ខេត្តបន្ទាយមានជ័យ ៖ អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំង និងមន្ត្រីជំនាញចុះរុះរើបណ្ដាញខ្សែអ៊ីនធឺណែត និងបណ្ដាញអគ្គិសនីដាក់រញ៉េរញ៉ៃ (ដូចសំបុកពីងពាង) ជុំវិញសួនមានជ័យ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្រុងសិរីសោភ័ណ ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ថា នៅបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរជិតមកដល់ខាងមុខនេះ ក្នុងនាមអាជ្ញាធរក្រុងរួមជាមួយមន្ត្រីរាជការ និងកងកម្លាំងមានកងរាជអាវុធហត្ថ និងនគរបាលបានចុះរុះរើខ្សែបណ្ដាញអ៊ីនធឺណែត និងខ្សែបណ្ដាញអគ្គិសនី ដែលដាក់មានរញ៉េរញ៉ៃតាមបង្គោលភ្លើងជុំវិញសួនមានជ័យ ។
លោកបានបញ្ជាក់ថា រយៈពេលកន្លងមកបណ្តាញខ្សែភ្លើង និងអ៊ីនធឺណែត ដែលដាក់មានភាពរញ៉េរញ៉ៃជាការព្រួយបារម្ភខ្លាចមានគ្រោះថ្នាក់កើតឡើងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយសាលាក្រុងសិរីសោភ័ណ និងសហភាពសហព័ន្ធយុវជនខេត្ត បានរៀបចំកន្លែងលេងកម្សាន្តនៅថ្ងៃសង្ក្រានខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋមកកម្សាន្តសប្បាយនៅសួនមានជ័យ ។
ក្រោយពេលដែលអភិបាលក្រុងរួមជាមួយមន្ត្រីចម្រុះចុះរុះរើបណ្ដាញខ្សែភ្លើងតាមបង្គោលភ្លើង ឃើញសកម្មភាពប្រជាពលរដ្ឋបានកោតសសើរចំពោះអភិបាលក្រុងសិរីសោភ័ណថ្មី បានចុះរុះរើបណ្តាញខ្សែភ្លើង និងអ៊ីនធឺណែតដែលមានរញ៉េរញ៉ៃដែលជាការព្រួយបារម្ភ និងការរៀបចំកន្លែងកម្សាន្តសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ៕
ចែករំលែកព័តមាននេះ