ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ផ្តាំ​ទៅ​មេដឹកនាំ​បក្ស​ប្រឆាំង​ថា «​យឺត​ពេល​ហើយ​អូន​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០១៨ ​នេះ​ថា វត្តមាន​របស់​ឯកឧត្ដម Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្ដ្រី​ជប៉ុន​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិ​នា ឆ្នាំ​២០១៨ ​នេះ​ថា វត្តមាន​របស់​ឯកឧត្ដម Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្ដ្រី​ជប៉ុន​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្មី​ៗ​នេះ មិនមែន​មក ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ហើយ​គ្រប់យ៉ាង គឺ​យឺត​ពេល​ហើយ ​សម្រាប់​បក្ស​ប្រឆាំង​សម្រាប់​ការ​ចរចា ហើយ​កុំ​យល់​ច្រឡំ​ថា ជប៉ុន​នឹង​គាបសង្កត់​រដ្ឋាភិបាល​កម្ពុជា ។

ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​អតីតមន្ត្រី​ជាន់ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​របស់​ខ្លួន​បាន​បន្ត​ភូតភរ​ថា សម្តេច​នឹង​ត្រូវ​អាស៊ាន និង​អូស្ត្រាលី​ដាក់​សម្ពាធ រួច​ក៏​បន្ត​ថា ជប៉ុន​នឹង​គាបសង្កត់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថ្ងៃ​ទី​២៧ ខែ​មិ​នា​បញ្ជាក់​ថា ៖ «​ថ្ងៃនេះ ​ខ្ញុំព្រះករុណា ខ្ញុំ​មាន​សារ​ជាក់លាក់​មួយ ដើម្បី​ចេញ​ទៅ​ឲ្យ​ពួក​ជ្រួលជ្រើម​ទាំងឡាយ ​ដែល​ប៉ុន្មាន​ថ្ងៃនេះ និយាយ​ពី​ការ​ចរចា ចរចា ចរចា ។ តាម​រយៈ​បេសកជន​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​មក​ជួប​ខ្ញុំព្រះករុណា​ខ្ញុំ ។ រួច​ហើយ​ពេល​នោះ​និយាយ​អំពី​ប្រធានបទ​ច្រើន​ណាស់ តាំងពី​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក សេរី នឹង​បើកចំហរ​តាំងពី​បញ្ហា​មេគង្គ​-​អាស៊ាន ជប៉ុន ។

ទី​ចុង​បំផុត​គាត់​ស្ទាបស្ទង់​មើល តើ​មាន​លទ្ធភាព​នឹង​ធ្វើការ​ចរចា​ឬទេ?  ។ ខ្ញុំ​បាន​សួរ​គាត់​ថា​ចរចា​ជាមួយ​អ្នក​ណា ។ គាត់​ថា ចរចា​ជាមួយនឹង​ក្រុម​មនុស្ស​មួយ​ចំនួន ។ គាត់​មិន​ហ៊ាន​ព្រោះ គាត់​បាន​បញ្ជាក់​ថា គាត់​គោរព​ច្បាប់​កម្ពុជា គោរព​សាលក្រម​តុលាការ​កម្ពុជា ។ គាត់​ឥត​និយាយ​ថា ចរចា​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ ឬ​ក៏​ចរចា​ជាមួយ​អ្នក​ណា​ទេ​» ។ សម្តេច​បាន​បន្ត​ទៀត​ថា ជា​ការ​ឆ្លើយ​តប​សម្តេច​បាន​បញ្ជាក់​ជូន​ថា ៖ «​ខ្ញុំ​ប្រាប់​ទៅ​គាត់​ថា ខ្ញុំ​ឥត​មាន​សិទ្ធ​ចរចា​ទេ ព្រោះ​ខ្ញុំ​ត្រូវ​គោរព​នូវ​សាលក្រម​តុលាការ ។ បើសិនជា​ខ្ញុំ​ចរចា គឺ​ខ្ញុំ​នឹង​ត្រូវ​ជាប់​ទោស​ខ្លួនឯង ។ អ្នក​ដែល​ប្រឆាំង​នឹង​សាលក្រម​តុលាការ​កំពូល​នឹង​ត្រូវ​ជាប់គុក និង​មានទោស ។ ជាប់គុក​២​ឆ្នាំ​កន្លះ​ថែម​ទៀត​» ។

សម្តេច​តេ​ជោ ហ៊ុន សែន​មាន​ប្រសាសន៍​ថា យ៉ាងណាមិញ​មន្ត្រីជាន់ខ្ពស់​ជប៉ុន​គាត់​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត «​អំពី​បញ្ហា​គោរព​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា បន្ត​ផ្តល់​ជំនួយ និង​សហការ ។ គាត់​មិន​បាន​ធ្វើការ​គៀបសង្កត់​អី​ទេ ។ ហើយ​ម្យ៉ាងទៀត វា​មិនមែន​ជា​កាតព្វកិច្ច របស់​ជប៉ុន​មក​ត្រូវ​គៀបសង្កត់​ខ្មែរ ។ ខ្ញុំ​សុំ​និយាយ​ឲ្យ​ច្បាស់​ទៅ​លើ​ចំណុច​នេះ ។ ខ្ញុំ​និយាយ​ទៅ​លើ​ទិដ្ឋភាព​ផ្លូវច្បាប់​ដែល​មិន​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើការ​ចរចា ។ គាត់​និយាយ​អំពី តើ​លទ្ធភាព​ដោះស្រាយ​ឲ្យ​មនុស្ស​១១៨​នាក់ ដែល​អាច​ធ្វើ​សកម្មភាព​នយោបាយ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ច្បាប់​នៅ​កម្ពុជា​វា​ឥត​ទាន់​មាន ច្បាប់​លើកលែងទោស​សម្រាប់​អ្នក​ហាមឃាត់ ឬ​កាត់​សិទ្ធ​ធ្វើ​នយោបាយ វា​ឥត​ទាន់​មាន​» ។ កម្ពុជា​មាន​តែ​ច្បាប់​ពន្ធនាគារ​អនុញ្ញាតិ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ស្នើ​សុំ​លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស ចំពោះ​អ្នក​ជាប់គុក​មាន​សាលក្រម​ស្ថាពរ​តែ​ប៉ុណ្ណោះ ។

សម្តេច​បាន​ផ្តាំ​ទៅ​លោក សម រ​ង្ស៊ី និង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ថា យឺត​ពេល​ហើយ​សម្រាប់​ការ​ចរចា ព្រោះ​ពួក​គេ​ជា​អ្នក​បំផ្លាញ​វប្បធម៌​សន្ទនា ហើយ «​ជប៉ុន​គេ​មិន​មក​ធ្វើ​រឿង​ឆ្កួត​ៗ​នោះ​ទេ ។ ជប៉ុន​គេ​ស្គាល់​ឯករាជ្យ អ​ធិ​តេ​យ្យ​របស់​ខ្មែរ​ច្បាស់​ណាស់​» ។ សម្តេច​បាន​ប្រកាស​ខ្លាំង​ៗ​ថា ការ​ប្រមាថ​ភរិយា​សម្តេច​ក៏​ដូច​ជា កូនច្បង​របស់​សម្តេច​ថា មាន​ទំនាក់ទំនង និង​ជា​កូន​របស់​មេដឹកនាំ​វៀតណាម​មួយ​រូប​ដែល​សម រ​ង្ស៊ី​មិន​ដែល​ចេញ​មុខ​បដិសេធន៍ បើ​ទោះបីជា​សម្តេច​ទុក​ឱកាស​ឲ្យ​ច្រើន​ដង​ហើយ​ក៏​ដោយ ។ សម្តេច​បាន​បញ្ជាក់​ថា ៖ «​រឿង​នេះ​ជា​ផ្នែក​មួយ​ដែល​សំខាន់ ដែល​នាំ​ទៅ​ដល់​ការ​ឃ្លាត​គ្នា​អំពី​វប្បធម៌​សន្ទនា ។ អ្នកឯង​ត្រូវ​យល់​ឲ្យ​ច្បាស់​លើ​រឿង​ហ្នឹង ។ ម្តង​ហើយ​ម្តងទៀត ឲ្យ​អ្នកឯង​បដិសេធន៍ ។ អ្នកឯង​ឥត​បដិសេធន៍​ទេ » ។ សម្តេច​ប្រកាស​ខ្លាំង​បន្ត​ទៀត​ថា ៖ «​ឥឡូវ​និយាយ​ពី​បញ្ហា​ចរចា ។ ប្រកាស​ដាច់ខាត​ឥត​ចរចា ។ ប្រាប់​ឲ្យ​ហើយ​» ខ្ញុំ​បញ្ជាក់​តែ​២​ចំណុច​ទេ ។ ទី​១ គ្មាន​ការ​ចរចា​ជាមួយ​ពួក​ក្បត់ជាតិ ។ ទី​២ គ្មាន​ការ​លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស​ឲ្យ​ក្រុម​ពួក​ក្បត់ជាតិ​នេះ​ទេ​» ។ លោក​ឯង​ចង់​ថា ម៉េច​ថា​ទៅ​ចង់​ធ្វើ​ម៉េច​ធ្វើ​ទៅ​» ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ៖ «​លោក​ឯង​បាន​បាត់បង់​ឱកាស​ហើយ ។ ហើយ​ខ្ញុំ​ប្រាប់​លោក​ឯង​ថែម​ទៀត ថ្ងៃអាទិត្យ អាទិត្យ​ក្រោយ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នឹង​មក​ជួប​ជាមួយ​ខ្ញុំ​ទៀត ។ ប៉ុន្តែ​មិនមែន​ប្រធានបទ​ហ្នឹង​ទេ ។ ជួប​ហើយ​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​២ ចុះហត្ថលេខា​លើ​ការ​ផ្តល់​ជំនួយ​របស់​ប្រទេស​ជប៉ុន​ឲ្យ​កម្ពុជា​» បន្ទាប់​មក​នឹង​ជួប​សម្តេច​ពិភាក្សា​លើ​ប្រធានបទ​ផ្សេង មិនមែន​រឿង​អ្នក​កំពុង​ជាប់​ឃុំ និង​អស់​សិទ្ធ​ធ្វើ​នយោបាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ