ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ផ្ដើម​ពិភាក្សា​ពី​ការ​នាំ​ចេញ​កសិផល​ដោយ​ផ្ទាល់​ទៅ​ទីផ្សារ​ប្រទេស​ចិន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កា​រវិ​វត្ត​ថ្មី​មួយទៀត​នៃ​ផែនការ​នាំ​ចេញ​កសិផល​ខ្មែរ ខណៈ​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ បាន​ចាប់ផ្ដើម​ពិភាក្សា​រក​ដំណោះស្រាយ​ដើម្បី​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដោយ​ផ្ទាល់ ដែល​ជា​ការ​ផ្ដល់​ក្ដី​សង្ឃឹម​បន្ថែម​ទៀត​ដល់​កសិករ​កម្ពុជា ។ ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី​សេចក្តីណែនាំ ស្តី​ពី​ការ​នាំ​ចេញ​ផ្លែ​ចេក…

រាជធានី​ភ្នំពេញ ៖ កា​រវិ​វត្ត​ថ្មី​មួយទៀត​នៃ​ផែនការ​នាំ​ចេញ​កសិផល​ខ្មែរ ខណៈ​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ បាន​ចាប់ផ្ដើម​ពិភាក្សា​រក​ដំណោះស្រាយ​ដើម្បី​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដោយ​ផ្ទាល់ ដែល​ជា​ការ​ផ្ដល់​ក្ដី​សង្ឃឹម​បន្ថែម​ទៀត​ដល់​កសិករ​កម្ពុជា ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី​សេចក្តីណែនាំ ស្តី​ពី​ការ​នាំ​ចេញ​ផ្លែ​ចេក ស្វាយ និង​មៀន​ទៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៧ មីនា នៅ​សណ្ឋាគារ​ភ្នំពេញ លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា ការ​រៀបចំ​ឱ្យ​មាន​សិក្ខាសាលា​នេះ ជា​ប្រធានបទ​មួយ​ដ៏​សំខាន់​សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជកម្ម រវាង​កម្ពុជា និង​ចិន ។

លោក​បណ្ឌិត​បន្ដ​ថា ៖« វិស័យ​កសិកម្ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ និង​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា ។ ជាក់ស្តែង កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ វិស័យ​កសិកម្ម​បាន​ចូលរួម​ប្រមាណ​២៦,៣%​នៃ​ផលិតផល​សរុប​ក្នុងស្រុក » ។

បើ​តាម​អ្នក​ផ្តល់​កិច្ច​ពិគ្រោះ​យោបល់​របស់​អង្គការ​giz​ប្រចាំ​កម្ពុជា កាលពី​ឆ្នាំ​២០១៦ ចិន​បាន​នាំ​ចូល​ផ្លែ​ចេក​ជាង​៨៨​ម៉ឺន​តោន មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ​៥៨៦​លាន​ដុល្លារ​, ផ្លែស្វាយ មាន​ជិត​៤​ពាន់​តោន មាន​តម្លៃ​ទឹកប្រាក់​១៨​លាន​ដុល្លារ​, ផ្លែ​មៀន​ជាង​៣៥​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​ប្រមាណ​២៧៦​លាន​ដុល្លារ ក្នុង​នោះ​នាំ​ចូល​ពី​ប្រទេស​ថៃ និង​វៀតណាម​ច្រើន​ជាងគេ ។

ទោះបី​យ៉ាងណា ដើម្បី​ទទួល​បាន​ទីផ្សារ​នាំ​ចូល​ផ្លែ​ឈើ​ស្រស់​ទៅ​ប្រទេស​ចិន ត្រូវ​អនុវត្ត​តាម​គោលនយោបាយ​មួយ​ចំនួន ហើយ​កម្ពុជា​ហាក់ដូចជា​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​បើក​ទីផ្សារ​មួយ​នេះ ។
អ្នកស្រី សុវណ្ណ មាលា អ្នក​ផ្តល់​កិច្ច​ពិគ្រោះ​យោបល់​រូប​នេះ​បាន​បន្ដ​ថា គោលនយោបាយ​នាំ​ចូល​ផ្លែ​ឈើ​ស្រស់​នៅ​ចិន មាន​ដូច​ជា ៖
១-​ត្រូវការ​ដំណោះស្រាយ​ទាំង​ផ្នែក​នយោបាយ និង​បច្ចេកទេស ។
២-​ទំនាក់ទំនង​ទ្វេភាគី​មាន​សារសំខាន់ ក្នុង​ការ​ទទួល​បាន​ទីផ្សារ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​ចិន ។
៣-​អ្នក​នាំ​ចេញ​នៅ​ក្នុង​ប្រទេស​ដែល​បាន​ចុះហត្ថលេខា ស្តី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​ទទួល​បាន​អត្ថប្រយោជន៍​ប្រកួតប្រជែង​ជា​ច្រើន​ពី​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល ។
៤-​ប្រទេស​ភាគី​ទាំងនោះ​នឹង​ទទួល​បានការ​លើកលែង​ពន្ធគយ ឬ​ជា​ប្រទេស​នឹង​ទទួល​ការ​បង់ពន្ធ​នាំ​ចូល​តិចតួច​សម្រាប់​ការ​នាំ​ចូល​ផ្លែ​ឈើ គឺ​តម្រូវ​ឱ្យ​បង់ពន្ធ​លើ​តម្លៃបន្ថែម​តែ​១០% ។
៥-​អត្រា​បន្ធូរ​បន្ថយពន្ធ​នាំ​ចូល​ប្រែប្រួល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ហើយ​វា​អាស្រ័យ​ទាំង​នៅ​លើ​កត្តានយោបាយ និង​កត្តា​បច្ចេកទេស ។

៦-​អ្នក​នាំ​ចូល​ទៅ​ប្រទេស​ចិន ត្រូវ​សុំ​កូតា​ពី​ក្រុមហ៊ុន​ដែល​មាន​កូតា​នាំ​ចូល​ម្ហូបអាហារ​ទៅ​ចិន ដូច​ជា ក្រុមហ៊ុន​សាជីវកម្ម​គ្រាប់​ធញ្ញជាតិ ប្រេង និង​ម្ហូបអាហារ​ជាតិចិន (COFCO) ដែល​សព្វថ្ងៃ គ្រប់គ្រង និង​ផ្តល់​កូតា​នាំ​ចូល​អង្ករ ។ មិន​មាន​កូតា​នាំ​ចូល ផលិតផល​អាច​នាំ​ចូល​បាន តែ​ត្រូវ​បង់ពន្ធ​ច្រើន​នៅ​ចិន ។
៧-​វត្តមាន និង​ការ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ទាំងឡាយ​ក្នុង​រូបភាព​ជា​គណៈប្រតិភូ ឬ​ជា​ការ​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម ពិសេស​ជំរុញ​កិច្ចចរចា​ឲ្យ​ដំណើរការ​ទៅ​មុខ​ដោយ​រលូន ។
៨-​ការ​គាំទ្រ​របស់​ស្ថានទូត​តំណាង​ប្រទេស​គឺជា​គន្លឹះ ហើយ​តំណាង​នានា​ពី​ស្ថានទូត​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព អធិការកិច្ច និង​ច​ត្តា​ឡី​សក្តិ គឺជា​ចំណុច​គន្លឹះ ដែល​អាច​ជួយ​ដំណើរការ​នៃ​ការ​ទទួល​បាន​នូវ​កិច្ចព្រមព្រៀង ។
៩-​ភាព​ជោគជ័យ គឺ​ស្ថិត​នៅ​លើ​សមត្ថភាព​របស់​ក្រុម​បញ្ចុះបញ្ចូល​ដែល​បង្កើត​បាន​នូវ​ក្តី​ទុកចិត្ត​និង​ជំនឿ​ថា ផលិតផល​នាំ​ចូល​ទៅ​ចិន​របស់​ពួក​គេ​គ្មាន​ហានិភ័យ​ខាង​ភូតគាម​អនាម័យ ព្រមទាំង​យល់ព្រម​អនុវត្ត​ចំណុច​ទាំងឡាយ​ដែល​បាន​ចែង​នៅ​ក្នុង​ពិធីសារ​របស់​ខ្លួន ។

ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ លោក អុ​ិ​ន ឆៃ​វ៉ា​ន បានឱ្យ​ដឹង​ថា កិច្ច​ពិភាក្សា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​នាំ​ចេញ​ចេក​, ស្វាយ និង​មៀន​ទៅ​កាន់​ទីផ្សារ​ចិន​ថ្ងៃនេះ វា​ជា​សញ្ញា​មួយ​លើកទឹកចិត្ត​ទៅ​ដល់​កសិករ​ឱ្យ​មាន​ក្តី​សង្ឃឹម ។
លោក​បន្ត​ថា ៖« អ្វី​ដែល​យើង​ចង់បាន ក៏​ដូច​ជា​ឈ្មួញ​ក្នុងស្រុក និង​ក្រុមហ៊ុន​ឯកជន គឺ​ឱ្យ​មានការ​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​ប្រទេស​ចិន ដើម្បី​លើក​ស្ទួយ​តម្លៃ​កសិផល​របស់​ប្រជា​កសិករ​កម្ពុជា » ។
លោក​បន្ដ​ទៀត​ថា ៖« ក្នុង​នាម​សមាគម ខ្ញុំ​មាន​សុទិដ្ឋិនិយម​ទៅ​លើ​ការ​ចរចា​របស់​ក្រសួង​នា​ពេល​នេះ ដែល​ចង់ឱ្យ​មានការ​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​ប្រទេស​ចិន ព្រោះ​ប្រទេស​ចិន​ជាទី​ផ្សារ​ធំ និង​សំខាន់​សម្រាប់​កសិផល​ផ្សេង​ទៀត​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ