ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​ប្រភេទ​ម្ហូបអាហារនៅ​ផ្សារ​ព្រែក​ព្នៅ និង​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សាពុំ​មាន​សារធាតុ​គីមី​ឡើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំនិញ​ប្រភេទ​ម្ហូបអាហារ​ដែល​ដាក់​លក់​នៅ​ផ្សារ​ព្រែក​ព្នៅ និង​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា ត្រូវ​បាន​មន្ត្រី​សាខា​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ចំណុះ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា ពុំ​មាន​សារធាតុ​គីមី​ឡើយ ។ ការ​អះអាង​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ប្រភេទ​ម្ហូបអាហារ​នៅ​ផ្សារ​ទាំង​ពីរ​ខាងលើ កាលពី​ថ្ងៃ​ទី​២២ មីនា…

រាជធានី​ភ្នំពេញ ៖ ទំនិញ​ប្រភេទ​ម្ហូបអាហារ​ដែល​ដាក់​លក់​នៅ​ផ្សារ​ព្រែក​ព្នៅ និង​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា ត្រូវ​បាន​មន្ត្រី​សាខា​កាំកុងត្រូល​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ចំណុះ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា ពុំ​មាន​សារធាតុ​គីមី​ឡើយ ។

ការ​អះអាង​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ប្រភេទ​ម្ហូបអាហារ​នៅ​ផ្សារ​ទាំង​ពីរ​ខាងលើ កាលពី​ថ្ងៃ​ទី​២២ មីនា កន្លង​មក​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​ក្រសួងពាណិជ្ជកម្ម ។

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ កែ​ច្នៃ​រួច និង​ធ្វើតេស្ត​បឋម​លើ​មី​លឿង​ស្រស់ បាញ់ហយ បាញ់​កាញ់ នំ​បញ្ចុក​ប្រហិត​សាច់​គោ គុយទាវ​សរសៃ​ធំ ចាហួយខ្មៅ នៅ​ក្នុង​ផ្សារ​ព្រែក​ព្នៅ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ និង​បាន​នាំ​យក​នូវ​គំរូ​បន្លែ ផ្លែ​ឈើ​ចំនួន​១៤​មុខ ដើម្បី​បញ្ជូន​មក​កាន់​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ថែម​ទៀត ។

ចំណែក​នៅ​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើតេស្ត​បឋម​ទៅ​លើ​ម្ហូបអាហារ​រួម​មាន បន្លែ ផ្លែ​ឈើ​ស្រស់ គ្រឿង​សមុទ្រ​ស្រស់ សរសៃ​មី គុយទាវ ដើម្បី​ស្វែងរក​សារធាតុ​គីមី ដែល​គេ​បន្ថែម​លើ​ម្ហូបអាហារ​សម្រាប់​រក្សា​ទុក​ឲ្យ​បាន​យូរ ស្រស់ និង​មាន​ពណ៌​ស្អាត តួយ៉ាង​ដូច​ជា Borax, Formalin, Sodium hydro sulfite ក្នុង​គោលបំណង​ទាក់ទាញ​ដល់​អ្នក​ប្រើប្រាស់ ។
ជា​លទ្ធផល មន្ត្រី​កាំកុងត្រូល​ទាំងអស់​ពុំ​បាន​រក​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នៅ​លើ​ផលិតផល​ទាំងនោះ​ឡើយ ទាំង​នៅ​ក្នុង​ផ្សារ​ព្រែក​ព្នៅ និង​ផ្សារ​ស៊ិ​ន​ជូ​រី​ផ្លា​ហ្សា ។

ទន្ទឹម​គ្នា​នេះ មន្ត្រី​កាំកុងត្រូល ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ និង​ណែនាំ​ដល់​អាជីវករ អ្នក​ប្រើប្រាស់​ឲ្យ​យល់​ដឹង​ពី​បញ្ហា​អនាម័យ និង​សារសំខាន់​នៃ​សុវត្ថិភាព​ចំណីអាហារ​សម្រាប់​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ ។

គួរ​រំលឹក​ដែរ​ថា ដើម្បី​រួមចំណែក​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ឆ្លើយ​តប​នឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កន្លង​មក​បាន​អនុវត្ត និង​បំពេញភារកិច្ច​របស់​ខ្លួន​ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែល​បាន​ចូល​ជា​ធរមាន​ដូច​ជា អនុក្រឹត្យ​លេខ​៦៤ និង​អនុក្រឹត្យ​លេខ​២១ និង​ការ​រៀបចំ​ស្ថាប័ន​ទទួលខុសត្រូវ​លើ​ភារកិច្ច​ចម្បង​ៗ​ប្រកបដោយ​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ