ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ មិន​ខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម​​ទេ

6 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ បើ​ទោះជា​ប្រទេស​ចិន​បាន​គំរាមកំហែង បន្ទាប់​ពី​សហរដ្ឋអាមេរិក​មាន​គម្រោង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ​ក្តី ប៉ុន្តែ​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​អា​មេ​រិ​ក លោក Steve Mnuchin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ប្រធានាធិបតី​អា​មេ​រិ​ក…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ បើ​ទោះជា​ប្រទេស​ចិន​បាន​គំរាមកំហែង បន្ទាប់​ពី​សហរដ្ឋអាមេរិក​មាន​គម្រោង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ​ក្តី ប៉ុន្តែ​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​អា​មេ​រិ​ក លោក Steve Mnuchin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ នឹង​មិន​ដកថយ​ទេ ហើយ​ក៏​មិន​ព្រួយបារម្ភ​ពី​សង្គ្រាម​​ពាណិជ្ជកម្ម​ដែរ ។

លោក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ៖«​យើង​នឹង​បន្ត​គម្រោង​ដាក់​ពន្ធ​របស់​យើង ហើយ​​កំពុង​តែ​ធ្វើការ​អនុម័ត​វា ។ ដូចដែល​លោក​ប្រធានាធិបតី​ត្រាំ បាន​និយាយ​ហើយ គឺ​យើង​មិន​ខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​វា​ក៏​មិនមែន​ជា​គោលដៅ​របស់​យើង​ដែរ » ។
ការ​ភ័យ​ខ្លាច​ថា នឹង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន បាន​ទាញ​ទម្លាក់​តម្លៃ​ភាគហ៊ុន​នៅ​សហរដ្ឋអាមេរិក ។

លោក​ត្រាំ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​កាលពី​ស​ប្តា​ហ៍​មុន ដើម្បី​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន​ប្រមាណ​៦០​ប៊ី​លាន​ដុល្លារ ព្រោះ​លោក​អះអាង​ថា ប្រទេស​ចិន​បាន​ល្មើស​នឹង​សិទ្ធិ​កម្មសិទ្ធិបញ្ញា​អា​មេ​រិ​ក ។

លោក​ត្រាំ បាន​ផ្តល់​ពេល​ប្រមាណ​៦០​ថ្ងៃ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​បង្កើត​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​វិនិយោគ គឺ​ទប់ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន និង​មូលនិធិ​ចិន​ទិញ​ក្រុមហ៊ុន​មាន​បច្ចេកវិទ្យា​សំខាន់​ៗ​របស់​អា​មេ​រិ​ក ។

លោក Mnuchin បន្ត​ថា លោក​ជឿជាក់​ថា សហរដ្ឋអាមេរិក​អាច​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​ចិន​លើ​បញ្ហា​មួយ​ចំនួន ប៉ុន្តែ​ការ​ដាក់​ពន្ធ​នឹង​មិន​អាច​ផ្អាក​ឡើយ លុះត្រាតែ​យើង​មានការ​ព្រមព្រៀង​ដែល​អាច​ទទួលយក​បាន ។

ប្រទេស​ចិន​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ដកថយ និង​គំរាម​ថា ខ្លួន​នឹង​សងសឹក​វិញ ដោយ​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចេញពី​អា​មេ​រិ​ក​ផង​ដែរ ។

ក្រសួងពាណិជ្ជកម្ម​ចិន​និយាយ​ថា រដ្ឋាភិបាល​បាន​ពិចារណា​ដាក់​ពន្ធ​ប្រមាណ​២៥%​លើ​សាច់ជ្រូក​របស់​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ