ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ជើង​​​ខ្លាំង​ជួញដូរ​​ថ្នាំញៀន​តាម​សណ្ឋា​គារ-ផ្ទះសំណាក់​​ រឹបអូស​​វត្ថុតាង​ជាច្រើន

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សមត្ថ​កិច្ច​ចំរុះ​រាជ​ធានី​ភ្នំពេញ​ដឹក​នាំ​ដោយ​លោក​ព្រះ​រាជ​អាជ្ញារង​​សាលា​ដំបូង​រាជ​ធានី​នា​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អធ្រាត្រ​​​ថ្ងៃ​ទី​១៦ មីនា បាន​ឆ្មក់​ចូល​បន្ទប់​​ផ្ទះ​សំណាក់​យី​ហោ​ សម្បត្តិ​​ទិព្វ​ ក្នុង​ភូមិ​ដើម​អំពិល​ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​មាន​ជ័យ​​បង្ក្រាប​ក្រុម​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​ជួល​ទី​តាំង​នោះ​​ធ្វើ​សកម្ម​ភាពចែកចាយ​ ​។

ប្រតិ​បត្តិ​ការ​នេះ​ សមត្ថ​កិច្ច​​ឃាត់​ខ្លួន​មេ​ខ្លោង​ជួញ​ដូរ​ថ្នាំ​ញៀន​២​នាក់​ ព្រម​ទាំង​ដក​ហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ (ជាង​​១គីឡូ​ក្រាម​) និង​ប្រាក់​ជាង​២​ម៉ឺន​ដុល្លារ​។ ជន​ទាំង​ពីរ​នាក់នោះ​ឈ្មោះ​លឹម ចន្ថា អាយុ​៤២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ទូច វាសនា អាយុ​២៨​ឆ្នាំ ​ពួក​គេ​​ស្នាក់​នៅ​ចល័ត​តាម​សណ្ឋា​គារ ឬ​ផ្ទះ​សំណាក់​។ វត្ថុ​​តាង​ពាក់​ព័ន្ធ​បទ​ល្មើស​ជួញ​ដូរ​ថ្នាំ​ញៀន រួម​មាន​ប្រាក់​ចំនួន​២៤.០៩៤​ដុល្លារ និង​​១.៨១៧.០០០​រៀល​ ម៉ា​ទឹក​​កក​ចំនួន​១២​កញ្ចប់​ ថ្នាំ​​គ្រាប់​ពណ៌​ផ្កា​ឈូក​ចំនួន​៨​កញ្ចប់​ ស្មើ​និង​១.៦០០​គ្រាប់​ អាវុធខ្លី​​ម៉ាក​ប្រាហា​១​ដើម​ និង​ឧបករណ៍​ប្រើ​ប្រាស់​ និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។ ​

វត្ថុ​តាង​ និង​ជន​សង្ស័យ​ទាំង​២​នាក់​នោះ​សមត្ថ​​កិច្ច​បាន​នាំ​​ទៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ដើម្បី​​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។ ​ក្រៅ​ពី​វត្ថុ​តាងទាំង​នោះ​សមត្ថ​កិច្ច​​ដក​ហូត​រថ​យន្ត​​របស់​ជន​សង្ស័យ​ទាំង​២​នាក់ដែល​​ជិះ​ទៅ​កាន់​ផ្ទះ​សំណាក់​សម្បត្តិ​ទិព្វ​ដើម្បី​ដោះ​ដូរ​គ្នា​យក​ប្រាក់ និង​ទទួល​ថ្នាំ​ញៀន​ផង​ដែរ​។ រថ​យន្ត​​ចំនួន​២​គ្រឿង​នោះ​មួយ​គ្រឿង​ម៉ាក​កាមរី​ឆ្លាម​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​សេ​លី​កា​។ លោកពៅ ហួត ចៅ​សង្កាត់​ច្បារ​អំពៅ​ទី​១​ឱ្យ​ដឹង​ថា ​ការ​​បង្ក្រាប​មុខ​សញ្ញា​ជួញ​ដូរ​ថ្នាំ​ញៀន​នេះ​មាន​កិច្ច​សហ​ការ​ល្អពី​​​ម្ចាស់​ផ្ទះ​សំណាក់​ បន្ទាប់​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​ភូមិ​-សង្កាត់​មាន​សុវត្ថិ​ភាព​ ។

ដោយ​ឡែក​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ចំការ​មន​វិញ​ សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្តិ៍​ទំនប់​ទឹក​ដឹក​នាំ​ដោយ​​លោក​អនុ​សេនីយ៍​ទោ​ មីុ ប៊ុន​រិន ប្រធាន​​នគរ​បាល​ប៉ុស្តិ៍​បាន​ចាប់​ប្រមូល​​ក្រុម​អ្នក​ប្រើ​ប្រាស់ និង​ចែក​ចាយ​ថ្នាំ​ញៀន​​ចំនួន​៣​នាក់​នៅ​ភូមិ​ផ្អេរ សង្កាត់​ទំនប់​ទឹក​ កាល​ពី​រសៀល​ថ្ងៃទី​១៤ មីនា ឆ្នាំ​២០១១ ដោយ​ដក​ហូត​​ថ្នាំ​ញៀន​មួយ​ថង់​តូច។ ប្រតិ​បត្តិ​ការ​បោស​សំអាត​​ក្រុម​អ្នក​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​​​នេះ ប្រជា​ពល​រដ្ឋ​រស់​នៅ​​ភូមិ​ផ្អេរ​ និង​​នៅ​សង្កាត់​ទំនប់​ទឹកបាន​អប​អរ​សាទរ​ដោយ​យល់​ថា នេះ​ជា​ការ​រួម​ចំណែក​ធ្វើ​ឱ្យ​ភូមិ​-សង្កាត់​មាន​សុវត្ថិ​ភាព ៕