ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​លើ​ក​ដំបូង​​ហើយ​នៅ​កម្ពុជា​សម្រាប់​គ្រូ​បង្វឹក​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ បង្វឹក​លើក​ដំបូង​ដែល​មាន​រយៈពេល​៣​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​២៩ មីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដោយ​មាន​សិក្ខាកាម​មក​ពី​បណ្ដា​ខេត្ត​-ក្រុង​នានា​ចំនួន​៣៧​នាក់​ចូលរួម ។…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ
បង្វឹក​លើក​ដំបូង​ដែល​មាន​រយៈពេល​៣​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​២៩ មីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដោយ​មាន​សិក្ខាកាម​មក​ពី​បណ្ដា​ខេត្ត​-ក្រុង​នានា​ចំនួន​៣៧​នាក់​ចូលរួម ។

លោកគ្រូ​តា​ក្រមា​មាស សាន គឹ​ម​ស៊ា​ន ដែលជា​គ្រូ​គុន​ល្បុក្កតោ និង​ជា​ស្ថាបនិក​សហ​ព័ន្ធ​កីឡា​ល្បុក្កតោ​មាន​ប្រសាសន៍​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​ជា​ក្ដី​ស្រមៃ​របស់​លោក​ជា​យូរ​មក​ហើយ គឺ​លោក​មាន​បំណង​ចង់​បង្កើត​​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​មួយ​នេះ​តាំងពី​ឆ្នាំ​២០០៥​មក​ម៉្លេះ ។ ប៉ុន្តែ​ដោយ​សារ​តែ​លោក​គ្មាន​លទ្ធភាព ហើយ​កាល​ណោះ​វិស័យ​កីឡា​ល្បុក្កតោ​ពុំ​ទាន់​មានការ​ចាប់​អារម្មណ៍​ទើប​ធ្វើ​ឱ្យ​មានការ​យឺតយ៉ាវ ចេះ​តែ​ពន្យារពេល​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃនេះ​។

នៅ​​ក្នុង​ឆ្នាំ​២០១៨​នេះ សហព័ន្ធ​កីឡា​ល្បុក្កតោ​បាន​ដាក់​ចេញ​នូវ​ផែនការ​យ៉ាង​ច្បាស់​លាស់​​​​ជា​ពិសេស​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ក្បាច់គុន​ល្បុក្ក​តោ​​សង្ឃឹមថា ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ខ្មែរ ។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​មាន​បំណង​ចង់​ជំរុញ​វិស័យ​កីឡា​ដែល​ជា​កេរដំណែល​វប្បធម៌​ជាតិខ្មែរ​មួយ​នេះ​ឱ្យ​កាន់តែ​មាន​ភាព​ល្បី​រន្ទឺ​នៅ​លើ​ពិភពលោក​នា​ពេល​អនាគត ។

លោកគ្រូ​តា​ក្រមា​មាស ​សាន គឹ​ម​ស៊ា​ន ប្រធាន​បណ្ឌិតសភា​ក្បាច់គុន​ល្បុក្កតោ​កម្ពុជា​បាន​មាន​ប្រសាសន៍​បន្ត​ថា ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​យើង​មាន​រាប់​ពាន់​រាប់​ម៉ឺន​ក្បាច់។ ប៉ុន្តែ​ដើម្បី​ជំរុញ​វិស័យ​កីឡា​មួយ​នេះ​ឱ្យ​ឈាន​ជើង​ចូល​ឆាក​អន្តរជាតិ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្ហាត់បង្ហាញ ជាដំបូង​យើង​ត្រូវ​ចងក្រង​ជា​ឯកសារ​ហ្វឹកហាត់​ឱ្យ​មានច្បាប់​ទម្លាប់​ត្រឹម​ត្រូវ មាន​ផែនការ​ហ្វឹកហាត់​ច្បាស់លាស់​មិន​មែន​ចេះ​តែ​ធ្វើ​តាម​ការ​នឹកឃើញ​នោះ​ទេ ។ ដំបូង​យើង​ធ្វើ​ជា​លក្ខណៈ​ជាតិ​ជា​មុន ពេល​ទទួល​បាន​ជោគជ័យ​ហើយ​ទើប​យើង​​បន្ត​ឈាន​ជើង​ចូល​ជា​លក្ខណៈ​អន្តរជាតិ ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នៅ​លើ​ពិភព​លោក​តែ​ម្ដង ។

ក្នុង​នាមរូប​លោក​ជា​ប្រធាន​បណ្ឌិតសភា​ក្បាច់គុន​ល្បុក្កតោ​កម្ពុជា ដើម្បី​ជំរុញ​វិស័យ​កីឡា​ក្បាច់គុន​ល្បុក្កតោ​កម្ពុជា​ឱ្យ​មាន​ភាព​ងាយស្រួល​ទាំង​ទៅ​ប្រកួត​នៅ​ប្រទេស​គេ ឬ​នាំ​គេ​មក​ប្រកួត​នៅ​ប្រទេស​យើង គឺ​ត្រូវធ្វើ​យ៉ាងណា​កែសម្រួល​ឡើង​វិញ​ខ្លះ​ៗ​នូវ​វិញ្ញា​សា​ប្រកួត​មួយ​ចំនួន ។ តើ​ក្បាច់គុន​ណាខ្លះ​ត្រូវ​ជ្រើសរើស​យក​មក​ដាក់​បញ្ចូល​នៅ​ក្នុង​បញ្ជី​ហ្វឹកហាត់ ព្រោះ​ក្បាច់គុន​មាន​រាប់រយ​រាប់​ពាន់​មិន​អាច​យក​ទៅ​ទាំងអស់​បាន​ទេ ធ្វើ​យ៉ាងណា​ឱ្យ​គេ​ទទួល​បាន​និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ហ្វឹ​ល​ហាត់ ។ ដូច្នេះ វគ្គ​បណ្ដុះ​​បណ្ដាល​គ្រូបង្វឹក​នា​ពេល​នេះ គោលបំណង​សំខាន់​គឺ​ចង់ឱ្យ​ពួក​គាត់​ដែល​ជា​សិ​កា្ខ​កាម​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​កម្មវិធី​ហ្វឹកហាត់​ថ្មី និង​ដើម្បី​ក្លាយជា​ប្រភេទ​កីឡា​ថ្នាក់​ជាតិ​មានកម្ម​វិធី​ប្រកួត​ថ្នាក់​ជាតិ​ដូច​ប្រភេទ​កីឡា​ដទៃ​ទៀត​ដែរ​។

លោក​សង្កត់ធ្ងន់​ថា ដើម្បី​ជំរុញ​ក្បាច់គុន​ល្បុក្កតោ​មានឱកាស​បង្ហាញខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​នៅ​ថ្ងៃ​អនាគត ជាដំបូង​យើង​ត្រូវ​រៀបចំ​ពង្រឹង​ការ​ហ្វឹកហាត់ មាន​ផែនការ​ច្បាស់​លាស់​ត្រឹមត្រូវ​តាម​ស្តង់ដា​រួចរាល់​អស់ហើយ​ទើប​យើង​បន្ត​ផ្សព្វផ្សាយ​នៅ​លើ​ឆាក​អន្តរជាតិ​តែ​ម្ដង ។ បាន​ន័យ​ថា បើ​យើង​ជា​ម្ចាស់​ក្បាច់គុន​ខ្លួនឯង​មិន​ទាន់​រឹង​មាំ​ផង​ទៅ​បង្ហាត់​គេ​ក៏​មិនកើត​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ