ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​បរទេស​កំពុង​វិនិយោគ​នៅកម្ពុជា​កើន​ដល់​ជាង២ពាន់​ក្រុមហ៊ុន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧​កន្លង​មកនេះ មាន​ក្រុមហ៊ុន​បរទេស​សរុប​ចំនួន​២.១៥២​ក្រុមហ៊ុន ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា ។ យោង​តាម​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ ពួក​គេ​បាន​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​ចំនួន​៤…

រាជធានី​ភ្នំពេញ ៖ របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧​កន្លង​មកនេះ មាន​ក្រុមហ៊ុន​បរទេស​សរុប​ចំនួន​២.១៥២​ក្រុមហ៊ុន ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា ។
យោង​តាម​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ ពួក​គេ​បាន​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​ចំនួន​៤ រួម​មាន វិស័យ​ទេសចរណ៍ មាន​ចំនួន​១៥៨​ក្រុមហ៊ុន​, វិស័យ​កសិកម្ម ចំនួន​១៩៣​ក្រុមហ៊ុន​, វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ចំនួន​១៣១​ក្រុមហ៊ុន និង​វិស័យ​រោងចក្រ សហគ្រាស​ផ្សេង​ៗ ចំនួន​១.៦៧០​ក្រុមហ៊ុន ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ថា ការ​កើនឡើង​នៃ​ក្រុមហ៊ុន​អន្តរជាតិ​ទាំងនោះ ដោយសារ​បរិយាកាស​វិនិយោគ​កាន់តែ​ល្អ​ប្រសើរ ជា​ពិសេស កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​កន្លែង​មួយ​ទាក់ទាញ​វិនិយោគិន​បរទេស​យ៉ាង​ខ្លាំង ។ អ្នក​នាង​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន​យក្ស​ចំនួន​៧៦​ក្រុមហ៊ុន​ហើយ​កំពុង​វិនិយោគ​នៅ​កម្ពុជា ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​៥០០ នៅ​ក្នុង​ពិភពលោក ។
អ្នក​នាង​បន្ត​ថា ៖« កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​អាស៊ាន ដែល​មាន​កំណើនសេដ្ឋកិច្ច​ល្អ​ជាងគេ និង​មានការ​រីក​ចម្រើន​លឿន​ជាងគេ » ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market consulting បាន​ថ្លែង​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ ប្រហែល​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន កោះ​តៃវ៉ាន់ និង​ក្រុង​ហុងកុង​បាន​មក​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ជាងគេ​លើ​វិស័យ​រោងចក្រ សហគ្រាស វិស័យ​សំណង់ និង​អចលនទ្រព្យ ដោយសារ​កម្ពុជា​ស្ថិត​នៅ​ក្នុង​គោលនយោបាយ​ផ្លូវ​សូត្រ ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ។

លោក​បន្ត​ថា ៖« អ្វី​ជា​ការ​លើក​ឡើង​ពី​ស្ថាប័ន​អន្តរជាតិ​បាន​បង្ហាញ​ថា បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​ដែល​អ្នក​វិនិយោគ​ពី​អឺរ៉ុប​ចង់បាន​នៅឡើយ​ទេ » ។
លោក ង៉ែត ជូ បាន​បន្ថែម​ថា ប្រសិនជា​គិត​ពី​កំណើនសេដ្ឋកិច្ច វា​ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ​មានការ​វិនិយោគ ប៉ុន្តែ​សក្តានុពល​នៃ​វិស័យ​សំណង់ និង​អចលនវត្ថុ​ជា​ផ្នែក​សំខាន់​ជំរុញ​ឲ្យ​មានការ​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន​កាន់តែ​ច្រើន​នៅ​កម្ពុជា ។ លោក​បន្ត​ថា ប្រសិនជា​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​លក្ខខណ្ឌ​ប្រសើរ នឹង​ទាក់ទាញ​ក្រុមហ៊ុន​ថ្មី​ៗ​កាន់តែ​ច្រើន​ទៀត​ចូល​មក​កាន់​ទីផ្សារ​នេះ ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក អុ​ិ​ន ចាន់​នី បាន​ថ្លែង​ថា មុន​នឹង​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ អ្នក​វិនិយោគ​សម្លឹង​មើល​កត្តា​៣​ជា​ចម្បង ៖ ទី​១ សន្តិភាព និង​ស្ថិរភាព​នយោបាយ​រយៈពេល​វែង ទី​២ ស្ថិរភាព​សង្គម និង​ទី​៣ កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នោះ ។ លោក​បន្ត​ថា កម្ពុជា​មាន​កត្តា​សំខាន់​ទាំង​៣​នេះ ទើប​ទាក់ទាញ​អ្នក​វិនិយោគ​ចូល​មក​កាន់តែ​ច្រើន គួប​ផ្សំ​នឹង​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​មាន​ភាព​ប្រសើរ​ទៀត ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ ។
លោក​បន្ត​ថា ៖« ការ​កើនឡើង​នូវ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ និង​ការ​ផ្លាស់​ប្តូរ​ឋានៈ​ចេញពី​ប្រទេស​ក្រីក្រ មក​កាន់​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប បាន​ក្លាយជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ