ខេត្តកំពង់ឆ្នាំង ៖ មកដល់ពេលនេះមានរយៈពេល១ខែហើយ បន្ទាប់ពីសារព័ត៌មាន និងទូរទស្សន៍ បានចុះ ផ្សាយពីសកម្មភាពឈូសឆាយដីព្រៃលិចទឹក នៅចំណុចភូមិថ្នល់ចាម ឃុំលង្វែក ស្រុកកំពង់ត្រឡាច អស់ ផ្ទៃដីជាង៤ហិកតា ប៉ុន្តែនៅមិនទាន់ឃើញសមត្ថកិច្ចជំនាញណាចុះហាមឃាត់ និងទប់ស្កាត់នៅឡើយទេ។ មន្ត្រីជំនាញជលផល បានត្រឹមប្រាប់ថា បានចុះពិនិត្យ និងធ្វើរបាយការដាក់ជូនមន្ទីរកសិកម្មហើយ។ ចំណែកប្រធានមន្ទីរ កសិកម្មបានបញ្ជាក់ថា មិនមានជាដីព្រៃលិចទឹកទេ ជាដីស្រែប្រាំងស្ថិតក្នុងដែននេសាទ ដែលមិនអាចឈូសឆាយ ធ្វើទ្រង់ទ្រាយធំបែបនេះបានទេ លុះត្រាមានច្បាប់ពីក្រសួងកសិកម្ម។ លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ បានប្រាប់ថា លោកបានធ្វើរបាយការណ៍ ដាក់ជូនលោកប្រធានមន្ទីរកសិកម្មរួចហើយ ដើម្បីសុំយោបល់គាត់ ដោយក្នុងនោះ បានបង្ហាញច្បាប់ស្តីពីជលផលផងដែរ ដើម្បីឲ្យថ្នាក់លើពីចារណា និងសម្រេចចុះ។
លោកក៏បានបញ្ជាក់ដែរថា កាលពីម្សល់មិញ (ថ្ងៃ២៧ មីនា) លោកបានបង្ហាញរបាយការណ៍ និងបង្ហាញទិដ្ឋភាពជាក់ស្តែងនៅកន្លែងកើតហេតុ ពាក់ព័ន្ធទៅនឹងច្បាប់ ដើម្បីឲ្យថ្នាក់លើពីចារណាថា តើត្រូវធ្វើម៉េចឲ្យទៅតាមផ្លូវច្បាប់។ ជាមួយគ្នានេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ថ្មីៗនេះមានក្រុមការងារចម្រុះថ្នាក់ខេត្ត ដែលមានមន្ទីរពាក់ព័ន្ធច្រើនមន្ទីរ បានចុះទៅពិនិត្យរួចហើយ ដោយបានឃើញពិតជាមានការឈូសឆាយមែន ដោយមិនបានសុំច្បាប់ពីមន្ទីរកសិកម្មឡើយ ហើយការអភិវឌ្ឍន៍ នៅតំបន់ហ្នឹងមិនបានទេ ព្រោះវាពាក់ព័ន្ធដីក្នុងដែននេសាទ។ លោកបានបញ្ជាក់ថា មិនមែនជាដីព្រៃលិចទឹកទេ តែវាពាក់ព័ន្ធក្នុងដែននេសាទ តែកាលណាពាក់ព័ន្ធដល់ដែននេសាទ មិនអាចអភិវឌ្ឍន៍អ្វីបានទេ លុះត្រាណាសុំច្បាប់ពីក្រសួងពាក់ព័ន្ធមួយចំនួនទើបអាចធ្វើទៅបាន។ ដីនោះមានដីខ្លះជាស្រែប្រាំង ពួកគាត់អាចបង្កបង្កើនផលបានលើដីស្រែចាស់ ប៉ុន្តែមិនអាចអភិវឌ្ឍន៍ឈូសឆាយ ទ្រង់ទ្រាយធំបែបនេះទេ លុះត្រាសុំច្បាប់ពីក្រសួងកសិកម្ម។
ទោះជាយ៉ាងនេះក្តី ដូចក្នុងរូបភាពនេះស្រាប់ គឺពិតជាមានការឈូសឆាយដីព្រៃលិចទឹក ដែលជាប់ស្រែប្រាំងរបស់ប្រជាពលរដ្ឋ លក់ទៅឲ្យក្រុមហ៊ុនចិនពិតមែន។ សូមបញ្ជាក់ថា ការឈូសឆាយដីក្នុងដែននេសាទនៅតំបន់នោះ មិនមាននរណាបានដឹងឡើយ សួម្បីតែមន្ត្រីជំនាញជលផលនៅទីនោះក៏ឆ្លើយថាមិនដឹងដែរក្នុងពេលដែលអ្នកសារព័ត៌មានបានចុះទៅថតយករូបភាព កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅនោះ និងបន្ទាប់ពីមានការចុះផ្សាយទើបមានការភ្ញាក់ផ្អើលដល់មន្ត្រីពាក់ព័ន្ធ តែមកដល់ពេលនេះមិនទាន់មានចំណាត់ការបែបណានោះទេចំពោះក្រុមអ្នកឈូសឆាយដីក្នុងដែននេសាទខាងលើ។ មានព័ត៌មានពីមូលដ្ឋាននៅទីនោះថា ដីនៅតំបន់នោះមានឈ្មួញកណ្តាលកំពុងដើរទិញបន្ថែមទៀត ដើម្បីលក់ឲ្យក្រុមហ៊ុន ចិន ដែលនឹងត្រូវអភិវឌ្ឍន៍ដោយឈូសឆាយ ដែលគេសង្ស័យថា អភវឌ្ឍន៍ធ្វើស្រូវប្រាំង តាមបែបទំនើប ហើយបើគ្មានការទប់ស្កាត់ទាន់ពេលវេលាទេ ដីក្នុងដែននេសាទនៅតំបន់នោះនឹងត្រូវលុបចោលពីក្នុងផែនទីដែននេសាទហើយ។ ហើយត្រីនឹងគ្មានជម្រកពងកូន នៅខែវស្សាពេលខែទឹកឡើង៕
ចែករំលែកព័តមាននេះ