ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រាស​ខ្នាត​តូច និង​មធ្យមគួរ​ចេះ​ប្រើប្រាស់​លុយ​អ្នក​ដទៃ​ដើម្បី​ពង្រីក​អាជីវកម្ម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា បាន​និង​កំពុង​រួមចំណែក​ដល់​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​។ ហេតុ​ដូច្នេះ​ហើយ​បានជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ហៅ​កាត់​ថា (CSX) បង្ហាញ​ការ​យល់​ឃើញ​ថា ម្ចាស់​សហគ្រាស​ខ្នាត​តូច…

រាជធានី​ភ្នំពេញ ៖ សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា បាន​និង​កំពុង​រួមចំណែក​ដល់​ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​។ ហេតុ​ដូច្នេះ​ហើយ​បានជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា ហៅ​កាត់​ថា (CSX) បង្ហាញ​ការ​យល់​ឃើញ​ថា ម្ចាស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា គួរ​រៀន ឬ​ចេះ​ប្រើប្រាស់​លុយ​របស់​អ្នក​ដទៃ ដើម្បី​យក​មក​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ចៀសវាង​បាត់បង់​ឱកាស​ក្នុង​ការ​ជំរុញ​មុខ​ជំនួញ​ទៅ​មុខ​ឲ្យ​បាន​ជោគជ័យ ។

លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា មាន​ប្រសាសន៍​ថា ៖«​ពេល​ខ្ញុំ​មានឱកាស​ធ្វើ​បទ​បង្ហាញ ឬ​ថ្លែង​សុន្ទរកថា​ផ្សេង​ៗ គឺថា​សហគ្រាស​ទាំងអស់ ពិសេស​សហគ្រាស​ខ្នាត​តូច​និង​មធ្យម គួរតែ​រៀន ឬ​ចេះ​ប្រើប្រាស់​លុយ​របស់​អ្នក​ដទៃ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន កុំ​រង់ចាំ​ដល់​ពេល​យើង​សន្សំ​បាន​ប្រាក់​ចំណេញ​បាន​ម្តង​បន្តិច​ៗ​យក​ទៅ​ពង្រីក​អាជីវកម្ម ព្រោះ​វា​យឺត​ណាស់ ហើយ​ក៏​បាត់បង់​ឱកាស​ច្រើន​ណាស់​ដែរ » ។

លោក​អគ្គនាយក​បន្ត​ថា ៖« ទម្រាំ​យើង​សន្សំ​បាន​ប្រាក់​ចំណេញ​ម្តង​បន្តិច​ៗ​យក​ទៅ​ពង្រីក​អាជីវកម្ម​របស់​យើង​បាន ពេល​នោះ គេ​ចម្លង​ធ្វើ​តាម​គ្រប់​គ្នា ។ អីចឹង កុំ​ទុក​ឱកាស​ឱ្យ​គេ​ចម្លង​តាម​ទាន់ យើង​បង្កើត​អាជីវកម្ម​ដែល​មាន​កំណើន​លឿន មាន​ចំណូល​ច្រើន ហើយ​ត្រូវ​ចេះ​កៀរគរ​លុយ​របស់​អ្នក​ដទៃ​យក​ទៅ​ពង្រីក​អាជីវកម្ម ។ លុយ​របស់​អ្នក​ដទៃ​នោះ អាច​ជា​លុយ​មុន​ពេល​ចូល​ផ្សារ​ហ៊ុន និង​ពេល​ចូល​ផ្សារ​ហ៊ុន » ។
លោក ហុង សុ​ហួរ លើក​ឡើង​ទៀត​ថា​៖ « សហគ្រិន​កុំ​ចង់​តែ​បាន​ប្រាក់​ចំណេញ ធ្វើ​យ៉ាងម៉េច ឱ្យ​ភាគហ៊ុន​របស់​យើង​មាន​តម្លៃ​កើនឡើង ។ ក្រុមហ៊ុន​ធំ​ៗ​នៅ​លើ​ពិភពលោក អត់​រង់ចាំ​ប្រាក់​ចំណេញ​ទេ ប្រាក់​ចំណេញ គាត់​ស្ទើរតែ​មិន​ទទួល​តែ​ម្តង គាត់​ធ្វើ​យ៉ាងម៉េច ឱ្យ​ថ្លៃ​ភាគហ៊ុន​គាត់​កើន​ឡើងជា​អតិបរមា តាម​រយៈ​ការ​ពង្រីក​អាជីវកម្ម​លឿន និង​ការ​ប្រើប្រាស់​លុយ​របស់​អ្នក​ដទៃ » ។

ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បានឱ្យ​ដឹង​ថា ដើម្បី​ជ្រៀតចូល​ទីផ្សារ CSX សម្ព័ន្ធ​សមាគម​បាន​និង​កំពុង​ជំរុញ​ឱ្យ​សមាជិក​ចូលរួម​ឈ្វេងយល់ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុមហ៊ុន​ឱ្យ​ត្រូវ​តាម​ស្តង់ដា ដែល​ខាង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក៏​ដូច​ជា​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​តម្រូវ ។
លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៦ មីនា ម្សិលមិញ​ថា ៖« កន្លង​មក សម្ព័ន្ធ​សមាគម​បាន​ធ្វើការ​សហការ​ជាមួយ​ខាង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ហើយ​បាន​កំពុង​សិក្សា​ជាមួយ​គ្នា​ថា តើ​សហគ្រាស​ប្រភេទ​ណា​ដែល​យើង​អាច​ចូលរួម​នៅ​ក្នុង​ចង្កោម​ផ្សារ​ហ៊ុន​បាន ។ សព្វ​ថ្ងៃនេះ យើង​កំពុងធ្វើការ​ជាមួយ​គ្នា » ។

ប្រធាន​សម្ព័ន្ធ​សមាគម​បន្ត​ថា បច្ចុប្បន្ន​សមាជិក​កំពុង​រៀបចំ​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង និង​ការ​វេច​ខ្ចប់​ផលិតផល​ឱ្យ​បាន​ល្អ ដើម្បី​អាច​មានឱកាស​ចូល​ក្នុង​ផ្សារ​ហ៊ុន ។ កាលណា​សមាជិក​បាន​ចូលរួម​បោះផ្សាយ​លក់​ភាគហ៊ុន​បាន គឺជា​រឿង​ល្អ​សម្រាប់ SMEs ព្រោះ​សព្វថ្ងៃ SMEs ត្រូវការ​ទុន​ពង្រីក​អាជីវកម្ម ។ លោក​បន្ថែម​ថា មក​ដល់​សព្វថ្ងៃ សម្ព័ន្ធ​សមាគម​មាន​សមាជិក​នៅ​រាជធានី​ភ្នំពេញ ជាង​៣០០ និង​២៩​សមាគម​នៅ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ