ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ប៊ូល​នា​ពេល​បច្ចុប្បន្ន​គេ​កត់​សម្គាល់​គ្រប់ៗ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំងអស់​ដែល​មាន​ប្រជាប្រិយ​សម្រាប់​ស្រទាប់​​មហាជន កីឡា​ប៊ូល​ និង​ប៉េតង់​ត្រូវ​គេ​កត់​សម្គាល់ថា មានការ​ពេញ​និយម​កាន់ តែ​ខ្លាំង​នៅ​ក្នុង​ចំណោម​មនុស្ស​វ័យ​កណ្ដាលរហូត​ដល់​វ័យចាស់ ដោយ​កីឡា​ប្រភេទ​នេះ​ភាគច្រើន​អ្នកលេង​គឺជា​អ្នក​រួមការ​ងារ​ជាមួយគ្នា និង​លេង​ក្នុង​លក្ខណៈ​មិត្តភាព សាម​គ្គី​ភាព…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំងអស់​ដែល​មាន​ប្រជាប្រិយ​សម្រាប់​ស្រទាប់​​មហាជន កីឡា​ប៊ូល​ និង​ប៉េតង់​ត្រូវ​គេ​កត់​សម្គាល់ថា មានការ​ពេញ​និយម​កាន់
តែ​ខ្លាំង​នៅ​ក្នុង​ចំណោម​មនុស្ស​វ័យ​កណ្ដាលរហូត​ដល់​វ័យចាស់ ដោយ​កីឡា​ប្រភេទ​នេះ​ភាគច្រើន​អ្នកលេង​គឺជា​អ្នក​រួមការ​ងារ​ជាមួយគ្នា និង​លេង​ក្នុង​លក្ខណៈ​មិត្តភាព សាម​គ្គី​ភាព និក​ម្សា​ន្ត​ផង​ដែរ ។ ប៉ុន្តែ​មួយ​ចំនួន​លេង​ដាក់​ប្រាក់​ជា​លក្ខណៈ​ល្បែង​ស៊ី​សង បើ​ទោះជា​ការ​លេង​ភ្នាល់​នោះ គឺ​មាន​កម្រិត​តិចតួច​មិនធំ​ដុំ​ដូច​គេ​លេង​ភ្នាល់​បាល់ ឬ​ប្រដាល់​​ក្តី ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំងអស់ ដែល​ពេញ​និយម​ក្នុង​ស្រទាប់​មហាជន​មាន​​តែ​កីឡា​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មានការ​គាំទ្រ​ពេញទំហឹង​នៅ​តាម​សាលារៀន គ្រឹះ​ស្ថាន​របស់រដ្ឋ និង​ឯកជន​មួយ​ចំនួន ដោយ​កីឡា​ទាំងនោះ​រួម​មាន បាល់ទាត់ បាល់​ទះ និង​​បោះ​ប៊ូល​នេះឯង ។ នៅ​តាម​បណ្ដា​គ្រឹះស្ថាន​របស់​រដ្ឋ និង​ឯកជន​ទាំងនោះ លោ​កថា​ភាគ​​តិច​ណាស់ ដែល​មិន​មាន​តារាង​មួយ​ក្នុង​ចំណោម​កីឡា​ទាំង​៣ ខណៈ​ដែល​បោះ​ប៊ូល គឺ​ពេញ​និយម​ជាងគេ ដោយសារ​តែ​មិន​ត្រូវការ​ទីលាន​ធំ ហើយ​អាច​លេង​បាន​គ្នា​ច្រើន និង​សប្បាយ​ដូច​គ្នា ដោយ​មិន​ប្រើ​កម្លាំង​លេង​ច្រើន​ដូច​គ្នា​នឹង​កីឡាបាល់ទះ ឬ​បាល់​ទាត់​នោះ​ផង ។ លោក​ថា កីឡា​ទាំង​៣​មិន​ចាំបាច់​ទាល់តែ​កីឡាករ​ទើប​អាច​លេង​បាន​នោះ​ទេ គឺ​សាមញ្ញ​ជន​ដែល​គ្រាន់តែ​មាន​ចំណូលចិត្ត​លេង​ក៏​អាច​ចូលរួម​បាន​ដែរ ទើប​​ធ្វើ​ឱ្យ​កីឡា​ទាំង​៣​នេះ​មាន​ស្ទើរ​គ្រប់កន្លែង បើ​ធៀប​នឹង​កីឡា​ផ្សេង​ទៀត​ដែល​ទាល់​តែ​មានការ​បង្វឹក​ពី​គ្រូបង្វឹក ទើប​មាន​អ្នកលេង ហើយ​ត្រូវ​បង់លុយ​ទៀត​ផង​នោះ ។

យ៉ាងណាមិញ លោក​ថា កីឡា​ទាំងនោះ​ក៏​មាន​ផ្នែក​ៗ​របស់​វា​ផង​ដែរ ដោយ​លោក​បាន​ចាត់​ទុក​ថា កីឡាបាល់ទះ និង​បាល់ទាត់​សម្រាប់​ក្មេង​ៗ​ដែល​ពេញកម្លាំង ហើយ​កីឡា​បោះ​ប៊ូល​សម្រាប់​ចាស់​ៗ​ដែល​ត្រូវការ​លំហែកាយ និង​ត្រូវការ​ជួបជុំ​គ្នា​លេង​ដើម្បី​កម្សាន្ត និង​មិត្តភាព ។

លោក​ថា អ្នកលេង​កីឡា​នេះ​មិន​គ្រាន់តែ​មាន​ជំនាញ​ខាង​លេង​មួយ​មុខ​គ្រប់គ្រាន់​នោះ​ទេ គឺ​ត្រូវ​មាន​ភាព​ឆ្លាត​វៃ និង​ការ​គិត​ឱ្យ​ល្អិតល្អន់ ជាក់ស្ដែង​កីឡា​បោះ​ប៊ូល​មិនមែន​គ្រាន់​តែ​បោះ​ឱ្យ​អស់​គ្រាប់​ប៊ូល​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​វៃ​រឿង​ភ្នែក រហ័ស​រឿង​គំនិត និង​ពូកែ​វិភាគ​ទៀត ទើប​អាច​ក្លាយជា​អ្នក​ពូកែ​លេង​កីឡា​នេះ​បាន​។ អ៊ីចឹង​ហើយ​ទើប​កីឡា​ប្រភេទ​នេះ មិនសូវ​មាន​ចំណូលចិត្ត​សម្រាប់​ក្មេង​ៗ​នោះ​ទេ ប៉ុន្តែ​គឺ​បាន​ក្លាយជា​កីឡា​ពេញ​និយម​សម្រាប់​មនុស្ស​ចាស់​ៗ និង​អ្នក​ដែល​មិនសូវ​មាន​កម្លាំង​ហក់លោត​ខ្លាំង​។

លោក អ៊ិន គឹ​ម​ស្រ៊ុ​ន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​អះអាង​ថា កីឡា​ប៉េតង់​កើត​ចេញពី​ការ​ចង់​លេង​ចង់​ប្រកួត​ពី​សំណាក់​មហាជន​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​​សហព័ន្ធ​ទាំងមូល​ជ្រើសរើស​បាន​អ្នកលេង​ដែល​មាន​សមត្ថភាព​នៅ​ពេល​មានការ​បើក​ឱ្យ​ប្រកួត​ម្ដង​ៗ ។ កាលពីមុន កីឡា​មួយ​នេះ​លោក​ថា ស្ទើរ​មិន​មាន​ក្មេង​ៗ​ចង់​លេង​នោះ​ទេ ប៉ុន្តែ​សម្រាប់​រយៈពេល​ចុង​ក្រោយ​គឺ​មាន​ក្មេង​ចូល​លេង​ខ្លះ ដែល​មួយ​ចំនួន​ចូល​តាម​ការ​ណែនាំ ហើយ​មួយ​ចំនួន​ទៀត​ចូល​ដោយ​ឃើញ​កីឡាករ​កីឡាការិនី​ប៉េតង់​ច្រើន​នាក់​បាន​ចេញ​ប្រកួត​ថ្នាក់​ជាតិ និង​ក្រៅប្រទេស ។ យ៉ាងណាមិញ សម្រាប់​កីឡា​ប៉េតង់​នៅ​ទី​សាធារណៈ គឺ​នៅ​តែ​មិនសូវ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្មេង​ៗ​នៅឡើយ​ទេ ដោយសារ​តែ​អ្នកលេង​កីឡា​មួយ​នេះ ត្រូវការ​ភាព​អត់ធ្មត់ ហើយ​ក៏​ត្រូវ​មាន​កម្លាំង​ដៃ និង​បោះ​ត្រង់​ឱ្យ​ចំ​គោលដៅ​ផង​ដែរ​។

ផ្អែក​តាម​ភាព​ជាក់ស្ដែង កីឡា​ប៊ូល​ដែល​មានការ​ពេញ​និយម​នៅ​តាម​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន ជា​ពិសេស​នៅ​តាម​សាលារៀន​នោះ មិនមែន​បង្កើត​លេង​ៗ​ដើម្បី​តែ​លេង​ជុំ​គ្នា​ប៉ុណ្ណោះ​ទេ តែ​ក៏​មានការ​ភ្នាល់​តិចតួច​អាស្រ័យ​តាម​ការ​ចរចា​ផង​ដែរ ទើប​គេ​ឃើញ​មានការ​ប្រមូលផ្ដុំ​គ្នា​លេង​មិន​ដែល​ខាន​រាល់ថ្ងៃ ដោយ​ភាគច្រើន​គឺ​អ្នកលេង​ជា​មនុស្ស​វ័យ​កណ្ដាល និង​វ័យចាស់​។ នៅ​តាម​វិទ្យាល័យ​ធំ​ៗ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​មាន​ទីលាន​បោះ​ប៊ូល​នៅ​ក្នុង​នោះ​ដោយសារ​តែ​កីឡា​នេះ​មានការ​ពេញ​និយម​សម្រាប់​លោកគ្រូ​ៗ​ចាស់​ដែល​ចង់​បញ្ចេញ​ញើស និង​កម្លាំង​នៅ​ក្នុង​កីឡា ហើយ​មិន​អាច​ទៅ​លេង​ហក់​លោត​ក្នុង​ប្រភេទ​កីឡាបាល់ទះ​និង​បាល់ទាត់​ដូច​គេ​បាន ។

លោក​សាស្ត្រាចារ្យ​ម្នាក់​បង្រៀន​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី បាន​អះអាង​ថា លោក​ជុំ​គ្នា​លេង​ប៊ូល​មិនមែន​លេង​ជា​លក្ខណៈ​មិត្តភាព​នោះ​ទេ គឺ​មានការ​ភ្នាល់​ដាក់​ប្រាក់​តិចតួច ទើប​ជា​រៀង​រាល់​ល្ងាច ឬ​ពេល​ឈប់​សម្រាក​មានការ​ជួបជុំ​គ្នា​លេង​ដោយ​មាន​ច្រើន​ក្រុម​ឆ្លាស់​គ្នា​លេង​ដូច​គ្នា​នឹង​អ្នកលេង​បាល់​ដែរ ។ ពាក់ព័ន្ធ​នឹង​ការ​លេង​ភ្នាល់​នេះ​លោក​បញ្ជាក់​ថា មិន​មែន​ជា​ការ​លេង​ភ្នាល់​ដាក់​ប្រាក់​ធំដុំ​នោះ​ទេ​គឺ​ដាក់​តិចតួច​ដើម្បី​បង្កើន​ការ​ខំ​លេង​ទើបសប្បាយ​ប៉ុណ្ណោះ ។

មក​ទល់​ពេល​នេះ កីឡា​បោះ​ប៊ូល មិន​ត្រូវ​គេ​ឃើញ​បើក​ជា​ក្លិប​ដើម្បី​បង្វឹក​ដល់​សិស្ស​​នោះ​​ទេ ដោយ​កន្លែង​បង្វឹក​មាន​តែ​នៅ​សហព័ន្ធ​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​ប៉ុណ្ណោះ ទើប​អ្នកលេង​កីឡា​នេះ​គឺ​ចេះ​តាម​គ្នា លេង​តាម​គ្នា​យ៉ាង​ពេញ​និយម ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់​ៗ ។ ក្នុង​នោះ​អ្នកលេង​ទៀត​សោត ក៏​មិនសូវ​ជា​នា​រី​ផង​ដែរ បើ​ទោះជា​កីឡា​មួយ​នេះ​ត្រូវ​គេ​ឃើញ​នារី​ក្លាយជា​តំណាង​ជម្រើសជាតិ ហើយ​​រាល់ពេល​ចេញ​ប្រកួត​លើ​ឆាក​អន្តរជាតិ​រមែង​ទទួល​បាន​មេដាយ​ធ្វើ​ឱ្យ​កម្ពុជា​មាន​កិត្តិយស​និង​មុខមាត់​។

ទោះបី​យ៉ាងណា មន្ត្រី​សហព័ន្ធ​បាន​អះអាង​ថា ខ្លួន​កំពុង​ស្វះ​ស្វែងរក​ធនធានមនុស្ស​ក្មេង​ៗ​ឱ្យ​ក្លាយជា​អ្នក​ចូល​ចិត្ត​កីឡា​នេះ​កាន់តែ​ច្រើន ដើម្បី​ផ្លាស់​ប្ដូរ​បរិបទ​ដែល​ថា កីឡា​ប៊ូល ពេញ​និយម​តែ​មនុស្ស​ចាស់​ឱ្យមក​ជា​ក្មេង​ៗ​វិញ​។ ជាក់ស្ដែង​នៅ​ក្នុង​សហព័ន្ធ​រាល់​ថ្ងៃ​ក៏​មាន​ក្មេង​ៗ​មក​ស្នង​តំណែង​ច្រើន​ដែរ ដោយ​គ្រាន់តែ​ពួក​គេ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ឱ្យ​កម្ពុជា​ដាក់​ជា​តំណាង​ឱ្យទៅ​ដណ្ដើម​យក​មេដាយ​លើ​ឆាក​អន្តរ​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ