ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​បង្កើត​សាលា​បណ្ដុះបណ្ដាល​ជំនាញ​អចលនទ្រព្យ បាន​ប្រែប្រួល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលា​បណ្តុះបណ្តាល​ផ្នែក​អចលនទ្រព្យ ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ពី​សមា​គម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ រហូត​មក​ដល់​ពេល​នេះ មានការ​លើក​ឡើង​ថា គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​នេះ ។ ទោះបី​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ សាលា​បណ្តុះបណ្តាល​ផ្នែក​អចលនទ្រព្យ ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ពី​សមា​គម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ រហូត​មក​ដល់​ពេល​នេះ មានការ​លើក​ឡើង​ថា គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​នេះ ។

ទោះបី​យ៉ាងណា ពុំ​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​អាច​បញ្ជាក់​ថា គម្រោង​នេះ​នឹង​ដំណើរការ​បែប​ណា​ទេ ខណៈ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​បញ្ជាក់​ថា គម្រោង​នេះ​ប្រែប្រួល​ហើយ ។

ថ្លែងប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ មីនា លោក​បណ្ឌិត គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទាក់​ទង​នឹង​គម្រោង​បើក​សាលា​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​អចលនទ្រព្យ​នេះ គឺ​ផ្លាស់​ប្តូរហើយ ។ លោក​បណ្ឌិត​បញ្ជាក់​ថា ៖« ទាក់ទង​នឹង​សាលា​បណ្តុះបណ្តាល​នេះ មានការ​ផ្លាស់​ប្តូរ​បន្តិច ។ ចាំ​មើល បើ​មាន​អ្វី​ថ្មី នឹង​ផ្តល់​ជូន​តាម​ក្រោយ » ។

ពាក់ព័ន្ធ​នឹង​គម្រោង​បើក​សាលា​នេះ​ដែរ នាយក​ក្រុមហ៊ុន Key Real Estate មាន​ប្រសាសន៍​ថា លោក​ក៏​ពុំ​ទាន់​ដឹង​ច្បាស់លាស់​ណាមួយ​ដែល​បញ្ជាក់​ថា អាច​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៨​នេះ​បាន​ទេ ដោយ​កន្លង​មក គ្រាន់តែ​មានការ​និយាយ​ពី​គម្រោង​នេះ​ប៉ុណ្ណោះ ។

លោក សន សៀ​ប នាយក​ក្រុមហ៊ុន Key Real Estate លើក​ឡើង​ថា ៖« កន្លង​មក មាន​ភាគី​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មាន​បំណង​ចង់​បើក​សាលា​នេះ ហើយ​ខ្ញុំ​ក៏​ធ្លាប់​ជួយ​សម្របសម្រួល​ដែរ ។ អ្នកខ្លះ​ចង់​សហការ ប៉ុន្តែ​នៅ​តែ​បើក​មិន​ទាន់​ចេញ ហើយ​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​មានការ​និយាយ​ច្រើន​ឡើង​ៗ ។ អីចឹង ខ្ញុំ​គិត​ថា វា​ជិត​ដល់​ពេល​ដែល​យើង​អាច​មាន​សាលា​ដែរ​ហើយ ។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ យើង​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ណាមួយ​បញ្ជាក់​ថា យើង​នឹង​មាន​សាលា​កើតឡើង​ឡើយ​» ។

បើ​តាម​នាយក​ក្រុមហ៊ុន Key Real Estate ការ​បណ្ដុះបណ្ដាល​ចំណេះដឹង​ផ្នែក​អចលន​ទ្រព្យ​កន្លង​មក គឺ​រៀន​តាម​គ្នា និង​តាម​រយៈ​ការ​ចូលរួម​ជា​សិក្ខាសាលា ដើម្បី​ចែករំលែក និង​ផ្លាស់​ប្តូរ​ចំណេះដឹង​ពី​អ្នកជំនាញ​ប៉ុណ្ណោះ ។

លោក​មាន​ប្រសាសន៍​ថា ៖« ទាក់ទង​នឹង​ចំណេះដឹង និង​ជំនាញ​វិស័យ​អចលនទ្រព្យ​នេះ កន្លង​មក យើង​រៀន​តាម​រយៈ​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍ ឬ​តាម​រយៈ​សិក្ខាសាលា​ផ្លាស់​ប្តូរ​ចំណេះដឹង តែបើ​យើង​មានការ​បណ្តុះបណ្តាល​ជាក់លាក់​ណាមួយ យើង​ងាយ​ស្រួល​ផ្តល់​ចំណេះដឹង បង្កើត​ធនធានមនុស្ស ហើយ​ងាយស្រួល​ក្នុង​ការ​ផ្តល់​កម្លាំង​ពល​កម្ម​ជំនាញ​ផ្នែក​អចលនទ្រព្យ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ