ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​កសិកម្ម​

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ រដ្ឋមន្ត្រី​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បែ​ល​ហ្ស៊ិ​ក និង​សហភាព​អឺរ៉ុប…

ទីក្រុង​ហាណូយ ៖ រដ្ឋមន្ត្រី​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បែ​ល​ហ្ស៊ិ​ក និង​សហភាព​អឺរ៉ុប (EU) កាលពី​ស​ប្តា​ហ៍​មុន ដើម្បី​លើកតម្កើង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​ជាមួយ​ដៃគូ​ទាំង​ពីរ ។

នៅ​ថ្ងៃអាទិត្យ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក​រដ្ឋមន្ត្រី​កសិកម្ម​បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​វៀតណាម​ប្រឆាំង​នឹង​ការ​នេសាទ​ខុស​ច្បាប់ មិន​រាយការណ៍ និង​មិន​នៅ​ក្រោម​និយ័ត​កម្ម (IUU) ផង​ដែរ ។

រដ្ឋមន្ត្រី​កសិកម្ម​រូប​នេះ​បាន​ជំរុញ​ដល់​សហភាព​អឺរ៉ុប​ឲ្យ​ដក​កាត​លឿង ដែល​បាន​ដាក់​លើ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧​កន្លង​មក ព្រោះ​ប្រទេស​នេះ​មិន​អាច​ទប់ស្កាត់​ការ​នេសាទ​ខុសច្បាប់ ។

ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក Karmanu Vella ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​បរិស្ថាន កិច្ចការ​ផ្លូវ​សមុទ្រ និង​ការ​នេសាទ​របស់​អឺរ៉ុប លោក Cuong បាន​ប្រាប់​ពី​ការ​អនុម័ត​យុទ្ធសាស្ត្រ​ប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់ ក្នុង​ប្រទេស​វៀតណាម តាម​ការ​ណែនាំ​របស់​សហភាព​អឺរ៉ុប និង​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ជាតិ​ទាំងមូល ព្រមទាំង​ឧបសគ្គ​ដែល​បាន​ជួប​ប្រទះ ជាដើម ។

លោក Cuong បាន​បង្ហាញ​ក្តី​សង្ឃឹម​ក្នុង​ការ​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​វៀតណាម និង​សហភាព​អឺរ៉ុប​កាន់តែ​ប្រសើរ​ឡើង ដោយ​ប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់ និង​អាច​បន្ត​កិច្ចព្រមព្រៀង​ដៃគូ​ស្ម័គ្រចិត្ត ។

ក្នុង​កិច្ចប្រជុំ​មួយទៀត​ជាមួយ​លោក Phil Hogan ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ លោក Cuong បាន​លើក​ឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​សហភាព​អឺរ៉ុប ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​វៀតណាម សម្រាប់​ការ​វិនិយោគ និង​ផ្ទេរ​ចំណេះដឹង​បច្ចេកវិទ្យា ។

លោក Cuong ជំរុញ​ឲ្យ​ភាគី​ទាំង​សងខាង​ផ្តល់​សច្ចា​នុ​ម័ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប និង​វៀតណាម ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម ជា​ពិសេស វិស័យ​នេសាទ និង​រុក្ខា​ប្រមាញ់ ។

នៅ​ទីក្រុង​ព្រុ​ច​សែ​ល លោក Cuong បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​ប្រទេស​បែ​ល​ហ្ស៊ិ​ក លោក Denis Ducarme ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម ។

រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ព្រមព្រៀង​ថា នឹង​លើក តម្កើង​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ។

លោក Ducarme បាន​និយាយ​ថា ៖ «​ប្រទេស​បែ​ល​ហ្ស៊ិ​ក​ផ្តល់​អាទិភាព​ដល់​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​វៀតណាម និង​ជឿជាក់​ថា កិច្ចសហការ​ទ្វេភាគី​ក្នុង​វិស័យ​នេះ​នឹង​កើនឡើង​នា​ពេល​អនាគត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ