ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​ជំរុញ​មន្ត្រី​ឱ្យ​ពង្រឹងសមត្ថភាព ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​លើកទឹកចិត្ត​មន្ត្រី​អធិការកិច្ច​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើការ​ពង្រឹងសមត្ថភាព​ថែម​ទៀត ដើម្បី​ធានា​បាន​នូវ​ឯករាជ្យ​ភាព​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ​ត្រួតពិនិត្យ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​លើកទឹកចិត្ត​មន្ត្រី​អធិការកិច្ច​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្វើការ​ពង្រឹងសមត្ថភាព​ថែម​ទៀត ដើម្បី​ធានា​បាន​នូវ​ឯករាជ្យ​ភាព​របស់​ខ្លួន​ក្នុង​ការ​ដឹកនាំ​ត្រួតពិនិត្យ និង​វាយតម្លៃ​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ​របស់​បណ្តា​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត ។

ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស ស្តី​ពី​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ​នៃ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​រៀបចំ​ឡើង​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ដោយ​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​អន្តរក្រសួង តំណាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (G-MAC) និង​តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO/BFC)​។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល គឺ​ធានា​បាន​នូវ​ភាព​ម្ចាស់​ការ​ក្នុង​ការ​ដឹកនាំ និង​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម សំដៅ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៥០ ។
លោក​រដ្ឋមន្ត្រី ក៏​បាន​សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​បន្ត​ធ្វើការ​ជាមួយ​គ្នា តាម​រយៈ​គម្រោង BFC ដើម្បី​ផ្សព្វផ្សាយ និង​លើកកម្ពស់​ភាព​អនុលោម​នៃ​លក្ខខណ្ឌ​ការងារ​នៅ​តាម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង សំដៅ​ទាក់ទាញ​ទំនុកចិត្ត​កាន់តែ​ច្រើន​ពី​អ្នកបញ្ជា​ទិញ​ធំ​ៗ​លើ​ពិភពលោក ។

ទន្ទឹម​គ្នា​នេះ លោក ប៉ាន សូរ​ស័ក្តិ ក៏​បាន​ថ្លែងអំណរគុណ​ដល់​គម្រោង BFC ដែល​បាន​រួមចំណែក​លើក​ស្ទួយ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា តាម​រយៈ​ការ​ចូលរួម​ពង្រឹង​បទដ្ឋាន​ការងារ ការ​បណ្តុះបណ្តាល និង​ការ​ប្រឹក្សា​យោបល់​ជាមួយ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កម្ពុជា ហើយ​លោក​បាន​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​របស់​គម្រោង ILO/BFC ក្នុង​ការ​បង្កើត​ក្រុមការងារ​ដឹក​ជញ្ជូន ដើម្បី​ធានា​សុវត្ថិភាព​ធ្វើ​ដំណើរ​របស់​កម្មករ​-​កម្មការិនី និង​រក្សា​ផលិតភាព​របស់​កម្ពុជា​ផង​ដែរ ។

គួរ​រំលឹក​ដែរ​ថា គម្រោង ILO/BFC ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១១ ក្នុង​គោលបំណង​បង្កើន​ភាព​អនុលោម​តាម​បទដ្ឋាន​ការងារ​ក្នុង​វិស័យ​វាយនភ័ណ្ឌ បង្កើត​ឲ្យ​មាន​ឧស្សាហកម្ម​កាន់តែ​ប្រសើរ និង​ប្រាក់​ចំណេញ​កាន់តែ​ច្រើន ។ បច្ចុប្បន្ន គម្រោង​នេះ​បាន​កៀងគរ​ភាគី​ពាក់ព័ន្ធ​មក​ពី​គ្រប់​កម្រិត​នៃ​ឧស្សាហកម្ម​កាត់ដេរ ដើម្បី​រួម​គ្នា​កែ​លម្អ​នូវ​លក្ខខណ្ឌ​ការងារ គោរព​សិទ្ធិ​ការងារ និង​ជំរុញ​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ