ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សាល​វ័​ន្ត មុន​ក្លាយ​ជា​ប្រធាន​ក្លិប​​ និង​គ្រូបង្វឹក​ដ៏ល្បី​ គាត់​ត្រូវ​ឆ្លង​កាត់​អ្វីខ្លះ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នឹង​ក្លាយ​ខ្លួន​ជា​គ្រូបង្វឹក និង​ប្រធាន​ក្លិប​ប្រដាល់​សាល​វ័​ន្ត​កីឡា ព្រម​ទាំង​មានឱកាស​បាន​ធ្វើ​ជា​ចៅក្រម ​និង​អាជ្ញាកណ្តាល​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា នា​ពេល​បច្ចុប្បន្ន លោក ឡុ​ង សាល​វ័​ន្ត…

រាជធានី​ភ្នំពេញ ៖ មុន​នឹង​ក្លាយ​ខ្លួន​ជា​គ្រូបង្វឹក និង​ប្រធាន​ក្លិប​ប្រដាល់​សាល​វ័​ន្ត​កីឡា ព្រម​ទាំង​មានឱកាស​បាន​ធ្វើ​ជា​ចៅក្រម ​និង​អាជ្ញាកណ្តាល​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា នា​ពេល​បច្ចុប្បន្ន លោក ឡុ​ង សាល​វ័​ន្ត ធ្លាប់​ឆ្លងកាត់​ការ​លំបាក​យ៉ាងច្រើន ទាំង​ការ​​ផ្ញើខ្លួន​នៅ​លើ​សង្វៀន​ប្រដាល់ និង​ដំណើរការ​នៃ​ការ​បើក​ក្លិប​ប្រដាល់​ផ្ទាល់ខ្លួន ប៉ុន្តែ​អតីត​កីឡាករ​ដ៏​ល្បី​នៅ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៩០​រូប​នេះ​បាន​កំណត់​ថា លោក​នឹង​ព្យាយាម​ដើរ​នៅ​លើ​វិ​ថី​មួយ​នេះ​រហូត​ដល់ទី​បញ្ចប់​។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព លោក ឡុ​ង សាល​វ័​ន្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ចាប់​យក ​និង​ភ្ជាប់​ខ្លួន​ជាមួយ​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ គឺជា​ជម្រើស​ចុង​ក្រោយ​​ក្នុង​ឆាកជីវិត​របស់​លោក​ បន្ទាប់​ពី​តស៊ូ​ក្រាញននៀល​ទទួលយក​បទ​ពិសោធ​ពី​ប្រភេទ​កីឡា​ផ្សេង​ៗ​ច្រើន​ទៀត ដើម្បី​សម្រេច​នូវ​គោលបំណង និង​បំពេញ​តាម​អ្វី​ដែល​លោក​ចង់​ធ្វើ ។ លោក​ថា មុន​នឹង​ចូល​ហ្វឹកហាត់​ក្បាច់​ប្រដាល់​បុរាណ​ខ្មែរ លោក​បាន​ចំណាយពេល​ហ្វឹកហាត់​កីឡា​កាយសម្ព័ន្ធ កីឡា​តេ​ក្វា​ន់​ដូ និង​កីឡាបាល់ទាត់​ផង​ដែរ ។

ប៉ុន្តែ​ដោយសារ​ប្រភេទ​កីឡា​ទាំង​អស់នោះ ពុំ​អាច​ជួយ​ឲ្យ​លោក​រក​ប្រាក់​មក​ចិញ្ចឹមជីវិត​បាន​នោះ លោក​ក៏​បាន​សម្រេចចិត្ត​ងាក​មក​ចាប់​យក​ការ​ហាត់​ក្បាច់​ប្រដាល់​បុរាណ​ខ្មែរ​វិញ​ម្តង ព្រោះ​កីឡា​ប្រភេទ​នេះ មានការ​ប្រកួត​តាម​ពិធីបុណ្យ និង​ពិធី​ផ្សេង​ៗ​ដែល​អាច​រក​ប្រាក់​កម្រៃ​បាន​ខ្លះ​។

លោក ឡុ​ង សាល​វ័​ន្ត បន្ត​ថា ដោយសារទទួល​បាន​ប្រាក់​ពី​ការ​ឡើង​ប្រដាល់​ក្នុងអំឡុង​ឆ្នាំ​១៩៩០ ដែល​ពេល​នោះ​ទើបតែ​អាយុ​១៦​ឆ្នាំ លោក​បាន​ព្យាយាម​ហ្វឹកហាត់​ប្រដាល់​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​លោកគ្រូ​ប្រដាល់​ឈ្មោះ​ទិ​ត្យ សា នៅ​ក្នុង​ក្លិប​គោក​ព្រិច ខេត្ត​បាត់ដំបង និង​ឆ្លៀត​ចេញ​ទៅ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ជាយ​ដែន​ឯ​ខេត្ត​បន្ទាយ​មានជ័យ ​ជា​បន្តបន្ទាប់ ។ ការ​ចេញ​ទៅ​ប្រកួត​នោះ​បាន​នាំ​ឲ្យ​រូប​លោក​ជួប​លោកគ្រូ ហួត ហុ​ក និង​អ្នក​ប្រដាល់​ជើង​ចាស់​លោក ទឹម ម៉ៃ​ទី ព្រមទាំង​កីឡាករ​ល្បី​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ ។ លុះដល់​ឆ្នាំ​១៩៩២ លោក​បាន​ដូរ​មក​ហាត់​នៅក្លិប​គ្រុឌ​ឆក់​នាគ ខេត្តបាត់ដំបង ក្រោម​ការបង្ហាត់​ពី​លោកគ្រូ​ហួត ហុ​ក និង​ដូរ​ទៅហាត់​នៅ​ក្លិប​វង្ស​មាន​រិ​ទ្ធ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ នៅ​ចុងឆ្នាំ​១៩៩២ ក្រោម​ការ​បង្ហាត់​ពី​លោកគ្រូ​តា ក្វា​ន់ ។

បទ​ពិសោធ​ប្រកួត​ជាមួយ​កីឡាករ​ថៃ និង​កីឡាករ​ជើង​ខ្លាំង​ខ្មែរ​ជំនាន់​នោះ​បាន​ធ្វើ​ឲ្យ​កីឡា​​​​​ករ​រូប​នេះ កាន់តែ​មានឈ្មោះ​បោះ​សំឡេង ក្នុង​ចំណោម​អ្នក​ប្រដាល់​នៅ​តាម​ខេត្ត ។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​១៩៩៧ លោក​បាន​មក​រស់នៅ​រាជធានី​ភ្នំពេញ ហើយ​បាន​ចូល​ហ្វឹកហាត់​នៅ​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​ជាមួយ​លោក មាស សុខ​គ្រី ហើយ​នៅ​ក្នុង​ពេល​នោះ​លោក​ទទួល​បាន​ឱកាស​ចូលរួម​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​​សម្តេច​ហ៊ុន សែន លើក​ទី​១ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ហើយ​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​២​បន្ទាប់​ពី​ចាញ់​កីឡាករ អេ ភូ​ថង ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ។ ពេល​នោះ​លោក​​ត្រូវ​អេ ភូ​ថង ទាត់​បាក់ឆ្អឹង​ដៃ​ទៀត​ផង ហើយ​នោះ​ជា​មូលហេតុ​ដ៏​ធំ​ដែល​ធ្វើ​ឲ្យ​រូប​លោក​ឃ្លាតឆ្ងាយ​ពី​សង្វៀន​ប្រកួត​មួយ​រយៈ​ធំ ដើម្បី​សម្រាក​ថែទាំ​សុខភាព និង​ព្យាបាល​របួស ប៉ុន្តែ​ជាមួយនឹង​មហិច្ឆតា​ដ៏​មោះមុត លោក​បាន​ធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយជា​កីឡាករ​ជើង​ខ្លាំង​យ៉ាង​ឆាប់រហ័ស​។

ទោះបីជា​យ៉ាងណា នៅ​ក្នុងអំឡុងពេល​កំពុង​តែ​មានឈ្មោះ​ល្បី​នោះ លោក​បែរជា​ប្រកួត​ចាញ់​ពិន្ទុ កីឡាករ ពេជ្រ ប៊ុ​ន​ហម ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅ​វិញ ។ ការ​ចាញ់​នោះ បាន​ធ្វើ​ឲ្យ​លោក​សម្រេចចិត្ត​បោះបង់​ចោល​អាជីព​ជា​អ្នក​ប្រដាល់​នៅ​លើ​សង្វៀន ហើយ​មាន​គម្រោង​​បង្កើត​ក្លិប​ប្រដាល់​ដោយ​ធ្វើ​ជា​គ្រូបង្វឹក​វិញ​ម្តង​។

លោក​បាន​បើក​ក្លិប​ប្រដាល់​នៅ​ឆ្នាំ​១៩៩៨ ដែល​មានឈ្មោះ​ថា សាល​វ័​ន្ត​ព្រែក​លៀប ប៉ុន្តែ​ដោយសារ​ជួប​បញ្ហា​លើ​ការ​គ្រប់គ្រង និង​មិន​អាច​ស្វែងរក​ការ​ឧបត្ថម្ភ​គាំទ្រ​ដូច​ជា​ការ​ស្នាក់​នៅ ការ​ហូប​ចុក​ដល់​កីឡាករ​បាន​គ្រប់គ្រាន់​នោះ ក៏​បាន​សម្រេចចិត្ត​បិទ​តែ​ម្តង។ បន្ទាប់​មក​បើក​សា​ឡើង​វិញ​ដោយ​ដាក់​ឈ្មោះ​ថ្មី​ថា ក្លិប​ប្រដាល់​សាល​វ័​ន្ត​កីឡា​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

ក្រោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បើក​ក្លិប និង​មាន​បទ​ពិសោធ​បាន​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ជាមួយ​គ្រូ​បរទេស​ផង​នោះ នៅ​ឆ្នាំ​២០០០​លោក​ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ទទួលស្គាល់​ជា​អាជ្ញាកណ្តាល​ចៅក្រម ព្រមទាំង​ឲ្យ​ធ្វើ​ជា​គណៈកម្មការ​ផ្គូផ្គង​កីឡាករ​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ទៀត​ផង ជា​ពិសេស​នៅ​ប៉ុស្តិ៍​លេខ​៣ ប៉ុស្តិ៍​លេខ​៥ និង​ប៉ុស្តិ៍​ស៊ី​ធី​អិន​។

លោក ឡុ​ង សាល​វ័​ន្ត បាន​អះអាង​ថា ក្នុង​រយៈពេល​ដែល​លោក​ចាប់​អាជីព​ជា​គ្រូបង្វឹក​លោក​បាន​បង្ហាត់​កីឡាករ​ឲ្យ​ឡើង​ប្រដាល់​បាន​ខ្ទង់រយ​នាក់​ហើយ ក្នុង​នោះ​មាន​កីឡាករ​ល្បី​ៗ​ជាង​៣០​នាក់​ដូច​ជា ឡុ​ង សុវណ្ណ​ឌឿ​ន ឡុ​ង សុវណ្ណ​ពៅ ឡុ​ង សុ​ភី បឺត ខាំ បឺត សំខាន់ និង​ចេ​ង រិ​ទ្ធី ជាដើម ហើយ​ក្លិប​របស់​លោក​ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ចាត់​ទុកជា​ក្លិប​ប្រដាល់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​។

គួរ​បញ្ជាក់​ថា លោក ឡុ​ង សាល​វ័​ន្ត មានស្រុក​កំណើត​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ។​លោក​មាន​បងប្អូន​ប្រុស​ចំនួន​៦​នាក់​ដែល​ភាគច្រើន​ជា​កីឡាករ​ប្រដាល់​ទាំងអស់ លើក
លែង​តែ​បងប្រុស​គេ​បង្អស់​ដែល​គ្មាន​និស្ស័យ​ជាមួយ​កីឡាប្រដាល់ ។ លោក​ជា​កូន​ទី​២​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ប្អូនប្រុស​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ល្បី​ដូច​ជា​កីឡាករ ឡុ​ង សុផល កីឡាករ ឡុ​ង សុ​ផាត កីឡាករ ឡុ​ង សុ​ភ័​ណ្ឌ (​ស្លាប់​នៅ​ឆ្នាំ​២០១០) និង​កីឡាករ ឡុ​ង សុ​ភី។

អតីត​កីឡាករ​ល្បី​ដែល​ពេល​នេះ​កំព្រា​ឪពុក​មាន​តែ​ម្ដាយ​រូប​នេះ​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១២ និង​បាន​រៀប​ការ​ប្រពន្ធ​នៅ​ឆ្នាំ​១៩៩៨​ដោយ​មានកូន​ចំនួន​៤​នាក់​ក្នុង​នោះ​ប្រុស​ម្នាក់​និង​ស្រី​៣​នាក់​។

ក្លិប​ប្រដាល់​របស់​លោក​សព្វថ្ងៃ​មាន​សិស្ស​កំពុងហ្វឹកហាត់​ជា​ប្រចាំ​ចំនួន​១០​នាក់​ដោយ​បែងចែក​ជា​២​ពេល​គឺ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៨ និង​ពេល​រសៀល​ចាប់ពី​ម៉ោង​២​ដល់ម៉ោង​៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ