ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទិញ​អីវ៉ាន់​ត្រូវ​បង់ប្រាក់​បន្ថែម៤០០​រៀល បើ​ចង់​ប្រើ​ថង់​ប្លា​ស្ទិ​ក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​១​ថ្ងៃ​ៗ ថង់​ប្លា​ស្ទិ​ក ប្រមាណ​១០​លាន​ថង់​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​និង​កំពុង​បង្ក​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​សោភ័ណ​ភាព​ទីក្រុង និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ។ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​បា្ល​ស្ទិ​ក រាជរដ្ឋាភិបាល​បាន​សម្រេច​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​១​ថ្ងៃ​ៗ ថង់​ប្លា​ស្ទិ​ក ប្រមាណ​១០​លាន​ថង់​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​និង​កំពុង​បង្ក​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​សោភ័ណ​ភាព​ទីក្រុង និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ។
ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​បា្ល​ស្ទិ​ក រាជរដ្ឋាភិបាល​បាន​សម្រេច​ថា ៖« ប្រជាពលរដ្ឋ​ដែល​ទិញ​ទំនិញ​នៅ​តាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​នានា​ក្នុង​ប្រទេស​កម្ពុជា ហើយ​វេច​ខ្ចប់​ដោយ​ថង់​ប្លា​ស្ទិ​ក​មាន​ដៃ​យួរ នឹង​ត្រូវ​បង់​កម្រៃ​បន្ថែម ចាប់ពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ » ។

សេចក្តីសម្រេច​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សំខាន់​ៗ​នៃ​អនុក្រឹត្យ​១៦៨ ស្តី​ពី​ការ​គ្រប់គ្រង​ប្លា​ស្ទិ​ក និង​ប្រកាស​អន្តរក្រសួង​លើ​ការ​កំណត់​កម្រៃ​បន្ថែម​លើ​ការ​ផ្តល់​ប្លា​ស្ទិ​ក​ដល់​អតិថិជន កាលពី​ថ្ងៃ​ទី​២៣ មីនា កន្លង​ទៅ​នេះ ។
លោក ហេង ណា​រ៉េ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួងបរិស្ថាន បាន​ប្រាប់​កោះសន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​២៥ មីនា​ម្សិលមិញ​ថា យើង​នឹង​ធ្វើការ​អនុវត្ត​ជា​លើក​ដំបូង​នៅ​តាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តាម​ផ្សារ​ទំនើប​ទាំងអស់​សិន បន្ទាប់​មក គឺ​គ្រប់​ផ្សារ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល ។

លោក​ថ្លែង​ថា ៖« យើង​ចាប់ផ្ដើម​ធ្វើ​នៅ​តាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​នៅ​តាម​ផ្សារ​ទំនើប​ជា​មុន​សិន ដើម្បី​សាកល្បង ព្រោះ​វា​ជា​កន្លែង​ប្រមូលផ្តុំ ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ថា តើ​ការ​អនុវត្ត​នោះ​បាន​ជោគជ័យ​ឬ​អត់ ។ បើកាលណា​គាត់​ទិញ​អីវ៉ាន់ ហើយ​ត្រូវការ​ថង់​សម្រាប់​ច្រក អតិថិជន​ត្រូវ​បន្ថែម​តម្លៃ​១​កាក់​ដុល្លារ ឬ​ស្មើនឹង​៤០០​រៀល​ទៅ​លើ​ទំនិញ​នោះ​បន្ថែម » ។
ការ​តម្រូវ​ឲ្យ​ហាង​ទំនិញ​គិត​កម្រៃ​បន្ថែម​ពី​អតិថិជន​នេះ មិនមែន​ជា​ការ​ធ្វើ​អាជីវកម្ម​ដើម្បី​រក​ចំណូល​នោះ​ទេ តែ​ជា​ការ​ពញ្ញាក់​ស្មារតី ក៏​ដូច​ជា​ការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​គិតគូរ​ពី​បញ្ហា​បរិស្ថាន តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ។

លោក ហេង ណា​រ៉េ​ត បន្ត​ថា ៖« ចាប់ពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨​នេះ​តទៅ យើង​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​តាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តាម​ផ្សារ​ទំនើប​ជា​មុន​សិន បន្ទាប់​មក​ចាប់ពី​ឆ្នាំ​២០២០​ទៅ យើង​នឹង​បន្ត​គម្រោងការ​អនុវត្ត​នេះ​នៅ​តាម​ផ្សារ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា » ។
លោក​បញ្ជាក់​ថា រយៈពេល​៣​ឆ្នាំ​កន្លង​ទៅ​នេះ ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ផ្ដល់​ថវិកា​ប្រមាណ​ជា​៨​ពាន់​លាន​រៀល ឬ​ស្មើនឹង​២​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ជូន​ក្រុង​ចំនួន​២៦ សម្រាប់​ធ្វើការ​ផ្គត់ផ្គង់ និង​ប្រមូល​សំរាម​ជា​រៀង​រាល់​ឆ្នាំ ។

ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ទៀត​ផង ។ តាម​ការ​សិក្សា​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីប្រជុំជន ក្នុង​មួយ​នាក់​ប្រើ​ថង់​ប្លា​ស្ទិ​ក​ប្រមាណ​២​ពាន់​ថង់​ក្នុង​១​ឆ្នាំ ឬ​ប្រើ​ច្រើន​ជាង​៥​ថង់​ក្នុង​១​ថ្ងៃ ។

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ខ្លឹមសារ​សំខាន់​ៗ​នៃ​អនុក្រឹត្យ​១៦៨ ស្តី​ពី​ការ​គ្រប់គ្រង​ប្លា​ស្ទិ​ក និង​ប្រកាស​អន្តរក្រសួង​លើ​ការ​កំណត់​កម្រៃ​បន្ថែម លើ​ការ​ផ្តល់​ប្លា​ស្ទិ​ក​ដល់​អតិថិជន​ថា បញ្ហា​គ្រប់គ្រង​ប្លា​ស្ទិ​ក គឺជា​រឿង​សំខាន់ និង​លំបាក មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ក៏​ប៉ុន្តែ​សម្រាប់​ពិភពលោក​ទាំងមូល ។

លោក​បន្ត​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ក្រុមហ៊ុន​ឯកជន គួរ​ពិចារណា​ពី​ការ​ប្រើប្រាស់ និង​នាំ​ចូល​សារធាតុ​ប្លា​ស្ទិ​ក និង​ត្រូវ​ចូលរួម​បញ្ចេញ​មតិយោបល់​ក្នុង​ការ​ប្រមូល​ធាតុ​ចូល ដើម្បី​ឱ្យ​ការ​អនុវត្ត​អនុក្រឹត្យ​១៦៨​នេះ មាន​និរន្តរភាព ។

សូម​រំលឹក​ថា គ្រាន់តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ថង់​ប្លា​ស្ទិ​ក​ដែល​ត្រូវ​បាន​ប្រើប្រាស់ មាន​ចំនួន​រហូត​ដល់​ទៅ​១០​លាន​ថង់​ជា​រៀងរាល់ថ្ងៃ ។ ក្នុង​នោះ​ថង់​ផ្លា​ស្ទិ​ក​ដែល​ត្រូវ​គេ​ប្រមូល​បាន​តាម​រយៈ​ការ​បោសសម្អាត​ផ្លូវ មាន​ប្រមាណ​១​លាន​៧​សែន​ថង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​លេខ​១៦៨ ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក កាលពី​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧​។ អនុក្រឹត្យ​នេះ​មាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព​លើ​ការ​កាត់​បន្ថយ​ការ​នាំ​ចូល ការ​ផលិត និង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ក៏​ដូច​ជា​សំដៅ​កាត់​បន្ថយ​ផល​ប៉ះពាល់​សុខភាព និង​បរិស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ