កម្ពុជា​ចង់​ដាក់​កីឡា​មួយ​នេះ​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​កាន់តែ​ច្បាស់​ពី​កម្ពុជា​ផង ទើប​កីឡា​អុកចត្រង្គ​អាច​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​បន្ទាប់​ពី​កីឡា​ល្បុក្កតោត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ ។

មក​ទល់​ពេល​នេះ លោក​ថា អុកចត្រង្គ​កាន់តែ​មានការ​ស្គាល់ពី​សំណាក់​ជាតិ និង​អន្តរ​ជាតិ ជា​ពិសេស​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ការ​ប្រកួតជា​រៀង​រាល់​ឆ្នាំ​កាន់តែ​បង្ហាញ​កាន់តែ​ច្បាស់​ពី​ភាព​អស្ចារ្យ​របស់​កីឡា​អុកចត្រង្គ ដែល​នឹង​ងាយស្រួល​ក្នុង​ការ​ដាក់​សំណើ​ទៅ​អង្គការ​យូ​ណេ​ស្កូ ។ លោក​មិន​ទាន់​សម្លឹង​ឃើញ​កីឡា​ណា​ផ្សេង​ដើម្បី​ចងក្រង​ឯកសារ​ដូច​គ្នា​នេះ​ទេ បន្ទាប់​ពី​កីឡា​ទាំង​៣​ប្រភេទ​នៅ​មិន​ទាន់​សម្រេច​គោល
ដៅ​ក្លាយជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​នៅឡើយ ។ លោក​និយាយ​ថា​៖«​ឥឡូវនេះ យើង​កំពុង​ខ្វល់​រឿង​កីឡា​ទាំង​៣(​ល្បុក្កតោ អុកចត្រង្គនិង​ចំបាប់​បុរាណ​)​អ៊ីចឹង​យើង​អត់​ទាន់​គិត​ឃើញ​ថា កីឡា​ណា​ទៀត​នឹង​ត្រូវ​គួរ​ដាក់​សំណើ​បន្ត​ទេ ប៉ុន្តែ​បើ​កីឡា​ដែល​យើង​កំពុង​ស្នើ​ហ្នឹង​បាន​ចូល​សិន​គឺ​ទើប​គិត​បន្ត​ទៀត​»​។ លោក​ថា បើ​គ្មាន​ការ​ប្រែប្រួល ល្បុក្កតោ​នឹង​ក្លាយជា​សម្បត្តិ​បេ​តិកភ័​ណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​២០១៩ ហើយ​អុកចត្រង្គ
នឹង​ចូល​ក្នុង​ឆ្នាំ​២០២១ និង​ចំបាប់​បុរាណ​នឹង​ចូល​ឆ្នាំ​២០២៣ ប៉ុន្តែ​ភាព​ជាក់ស្ដែង​គឺ​នៅ​រង់ចាំ​អ៊ុត​មើល​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ