ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​កីឡាករ​ល្បីៗជា​​ច្រើន​រូប​ក្រោយ​បោះ​បង់​ការ​ប្រកួត​នឹង​ក្លាយ​ជា​យ៉ាងណា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​កីឡាករ​ល្បីឈ្មោះ​ណា​ម្នាក់ ដែល​នៅ​បន្ត​ការ​ប្រកួត ហើយ​មាន​លទ្ធភាព​បើក​ក្លិប​កីឡា​ផ្ទាល់ខ្លួន​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពេល​ពួក​គេ​ប្រកាស​ឈប់​ប្រកួត​ទាំងស្រុង ទើប​ឃើញ​មាន​លទ្ធភាព​បើក​ក្លិប​ផ្ទាល់ខ្លួន ដែល​ក្លិប​ទាំងនោះ​មួយ​ចំនួន​គឺ​ជោគជ័យ​ខ្លាំង ហើយ​មួយ​ចំនួន​ក៏​ត្រដាបត្រដួស​ណាស់​ដែរ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​កីឡាករ​ល្បីឈ្មោះ​ណា​ម្នាក់ ដែល​នៅ​បន្ត​ការ​ប្រកួត ហើយ​មាន​លទ្ធភាព​បើក​ក្លិប​កីឡា​ផ្ទាល់ខ្លួន​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពេល​ពួក​គេ​ប្រកាស​ឈប់​ប្រកួត​ទាំងស្រុង ទើប​ឃើញ​មាន​លទ្ធភាព​បើក​ក្លិប​ផ្ទាល់ខ្លួន ដែល​ក្លិប​ទាំងនោះ​មួយ​ចំនួន​គឺ​ជោគជ័យ​ខ្លាំង ហើយ​មួយ​ចំនួន​ក៏​ត្រដាបត្រដួស​ណាស់​ដែរ ។ កីឡាករ​ល្បីឈ្មោះ​ដែល​មាន​មាន​សមត្ថភាព​បើក​ក្លិប​បង្ហាត់​សិស្ស​ទាំងនោះ​រួម​មាន​៖

+ ស៊ន អេ​លី​ត ៖ ដែល​ត្រូវ​គេ​ស្គាល់​ជា​អតីត​កីឡាករ​ជម្រើសជាតិ​ផ្នែក​តេ​ក្វា​ន់​ដូ និង​ជា​បងប្រុស​របស់​កីឡាការិនី​ស៊ន សៀវ​ម៉ី និង​ស៊ន ដា​វី​ន ។ ក្លិប​របស់​លោក​គឺ​ក្លិប​តេ​ក្វា​ន់​ដូ​យីហោ​«​ស៊ន សៀវ​ម៉ី​»​ស្ថិត​នៅ​ជាប់​របង​វិទ្យាល័យ​ឫស្សី​កែវ ដោយ​ក្នុង​ក្លិប​នេះ លោក​ជា​អ្នក​ផ្ដើម​បង្កើត ហើយ​ក្រោយមក​ក៏​បាន​ដាក់​បញ្ចូល​ប្អូនស្រី​ទាំង​ពីរ​របស់​លោក​ឱ្យ​ចូលរួម​ជាមួយ ។

មក​ទល់​ពេល​នេះ គេ​ឃើញ​លោក និង​ស៊ន ដា​វី​នសកម្ម​ជាងគេ​ក្នុង​ការ​បង្វឹក​សិស្ស ដោយ​​ក្លិប​របស់​លោក​ក៏​ទទួល​បាន​ប្រាក់​ចំណូល​មិនធម្មតា​ផង​ដែរ​ពី​ការ​បង្វឹក​សិស្ស​រាល់ថ្ងៃ ។ លោក​បាន​ទាំង​អះអាង​ថា នេះ​ជា​ប្រាក់​ចំណូល​ដ៏​ធំ​របស់​ខ្លួន និង​ប្អូនស្រី​ក្រោយ​ពេល​ប្រកាស​ឈប់​ពី​កីឡាករ​-​កីឡាការិនី​តេ​ក្វា​ន់​ដូ​ទាំងស្រុង ។ យ៉ាងណាមិញ មនុស្ស​តិច​ណាស់​មិនដឹង​ថា ក្លិប​នេះ​ជា​របស់​លោក​ទេ ដោយ​នឹក​ស្មានថា​នេះ​ជា​ក្លិប​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ហើយ​លោក​គ្រាន់តែ​ជួយ​បង្ហាត់​ក្មេង​ៗ​ក្នុង​នាម​ជា​បងប្រុស​ប៉ុណ្ណោះ ។

លោក​ក៏​មាន​គម្រោង​បណ្ដុះ​ក្មេង​ៗ​ឱ្យ​ក្លាយជា​ធនធាន​អ្នក​ប្រដាល់​ល្អ​ជំនួស​លោក​និង​ប្អូនស្រី​ៗក្រោយ​ពេល​ស៊ន សៀវ​ម៉ី ប្រកាស​ឈប់​ម្នាក់​ទៀត​ក្នុង​ពេល​ខាង​មុខ​ផង​ដែរ​។

+ អេ ភូ​ថង ៖ លោក​គឺជា​អតីត​កីឡាករ​ល្បីឈ្មោះ​ដែល​មាន​ក្លិប​ផ្ទាល់ខ្លួន​ជា​យូរ​មក​ហើយ ប៉ុន្តែ​ក្លិប​លោក​ជួនកាល​ក៏​ត្រូវ​បិទ​មួយ​រយៈ ជួន​ក៏​ផ្អាក​សកម្មភាព ដោយ​លោក​ត្រូវ​រក​ចំណូល​​ពី​ការ​ធ្វើ​គណៈកម្មការ​ឱ្យ​គេ​ផង បង្ហាត់​គេ​ផង និង​ធ្វើ​ពិធីករ​កីឡា​ផង ដើម្បី​ទ្រទ្រង់​​ក្លិប​ទាំងមូល ។

ក្លិប​របស់​លោក​មានឈ្មោះ​«​អេ​ភូ​ថង​កីឡា​»​ដោយ​បាន​បណ្ដុះ​កីឡាករ​ច្រើន​នាក់ ឱ្យ​មានឈ្មោះ​បោះ​សំឡេង ប៉ុន្តែ​លោក​អះអាង​ថា អត់​មាន​អ្នក​ជ្រោម​ជ្រែង​ឱ្យ​រស់​ស្រួល​នោះ​ទេ ទើប​ក្នុង​ពេល​ខ្លះ​គេ​ឃើញ​អតីត​កីឡាករ​រូប​នេះ​ស្រែក​រក​ជំនួយ ដើម្បី​ចិញ្ចឹម​ក្លិប​ដែល​ត្រដាបត្រដួស ។

លោក​អះអាង​ថា ការងារ​បើក​ក្លិប​មិនមែន​ដើម្បី​ផល​ចំណេញ​ទេ ដោយសារ​តែ​កីឡាករ​ភាគច្រើន​គឺ​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ ហើយ​មាន​តែ​ផ្ដល់​បាយ​ទឹក និង​រក​ការងារ​ប្រដាល់​ឱ្យ ប៉ុន្តែ​អ្វី​ដែល​លោក​តស៊ូ គឺ​ចង់​រួមចំណែក​ជួយ​ដល់​ការ​ប្រដាល់ ។

+ នួន ភិ​រម្យ ៖ ក្រោយ​ពី​ធ្លាក់ខ្លួន​ប្រដាល់​លែង​កើត លោក​មិន​ត្រឹមតែ​ប្រឡូក​ការងារ​ជា​គ្រូបង្វឹក និង​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ​នៅ​ប៉ុស្ដិ៍​បាយ័ន​ប៉ុណ្ណោះ​ទេ ក៏​បាន​បើក​ក្លិប​ប្រដាល់​មួយ​ឈ្មោះ​«​ភារ​ម្យ​គុន​ខ្មែរ​»​ទទួល​ការ​បណ្ដុះបណ្ដាល​កីឡាករ​ផង​ដែរ ដោយ​ក្លិប​របស់​លោកគឺ​តម្រូវ​ឱ្យ​កីឡាករ​ចង់​ហាត់​ផ្ដល់​អង្ករ​៥០​គីឡូ ក្រាម​និង​ថវិកា​មួយ​ចំនួន ដើម្បី​ទ្រទ្រង់​ការ​ហូប​ចុក​របស់​កីឡាករ​ដែល​ចង់​ហាត់​នោះ​ក្នុង​ពេល​ហ្វឹកហាត់ ។

នេះ​ជា​ក្លិប​ដែល​លោក​បាន​បើក​នៅផ្ទះ​ផ្ទាល់ខ្លួន​នៅ​ម្ដុំ​តា​ខ្មៅ បន្ទាប់​ពី​លោក​លក់​ដី​នៅ​ស្រុក​ហើយ​ទិញ​បាន​មួយ​កន្លែង ដោយសារ​ភាព​ថា មាន​ជាប់ជំពាក់​បំណុល​ធនាគារ​ដើម្បី​បង្គ្រប់​ថ្លៃ​ផ្ទះ​នោះ​ផង ។ លោក​សារភាព​ថា មុខរបរ​បើក​ក្លិប​គឺ​អត់​ចំណេញ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​បិទ​ទៅ​ខ្មាស​គេ ទើប​ប្រឹង​តស៊ូ ។

+ នួន បូ​រ៉ា ៖ អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​ម្នាក់​នេះ ក៏​មាន​ក្លិប​ប្រដាល់​ផ្ទាល់ខ្លួន​ផង​ដែរ ប៉ុន្តែ​លោក​មិនសូវ​ថ្ងូរ​ពី​ការ​លំបាក​ទេ ដែល​អាច​មក​ពី​លោក​មានការ​ជ្រោមជ្រែង​ពី​សប្បុរស​ជន និង​មាន​លទ្ធភាព​ទ្រទ្រង់​ក្លិប​ប្រដាល់​របស់​ខ្លួន​ឱ្យ​ឈរជើង​បាន ។ ក្លិប​របស់​លោក​គឺ​ឈ្មោះ​«​កុលបុត្រ​គុន​ខ្មែរ​»​ហើយ​សន្ទុះ​នៃ​ការ​បញ្ជូន​កីឡាករ​ឱ្យ​ឡើង​រេញ ក៏​ច្រើន​ណាស់​ដែរ ដោយ​លោក​បាន​ទាំង​ថ្ងូរ​ថា​រក​កីឡាករ​ដើម្បី​ដាក់​ឱ្យប្រកួត​តាម​ប៉ុស្ដិ៍​មិន​បាន​ផង ។

យ៉ាងណាមិញ លោក​ធ្លាប់​ត្អូញត្អែរ​ពី​ការ​លំបាក​រឿង​កីឡាករ​មួយ​ចំនួន​មក​ហាត់​បាន​តែ​លេង​ៗ ហើយ​ដល់​ពេល​ចេះ​ស្ទាត់​ក៏​បាត់​ខ្លួន​។

+ បឺត សំខាន់ ៖ កីឡាករ​ល្បីឈ្មោះ​រូប​នេះ កាលពី​ដំបូង​គ្រាន់តែ​ជា​គ្រូបង្វឹក​របស់​ក្លិប
«​ហា​រ៉ាប់​ស្វាយប៉ាក​»​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ការ​ព្យាយាម និង​មានការ​ជ្រោមជ្រែង​ពី​ប្រធាន​ក្លិបចាស់ ក៏​ប្រគល់​ក្លិប​មួយ​នេះ​ឱ្យ​លោក​ទទួលខុស​ត្រូវ​តែ​ម្ដង ដោយ​ក្នុង​ពេល​នេះ ក្លិប​ប្រដាល់​របស់​លោក​បាន​សាង​កេរ្តិ៍ឈ្មោះ​ធ្វើ​ឱ្យ​មានការ​ទទួលស្គាល់​យ៉ាង​ខ្លាំង ជា​ពិសេស​​ពី​សំណាក់​អ្នក​ផ្គូផ្គង​កីឡា ដោយសារ​តែ​សិស្ស​របស់​លោក​គឺ​មិន​ថា​ក្មេង​ចាស់ សុទ្ធតែ​មាន​សមត្ថភាព​មិនធម្មតា សូ​ម្បី​តែ​កីឡាករ​នោះ​ទើបតែ​ឡើង​រេញ​បាន​ម្ដង​ឬ​២​ដង​ក្ដី ។

លោក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​ប្រដំប្រស​ង​ជាមួយ​បឺត ខាំ តែ​បាន​ទទួល​ជោគជ័យ​ក្រោយ​ពី​មាន​ក្លិប​ប្រដាល់​ផ្ទាល់ខ្លួន​។

+ ឈូក ច័ន្ទ​សុ​ភ័ក្ដ្រ ៖ ក្រោយ​ពី​បោះបង់​ការ​ប្រដាល់ និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ លោក​មិន​ត្រឹមតែ​បាន​ក្លាយ​ខ្លួន​ជា​កងរាជអាវុធហត្ថ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​បើកក្លិប​ប្រដាល់​មួយ​ផ្ទាល់ខ្លួន​ឈ្មោះ​«​ក្លិប​ឈូក​វ៉ា​» ដោយ​ក្លិប​របស់​លោក​ក៏​ត្រូវ​គេ​អះអាង​ថា​មានការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ស្រឡាញ់​រាប់អាន និង​ពី​អ្នកមាន​លុយ ដែល​ចង់​លើក​ស្ទួយ​វិស័យ​កីឡា​ផង​ដែរ ទើប​លោក​មិនសូវ​ខ្វល់​រឿង​អត់​លុយ​អត់​កាក់​ដូច​បណ្ដា​ម្ចាស់​ក្លិប​មួយ​ចំនួន ។

មក​ទល់​ពេល​នេះ ក្លិប​ប្រដាល់​របស់​លោក​មិន​ទាន់​មាន​អាយុកាល​ចាស់វស្សា​ទេ ប៉ុន្តែ​ចាប់ផ្ដើម​មាន​កីឡាករ​ឡើង​ប្រដាល់​នឹង​គេ​នឹង​ឯង​ហើយ ដោយ​គ្រាន់តែ​មិនសូវ​សកម្ម​ខ្លាំង​ប៉ុណ្ណោះ​។

+ ដួង បូ​រី ៖ លោក​ក៏​ជា​អតីត​អ្នក​ប្រដាល់​ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​ជំនាន់​លោក អេ
ភូ​ថង ផង​ដែរ ប៉ុន្តែ​ក្រោយមក​ក៏​បាត់​មុខ​ឈឹង ហើយ​លេចមុខ​ធ្វើ​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដោយ​មាន​ក្លិប​ប្រដាល់​ផ្ទាល់ខ្លួន​មួយ​ឈ្មោះ​ក្លិប​«អាណាចក្រ​ខ្មែរ​» ។

លោក​អះអាង​ថា កីឡាករ​របស់​លោក​ឡើង​រេញ​បាន​ច្រើន ហើយ​ក្លិប​របស់​លោក​ក៏​ស្ថិត​ក្នុង​ភាព​ខ្វះខាត​ច្រើន​ដែរ ដោយ​គ្រាន់តែ​លោក​មិន​ហ៊ាន​បិទ និង​មិន​ហ៊ាន​អំពាវនាវ​កុំឱ្យ​ខ្មាស​គេ ។

ក្រៅពី​អតីត​កីឡាករ​ខាងលើ អតីត​កីឡាករ​ផ្សេង​ទៀត ក៏​បាន​តស៊ូ​បើក​ក្លិប​ជា​របស់​ផ្ទាល់​ខ្លួន​បែប​នេះ​ផង​ដែរ ដោយ​គ្រាន់តែ​អតីត​កីឡាករ​ទាំងនោះ​មិនសូវ​ល្បី​ក្នុង​ពេល​នៅ​ប្រដាល់ ហើយ​ក្លិប​ដែល​បាន​ដំណើរការ​មាន​ភាព​លេចធ្លោ​ក្នុង​កម្រិត​នៅឡើយ ។ ប៉ុន្តែ​គេ​ឃើញ​អតីត​កីឡាករ​ច្រើន​រូប​បាន​ប្រឡូក​ការងារ​ជា​គ្រូបង្វឹក​ឱ្យ​ក្លិប​ផ្សេង​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ