ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សា​រថយន្ត​ថ្មី​នៅ​តែ​មាន​ឧបសគ្គ ទោះរដ្ឋាភិបាល​ដំឡើង​ពន្ធ​លើ​រថយន្ត​មួយ​ទឹក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ពី​ការ​ដំឡើង​​ពន្ធ​លើ​រថយន្ត​ជជុះ​នាំ​ចូល​ពី​ក្រៅប្រទេស និង​កាត់​បន្ថយ​ការ​យកពន្ធ​លើ​រថយន្ត​ថ្មី ។ ក៏​ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​នេះ មិនមែន​ជា​ការ​ពិត​១០០%​ទេ ពោល​គឺ​រថយន្ត​ថ្មី​នៅ​តែ​ត្រូវ​បាន​យកពន្ធ ហើយ​ពន្ធ​ខ្ពស់​ជាង​កាលពី​ឆ្នាំ​មុន​ទៅ​ទៀត ដោយ​គ្មាន​ការ​កាត់​បន្ថយ​ដូច​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញសារព័ត៌មាន​មួយ​ចំនួន​ទេ…

រាជធានី​ភ្នំពេញ ៖ មាន​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ពី​ការ​ដំឡើង​​ពន្ធ​លើ​រថយន្ត​ជជុះ​នាំ​ចូល​ពី​ក្រៅប្រទេស និង​កាត់​បន្ថយ​ការ​យកពន្ធ​លើ​រថយន្ត​ថ្មី ។ ក៏​ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​នេះ មិនមែន​ជា​ការ​ពិត​១០០%​ទេ ពោល​គឺ​រថយន្ត​ថ្មី​នៅ​តែ​ត្រូវ​បាន​យកពន្ធ ហើយ​ពន្ធ​ខ្ពស់​ជាង​កាលពី​ឆ្នាំ​មុន​ទៅ​ទៀត ដោយ​គ្មាន​ការ​កាត់​បន្ថយ​ដូច​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញសារព័ត៌មាន​មួយ​ចំនួន​ទេ ។ ដូចនេះ​ហើយ​អាជីវកម្ម​លក់​រថយន្ត​ថ្មី​ៗ​នៅ​កម្ពុជា នៅ​តែ​មាន​បញ្ហា​ដដែល ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ពាណិជ្ជករ​នាំ​ចូល​រថយន្ត​ថ្មី​មក​កាន់​ទីផ្សារ​កម្ពុជា ។

បើ​តាម​លោក ង​ន សាំង អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា និង​ជា​អគ្គ​នាយក​ក្រុមហ៊ុន អ​អិ​ម​អេ ខេ​ម​បូ​ឌា បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ រាជរដ្ឋាភិបាល​មិន​បាន​កាត់​បន្ថយពន្ធ​នាំ​ចូល​រថយន្ត​ថ្មី​ៗ​មក​កាន់​កម្ពុជា​ទេ ហើយ​ចំពោះ​ការ​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក មក​កាន់​ប្រទេស​កម្ពុជា ក៏​មិនមែន​គ្រប់​រថយន្ត​ទាំងអស់​ដែរ ។ លោក​ថា ៖«​រដ្ឋាភិបាល​បាន​សម្រេច​ថា នឹង​ដំឡើង​ពន្ធ​នាំ​ចូល​លើ​រថយន្ត​ជជុះ​មែន ក៏​ប៉ុន្តែ​គឺជា​ប្រភេទ​រថយន្ត​ចាស់​ៗ​ដែល​ផលិត​យូរ​ឆ្នាំ ។ ដូចនេះ រថយន្ត​ជជុះ​ផ្សេង​ទៀត​ដែល​ផលិត​នៅ​ឆ្នាំ​លើ​បន្តិច នៅ​តែ​មាន​អត្រាពន្ធ​ទាប​ជាង​រថយន្ត​ថ្មី​ៗ​ច្រើន​ដដែល ។ អីចឹង វា​មិន​មាន​ឥទ្ធិពល​ល្អ​ដល់​ការ​លក់​រថយន្ត​ថ្មី​ទេ » ។

លោក​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ មិន​ត្រឹមតែ​មិន​កាត់​បន្ថយពន្ធ​នាំ​ចូល​រថយន្ត​ថ្មី​ប៉ុណ្ណោះ​​ទេ តែ​ផ្ទុយ​ទៅ​វិញ ពន្ធ​នាំ​ចូល​រថយន្ត​ថ្មី​ៗ​មាន​តែ​កើនឡើង​បន្ថែម​ទៀត បើ​ធៀប​នឹង​ឆ្នាំ​ចាស់​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​តម្លៃ​លក់​រថយន្ត​ថ្មី​ត្រូវ​តែ​ឡើងថ្លៃ​ជាង​កាល​ឆ្នាំ​មុន​ៗ ។ នៅ​ពេល​តម្លៃ​រថយន្ត​ថ្មី​កើនឡើង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ អាជីវកម្ម​រថយន្ត​ថ្មី​នៅ​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ប្រឈម បើ​ទោះបីជា​ពន្ធ​រថយន្ត​ស៊េរី​ចាស់​ខ្លះ​ត្រូវ​បាន​ដំឡើង​ក៏​ដោយ ។

លោក​បាន​ស្នើ និង​សំណូមពរ​ដដែល​ដល់​រាជរដ្ឋាភិបាល ឲ្យ​គិតគូរ​ដល់​សុវត្ថិភាព​ចំពោះ​ការ​ប្រើប្រាស់​រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​រថយន្ត​ចាស់​ៗ​ដែល​នាំ​ចូល​មក​នោះ មិន​អាច​ដឹង​ពី​ប្រវត្តិ​ច្បាស់លាស់ ឬ​អាច​នឹង​មាន​បញ្ហា​បច្ចេកទេស​ណាមួយ ។ ដូចនេះ នៅ​ពេល​យក​មក​ប្រើប្រាស់ វា​អាច​នឹង​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ក្នុង​ពេល​កំពុង​បើកបរ ជាដើម ។ លោក​ថា ៖« ក្នុង​ចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន កម្ពុជា គឺជា​ប្រទេស​ដែល​បើកចំហ​ជាងគេ​លើ​ការ​នាំ​ចូល​រថយន្ត​ជជុះ ឬ​មួយ​ទឹក​ពី​ខាងក្រៅ ។

ប្រទេស​ជិត​ខាងគេ​បាន​អនុវត្ត​រួច​ហើយ ដោយ​បាន​រឹត​ដ្បិត​លើ​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក ក្នុង​នោះ​មាន​ប្រទេស​ខ្លះ​បិទ​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹកតែ​ម្ដង ប្រទេស​ខ្លះ​បាន​អនុ​ញ្ញាត​ឲ្យ​នាំ​ចូល តែ​បាន​កំណត់​ឆ្នាំ​នាំ​ចូល ចំណែក​ប្រទេស​ខ្លះ​ទៀត​ក្នុង​តំបន់​អាស៊ាន អនុញ្ញាត​ឲ្យ​នាំ​ចូល​រថយន្ត​មួយ​ទឹក​មែន តែ​ពន្ធ​នាំ​ចូល​ខ្ពស់​ជាង​រថយន្ត​ថ្មី​ទៅ​ទៀត » ។

អ្នកស្រី អ៊ុ​ន កញ្ញា អ្នកគ្រប់គ្រង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន HGB Auto បាន​ឲ្យ​ដឹង​ដែរ​ថា វា​ជា​ចំណាត់ការ​ល្អ​មួយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ដំឡើង​ពន្ធ​នាំ​ចូល​រថយន្ត​មួយ​ទឹក​មក​កាន់​ប្រទេស​កម្ពុជា បើ​ទោះបីជា​ការ​កំណត់​នោះ​ទៅ​លើ​តែ​រថយន្ត​ស៊េរី​ចាស់​ៗ​ក៏​ដោយ។ ក៏​ប៉ុន្តែ​អាជីវកម្ម​រថយន្ត​ថ្មី​នៅ​តែ​មាន​បញ្ហា​ដដែល​ក្នុង​ការ​លក់ និង​ចែកចាយ ស្រប​ពេល​ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​ថ្មី​នៅ​តែ​ខ្ពស់ និង​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

បើ​តាម​លោក ង​ន សាំង និង​អ្នកស្រី​កញ្ញា បាន​បញ្ជាក់​ស្រ​ដៀង​គ្នា​ថា បើសិនជា​រាជ​រដ្ឋា​ភិបាល​បន្ធូរបន្ថយ​ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​ថ្មី ហើយ​កាត់​បន្ថយ​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក វា​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​រាជរដ្ឋាភិបាល ពីព្រោះ​បច្ចុប្បន្ន ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ពួក​គាត់​ភាគច្រើន​អាច​មាន​លទ្ធភាព​ទិញ​ត្រឹម​រថយន្ត​មួយ​ទឹក​ប្រើប្រាស់ តែ​បើសិនជា​កាត់​បន្ថយពន្ធ​រថយន្ត​ថ្មី​នោះ វា​នឹង​មាន​តម្លៃ​ទាប ។ ដូចនេះ នឹង​មាន​អ្នកមាន​លទ្ធភាព​ទិញ​ប្រើប្រាស់​កាន់តែ​ច្រើន ។ នៅ​ពេល​មាន​អ្នក​ប្រើប្រាស់​ច្រើន ក្រុមហ៊ុន​ធំ​ៗ​នឹង​សម្លឹង​មើល​ការ​សង់​រោងចក្រ​ដំឡើងរថយន្ត​នៅ​ក្នុងស្រុក​ខ្មែរ ពេល​នោះ រាជរដ្ឋាភិបាល​នឹង​ទទួល​បាន​ចំណូល​កាន់តែ​ច្រើន​ពី​អាជីវកម្ម​រថយន្ត​ថ្មី​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ