ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​ឆ្លើយ​តប​ទស្សនិកជនដែរថា ​កុន​ខ្មែរ​មើល​មិនកើត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​បច្ចុប្បន្ន​ផលិតករ​ខិតខំ​ពង្រឹងគុណភាព​ភាពយន្ត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ក៏​ដោយ ទស្ស​និក​ជា​ច្រើន​នៅ​តែ​យល់​ថា​ ភាពយន្ត​ខ្មែរ​មើល​មិនកើត​ដដែល ។ កាលពី​អំឡុង​ពេល​ជាង​២០​ឆ្នាំ​មុន ក្នុង​ពេល​ដែល​ខ្សែភាពយន្ត​ខ្មែរ​ធ្លាក់​ចុះ​ខ្លាំង​នោះ មាន​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន​តូច​បាន​នាំ​យក​ខ្សែភាពយន្ត​ថៃ​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​បច្ចុប្បន្ន​ផលិតករ​ខិតខំ​ពង្រឹងគុណភាព​ភាពយន្ត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ក៏​ដោយ ទស្ស​និក​ជា​ច្រើន​នៅ​តែ​យល់​ថា​ ភាពយន្ត​ខ្មែរ​មើល​មិនកើត​ដដែល ។

កាលពី​អំឡុង​ពេល​ជាង​២០​ឆ្នាំ​មុន ក្នុង​ពេល​ដែល​ខ្សែភាពយន្ត​ខ្មែរ​ធ្លាក់​ចុះ​ខ្លាំង​នោះ មាន​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន​តូច​បាន​នាំ​យក​ខ្សែភាពយន្ត​ថៃ​បញ្ចាំង​ជូន​ទស្សនិកជន​ទស្សនា ។ ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្សែភាពយន្ត​ថៃ​ដក់​ជាប់​អារម្មណ៍​ទស្សនិកជន​ខ្មែរ ជា​ហេតុ​ធ្វើ​ឲ្យ​ទស្ស​និក​ខ្មែរ​ភាគច្រើន​ងាក​មក​ចាប់អារម្មណ៍​តែ​ខ្សែ​ភាព​យន្ត​ថៃ ជា​ជាង​ទស្សនា​ភាពយន្ត​ខ្មែរ ។

មូលហេតុ​ចម្បង និង​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​ទស្សនិកជន​ខ្មែរ​ភាគច្រើន​បង្អាប់ និង​មិន​ចង់​ទស្សនា​ភាពយន្ត​ខ្មែរ ដោយសារ​ផលិតករ​មួយ​ចំនួន​នា​ពេល​កន្លង​ទៅ​បាន​ផលិត​រឿង​មិនសូវ​មានគុណ​ភាព អាច​និយាយ​បាន​ថា​ផលិត​ឲ្យ​តែ​រួចពីដៃ ។ ចំណុច​នេះ​ហើយ​ដែល​នាំ​ឲ្យ​អារម្មណ៍​ទស្សនិកជន​ដក់​ជាប់​រហូត​ដល់​បច្ចុប្បន្ន មិន​ចង់​មើល​រឿង​ខ្មែរ បើ​ទោះបីជា​មាន​អ្នកខ្លះ​មិន​ទាន់​បាន​មើល​ផង ក៏​មាន​អារម្មណ៍ និង​វាយតម្លៃ​ពី​រឿងកុន​ខ្មែរ​ថា​មិនល្អ​ទៅ​ហើយ ។

កម្មការិនី​ធ្វើការ​នៅ​រោងចក្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កញ្ញា​សុ​ភ័​ក្រ បាន​លើក​ឡើង​កាល​ពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តាំងពី​ដើម​មក​នាង​ចូល​ចិត្ត​មើល​រឿង​ថៃ ជាង​រឿង​ខ្មែរ ព្រោះ​រឿង​​ថៃ​មើលទៅ​តួ​សម្តែង​សម និង​មាន​សាច់​រឿង​ល្អមើល ។ រឿង​ខ្មែរ​មិនមែន​មិន​មើល​ទាំងអស់​ទេ ពោល​ក៏​មាន​មើល​ខ្លះ​ដែរ ប៉ុន្តែ​ភាគច្រើន​គឺ​មើល​រឿង​ថៃ ព្រោះ​វា​ជា​ចំណូល​ចិត្ត ហើយ​ណាមួយ​មិត្តភក្តិ​ក៏​គេ​ចូល​ចិត្ត​មើល​ដូច​គ្នា ។

បើ​តាម​កញ្ញា​សុ​ភក្តិ មូលហេតុ​ដែល​នាង​មិន​ចង់​មើល​រឿង​ខ្មែរ ដោយសារ​តែ​ភាគច្រើន​គឺ​មិនសូវ​ល្អមើល បើ​ទោះបីជា​មាន​តួ​ខ្លះ ស្អាត​ៗ​មិន​ចាញ់​តួ​ថៃ​ក៏​ដោយ ។ រឿង​ខ្មែរ​ទាំង​តួ​សម្តែង និង​សាច់​រឿង​គឺ​មិនសូវ​សម និង​ល្អមើល​ឡើយ ទើប​ធ្វើ​ឲ្យ​នាង​ហាក់​មិន​មាន​អារម្មណ៍​ចង់​ទស្សនា​ឡើយ ដោយ​ចាប់អារម្មណ៍​តែ​រឿង​ថៃ​ប៉ុណ្ណោះ ។

ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​កញ្ញា​ស្រី​ឡែ​ន អះអាង​ថា ខ្សែភាពយន្ត​ខ្មែរ​មួយ​ចំនួន​ក៏​នាង​ចូល​ចិត្ត​មើល​ដែរ ប៉ុន្តែ​នាង​ចង់​មើល​រឿង​ដែល​មានការ​បញ្ចូល​សំឡេង ជាង​រឿង​ដែល​យក​សំឡេង​ដើម ។ ពេល​ខ្លះ​សាច់​រឿង និង​តួ​សម្តែង​សក្តិ​សម ប៉ុន្តែ​បើ​និយាយ​ផ្ទាល់​នោះ​វា​ហាក់​បាត់​រសជាតិ ព្រោះ​វា​មិន​ពីរោះ ហើយ​អ្នក​មើល​ក៏​ពិបាក​ទទួលយក​បាន​ដែរ ។ រឿង​ខ្លះ​ដំណើររឿង​ល្អ​ហើយ ប៉ុន្តែ​សំឡេង​វិញ​គឺ​មិនល្អ ហើយ​កត្តា​នេះ​វា​មិន​អាច​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នក​ទស្សនា​ឡើយ ។

កញ្ញា​ស្រី​ឡែ​ន បាន​លើក​ឡើង​ថា ខុស​ប្លែក​ពី​រឿង​ថៃ កូរ៉េ ឥណ្ឌា ដែល​មានការ​បញ្ចូល​សំឡេង​យ៉ាង​ពីរោះ បូក​រួម​ជាមួយ​សាច់​រឿង​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ផង​នោះ​ធ្វើ​ឲ្យ​ទាំង​នាង និង​ទស្សនិកជន​មួយ​ចំនួន​ទៀត​ចូល​ចិត្ត​តាមដាន​ទស្សនា ។

ដោយឡែក​សម្រាប់​តារា​សម្តែង​ស្រគត់ស្រគំ​កញ្ញា​មាស ស​ម្ជ​ស្ស បាន​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​ពី​មហាជន​មួយ​ចំនួន​ចំពោះ​បញ្ហា​នោះ ប៉ុន្តែ​នាង​លើក​ឡើង​ថា ការ​យល់​ឃើញ​នេះ​ដោយសារ​ពួក​គាត់​មិន​បានដឹង​ពី​ផល​លំបាក និង​ទុន​នៃ​ការ​ធ្វើ​រឿង​ខ្មែរ។ កុន​ខ្មែរ​នៅ​មាន​កម្រិត​ដោយសារ​តែ​ការ​វិនិយោគ​នោះ​គឺ​មិន​ទាន់​គ្រប់គ្រាន់ ។ បើ​និយាយ​ពី​តួ​សម្តែង​សូ​ម្បី​តែ​នាង​ផ្ទាល់​ពេល​ខ្លះ​ក៏​មាន​ចំណុច​ខ្វះខាត​ដែរ បើ​ប្រៀបធៀប​ជាមួយ​តួ​សម្តែង​នៅ​ប្រទេស​ជិតខាង ។

បើ​តាម​មាស ស​ម្ជ​ស្ស សម្រាប់​ទស្សនៈ​នាង​ផ្ទាល់ បើសិនជា​ចង់​ផ្លាស់​ប្តូរ​គំនិត​អ្នក​ទស្សនា​​នោះ ខាង​ផលិតករ បើ​អាច​គួរតែ​មាន​អ្វី​ដែល​ថ្មី​បូក​ជាមួយនឹង​គំនិត​ឆ្នៃ​ប្រឌិត ជា​ពិសេស​ការ​សម្តែង​តែ​ម្តង ។

កញ្ញា​មាស សម្ផស្ស យល់​ថា បច្ចុប្បន្ន​នេះ​កុន​ខ្មែរ​រីក​លូតលាស់​ច្រើន​ទាំង​កុន​ភាគ និង​កុន​ដុំ ដូច្នេះ​នាង​ស្នើ​ឲ្យ​ទស្សនិកជន​ចូលរួម​ទស្សនា ដោយ​កុំ​ប្រៀបធៀប​កុន​ខ្មែរ​ទៅ​កុន​បរទេស ព្រោះ​គេ​ជឿនលឿន​ជាង​យើង ។

ទោះជា​យ៉ាងណា​ចំពោះ​ការ​លើក​ឡើង​ពី​មតិ​មហាជន​ចំពោះ​កុន​ខ្មែរ​នោះ ផលិតករ​ពីរ​រូប​បាន​ស្នើ​សុំ​ឲ្យ​ទស្ស​និក​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ចាស់ ខណៈ​ពេល​ដែល​គ្រប់​ផលិតករ​ទាំង​អស់​បាន និង​កំពុង​តែ​ខិតខំ​អស់ពី​សមត្ថភាព​ដើម្បី​ផលិត​កុន​ខ្មែរ​ឲ្យ​មានគុណ​ភាព និង​អាច​ទទួលយក​បាន បើ​ទោះបីជា​ពេល​ខ្លះ​វា​មានការ​លំបាក​យ៉ាងណា​ក៏​ដោយ ។

ជា​ផលិតករ​រឿង​«​ក្រមុំ​ឆ្នាស​ប៉ះ​មេស្រុក​ឆ្នើម »​លោក​មុត ថា​រី លើក​ឡើង​ថា «​ចំពោះ​ទស្ស​និកជន​មួយ​ចំនួន​ដែល​ថា​កុន​ខ្មែរ​មិនល្អ​ដូច​កុន​បរទេស​នោះ សូម​ឲ្យ​ពួក​គាត់​បើក​ចិត្ត​ទូលាយ​ឡើង​វិញ ។ បើ​ពួក​គាត់​យល់​ថា​កុន​ខ្មែរ​មិនល្អ​នោះ តើ​ពួក​គាត់​ទាំងនោះ​បាន​មើល​ហើយ​ឬ​នៅ ព្រោះ​ច្រើន​តែ​និយាយ​ថា មិន​មើល​ទេ​កុន​ខ្មែរ ព្រោះ​មិនល្អ ទាំង​ខ្លួន​គាត់​មិន​ទាន់​បាន​មើល​ផង ។ បើ​ពួក​គាត់​យក​កុន​ខ្មែរ​ទៅ​ប្រៀបធៀប​កុន​បរទេស​នោះ សួរ​ថា​ចំនួន​ប្រជាជន​គេ​ប៉ុន្មាន ធនធានមនុស្ស​របស់​គេ​មាន​ប៉ុន្មាន ហើយ​ការ​វិនិយោគ​ផលិត​កុន មួយ​ៗ​គេ​អស់​ប៉ុន្មាន ទើប​គេ​ធ្វើ​បាន​ល្អ​ជាង​យើង ។

បើ​ក្រ​ឡែក​មើល​បច្ចុប្បន្ន ស្ទើរតែ​គ្រប់​បណ្តា​ស្ថានីយទូរទស្សន៍​នៅ​ក្នុងស្រុក​បាន​ខិតខំ​ផលិត​រឿង​ខ្មែរ​ចាក់​បញ្ចាំង​ជា​បន្តបន្ទាប់ ហើយ​ក្នុង​នោះ​ទៀត​សោត​មាន​ក្រុមហ៊ុន​មិន​ក្រោម​ពី​៣​ទៅ​៤​ក្រុមហ៊ុន​ទេ ដែល​បាន​ផលិត​កុន​ខ្មែរ​ឲ្យ​ស្ថានីយទូរទស្សន៍​ទាំងនោះ ។ ដោយសារ​បញ្ហា​ទាំង​អស់នេះ​ហើយ​ទាំង​អ្នកដឹកនាំ និង​តូ​សម្តែង​ស្ទើរតែ​គ្មាន​ពេល​សម្រាក ដូច្នេះ​ហើយ​បើ​កុន​ខ្មែរ​មិន​មានការ​គាំទ្រ តើ​មានរឿង​ហ្នឹង​កើតឡើង​ទេ ហើយ​បើ​យើង​ផលិត​មិនល្អ មិន​មានការ​ជួយ​ឧបត្ថម្ភ និង​គាំទ្រ តើ​ម្ចាស់​ស្ថានីយទូរទស្សន៍​គេ​ឲ្យ​យើង​ផលិត​ទៀត​ទេ »​។

ឈរ​លើ​បញ្ហា​នេះ​លោក​មុត ថា​រី បាន​ស្នើ​សុំ​ឲ្យ​ទស្សនិកជន​ខ្មែរ​បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង​វិញ កុំ​មាន​ទស្សនៈ​កុន​ខ្មែរ​មិនល្អ​ទាំង​អស់នោះ ។

ចំណែក​អ្នកដឹកនាំ​រឿង​ជើង​ចាស់​លោក​ជា ឈឹ​ម បាន​ទទួលស្គាល់​ថា «​មាន​ទស្ស​និក​ជន​ខ្មែរ​មួយ​ចំនួន​គាត់​នៅ​មាន​ទស្សនៈ​ថា​កុន​ខ្មែរ​មើល​មិនកើត​មែន ដោយសារ​តែ​ពេល​ខ្លះ​គាត់​មិន​ទាំង​បាន​មើល​ផង គ្រាន់តែ​លឺ​រឿង​ខ្មែរ​គាត់​បិទ​ចោល​តែ​ម្តង ។ ប្រសិនបើ​ពួក​គាត់​ទាំងនោះ​បាន​ទស្សនា​កុន​ខ្មែរ​ពី​មួយ​ភាគ​ទៅ​មួយ​ភាគ នោះ​គាត់​ក៏​អាច​ទទួលស្គាល់​បាន​ដែរ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​នឹង​កុន​ថៃ​គឺ​មួយ​ចំនួន​យើង​មិន​អាច​ដល់​គេ​មែន ដោយ​សារ​ការ​ចំណាយ​របស់​យើង​នៅ​មាន​កម្រិត​នៅឡើយ ។

ទស្សនិកជន​ខ្លះ​តែងតែ​យក​កុន​ខ្មែរ​ទៅ​ប្រៀបធៀប​ជាមួយ​កុន​ថៃ តែ​យើង​មិនដឹង​ថា កុន​ថៃ​មួយ​ភាគ​គេ​ចំណាយ​ខ្ទង់​ម៉ឺន​ដុល្លារ ចំណែកឯ​កុន​ខ្មែរ​មួយ​ភាគ​យើង​ចំណាយ​តែ​២​ទៅ​៣​ពាន់​ដុល្លារ​ប៉ុណ្ណោះ ។ យ៉ាងណា​ការ​ចំណាយ​នេះ​ផលិតករ​ខ្មែរ​យើង​នៅ​តែ​អាច​ធ្វើ​បាន បើ​ទោះបីជា​ពេល​ខ្លះ​យើង​ធ្វើ​បាន​ល្អ​ឬ​មិនល្អ​ក៏​ដោយ ប៉ុន្តែ​ប្រសិនបើ​ថៃ​មួយ​ភាគ​ចំណាយ​ដូច​យើង​នោះ គឺ​ពួក​គេ​មិន​អាច​ធ្វើ​បាន​ដូច​យើង​ផង »​។

លោក​ជា ឈឹ​ម លោក​សូម​ឲ្យ​ទស្សនិកជន​ងាក​មក​មើល​កុន​ខ្មែរ ហើយ​នាំ​គ្នា​វិភាគ​ដោយ​ខ្លួនឯង ចៀសវាង​យក​ទៅ​ប្រៀបធៀប​ជាមួយ​កុន​បរទេស ព្រោះ​បច្ចុប្បន្ន​យើង​អាច​ផលិត​​បាន​ត្រឹម​ទស្សនិកជន​ក្នុងស្រុក​ប៉ុណ្ណោះ មុន​នឹង​ឈាន​ដល់​ការ​ប្រកួតប្រជែង​ជា​មួយ​កុន​នៅ​ក្នុង​តំបន់​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ