ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ចិន​កំពុង​កាន់កា.ប់​អចលនទ្រព្យ​ធំ​ៗ​នៅ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កំណើន​វិនិយោគិន​ចិន​នៅ​កម្ពុជា​កាន់តែ​ច្រើន គេ​ឃើញ​ថា ក្នុង​វិស័យ​អចលនទ្រព្យ​ក៏​មានការ​ចូលរួម​អភិវឌ្ឍន៍​ដោយ​វិនិយោគិន​ចិន​យ៉ាងច្រើន​ផង​ដែរ​ក្នុង​គម្រោង​ធំ​ៗ​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្ដា​ខេត្ត​សក្ដានុពល​មួយ​ចំនួន​ទៀត ជា​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្ដង ។ ពាក់ព័ន្ធ​នឹង​កំណើន​វិនិយោគិន​ចិន​ដែល​កំពុង​កាន់កាប់​គម្រោង​អចលនទ្រព្យ​ធំ​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​មតិ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​កំណើន​វិនិយោគិន​ចិន​នៅ​កម្ពុជា​កាន់តែ​ច្រើន គេ​ឃើញ​ថា ក្នុង​វិស័យ​អចលនទ្រព្យ​ក៏​មានការ​ចូលរួម​អភិវឌ្ឍន៍​ដោយ​វិនិយោគិន​ចិន​យ៉ាងច្រើន​ផង​ដែរ​ក្នុង​គម្រោង​ធំ​ៗ​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្ដា​ខេត្ត​សក្ដានុពល​មួយ​ចំនួន​ទៀត ជា​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​តែ​ម្ដង ។ ពាក់ព័ន្ធ​នឹង​កំណើន​វិនិយោគិន​ចិន​ដែល​កំពុង​កាន់កាប់​គម្រោង​អចលនទ្រព្យ​ធំ​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​មតិ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ និង​មួយ​ចំនួន​ទៀត​បាន​សាទរ​ចំពោះ​វត្តមាន​ចិន​ដែល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ក៏​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ការពារ​ហានិភ័យ​ដែល​អាច​នឹង​កើតឡើង​ផង​ដែរ ។

លោក​បណ្ឌិត គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក​ពិតជា​រីករាយ​ចំពោះ​វត្តមាន​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​អចលនទ្រព្យ ព្រោះ​ចិន​ជា​ជនជាតិ​ដែល​មាន​ទុន​ច្រើន​សម្រាប់​វិនិយោគ ហើយ​ការ​មក​វិនិយោគ​របស់​គេ ក៏​បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា​ដែរ ។

លោក​និយាយ​ថា ៖« ‍​ខ្ញុំ​អត់​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​មាន​តែ​សប្បាយចិត្ត ដែល​ចិន​ជា​ជនជាតិ​មាន​លុយ​ច្រើន គេ​មក​រកស៊ី​នៅ​ស្រុក​យើង » ។

លោក​បន្ត​ថា នៅ​បណ្ដា​ប្រទេស​រីក​ចម្រើន​ទាំងអស់​ដូច​ជា អូស្ត្រាលី និង​អា​មេ​រិ​ក ជាដើម ក៏​មិន​ប្រាកដ​ថា ម្ចាស់​គម្រោង ឬ​អ្នកគ្រប់គ្រង​គម្រោង​អចលនទ្រព្យ​ធំ​ៗ​ជា​ជនជាតិ​ក្នុង​ស្រុក​របស់​គេ​ដែរ ។ គម្រោង​ទាំងនោះ​ភាគច្រើន​ក៏​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វិនិយោគិន​បរទេស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន ។ ដូចនេះ កម្ពុជា​ក៏​មិន​ខុស​គ្នា បើសិនជា​ខ្លួន​មិន​ទាន់​មាន​លទ្ធភាព​សម្រាប់​អភិវឌ្ឍន៍​គម្រោង​ធំ​ៗ គឺ​ត្រូវ​អនុញ្ញាត​ឲ្យ​វិនិយោគិន​បរទេស​ជា​អ្នក​វិនិយោគ ហើយ​ក៏​មិន​ត្រូវ​មានគំនិត​ចង្អៀតចង្អល់​លើ​បញ្ហា​នេះ​ដែរ ។

លោក​បន្ថែម​ថា ទន្ទឹម​នឹង​កំណើន​វិនិយោគិន​ចិន​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​គួរតែ​មាន​វិធានការ​អ្វីមួយ​ការពារ​ហានិភ័យ ឬ​គ្រប់គ្រង​ជនបរទេស​ឲ្យ​បាន​ច្បាស់លាស់ ។

លោក​និយាយ​ថា ៖« ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ តែងតែមាន​ជនបរទេស បណ្ដាក់ទុន​វិនិយោគ តែ​រាជរដ្ឋាភិបាល​គួរតែ​បង្កើត​ច្បាប់​គ្រប់គ្រង​ជនបរទេស​ឲ្យ​បាន​ច្បាស់លាស់ កុំ​បណ្ដោយ​ឲ្យ​ជនបរទេស​អាច​ធ្វើ​អ្វី​តាម​ចិត្ត ។ ការ​ធ្វើ​បែប​នេះ ក៏​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​យើង​ផង​ដែរ ។ ជាក់ស្ដែង ដូច​យើង​មើលឃើញ​ស្រាប់ សព្វ​ថ្ងៃនេះ ចិន​មក​ស្រុក​ខ្មែរ មាន​ចិន​ខ្លះ​នាំ​គ្នា​មក​ទាំង​ហ្វូង​ៗ ហើយ​ចុងភៅ​ក៏​ចិន អ្នក​បើក​ឡាន​ក៏​ចិន សន្តិសុខ​ក៏​ចិន ដូចនេះ​ខ្មែរ​មិន​មានការ​ងារ​អ្វី​ធ្វើ​ឡើយ » ។

លោក ប៉ូ អ៊ា​វ​គង់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ Advance បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា វា​ជា​ការ​ពិត​ហើយ​ដែល​បច្ចុប្បន្ន​នេះ មាន​វត្តមាន​វិនិយោគ​ចិន​នៅ​កម្ពុជា​ច្រើន។

លោក​ថា ៖« ដូច​យើង​បានដឹង​កន្លង​មក​ហើយពី​របាយការណ៍​នានា​របស់​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល​កម្ពុជា​យើង ពី​ចំនួន​ទឹកប្រាក់​វិនិយោគ​នៅ​កម្ពុជា ហើយ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា វិនិយោគិន​ចិន​កំពុង​ឈរ​លំដាប់​ទី​១​នៅ​កម្ពុជា ដែល​មាន​គម្រោង និង​កំពុង​បណ្ដាក់ទុន​ច្រើន​ជាងគេ » ។

លោក​បន្ត​ថា កាលពីមុន កម្ពុជា​បាន​ជួប​ម្ដង​ហើយពី​វត្តមាន​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា និង​បាន​ធ្វើ​ឲ្យ​ការ​វិនិយោគ​នានា​ត្រូវ​ជួប​ប្រទះ​បញ្ហា ក៏​ប៉ុន្តែ​កាលនោះ​មិនមែន​តែ​កម្ពុជា​ទេ ដែល​ជួប​បញ្ហា​នោះ ពីព្រោះ​វា​ជា​វិបត្តិ​សេដ្ឋកិច្ច​សកល ដូចនេះ មិន​អាច​បន្ទោស​កូរ៉េ​បាន​ឡើយ ។ ដោយឡែក សម្រាប់​វត្តមាន​ចិន​នា​ពេល​បច្ចុប្បន្ន​វិញ យើង​មាន​មោទនភាព​ដែល​ប្រទេស​មហាអំណាច​មក​បណ្ដាក់ទុន​រកស៊ី​នៅ​ស្រុក​យើង​កាន់តែ​ច្រើន និង​បង្ហាញ​ថា កម្ពុជា​មាន​អ្វី​ៗ​ដែល​ធ្វើ​ឲ្យ​គេ​ចង់​មក​រកស៊ី ។

បើ​តាម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​នេះ គ្រាន់តែ​គម្រោង​ពីរ​បី​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង​ដោយ​ចិន វា​ស្មើនឹង​គម្រោង​វិនិយោគ​ជា​ច្រើន​ទៀត​បាត់​ទៅ​ហើយ​។ ជាក់ស្ដែង គម្រោង​ព្រី​ន​ផ្លា​ហ្សា​នៅ​ផ្លូវ​នរោត្តម ជាដើម ជា​គម្រោង​ធំ​ណាស់​សម្រាប់​កម្ពុជា ។ ដោយឡែក មាន​អចលន​ទ្រព្យ​ជា​ច្រើន​ទៀត​ដែល​ចិន​កំពុង​កាន់កាប់ ដូច​ជា អតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់ ដែល​ពី​មុន​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ថៃ​ប៊ុ​ន​រ៉ុ​ង​, អគារ​ភ្នំពេញ​ថៅ​វើ​រ៍ និង​គម្រោង​ធំ​ៗ​ជា​ច្រើន​ទៀត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ក៏​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​វិនិយោគិន​ចិន​ដែរ ។

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រទេស​ចិន​ឈរ​លំដាប់​ទី​១ ដែល​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ឆ្នាំ​២០១៧ និង​មាន​ទឹកប្រាក់​ជាង​២.០០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​មាន​ប្រសាសន៍​កន្លង​មក​ថា ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ជា​រឿង​ប្រសើរ​ណាស់ ព្រោះ​កម្ពុជា​អត់​ចិន​ក៏​មិន​បាន ដែល​បច្ចុប្បន្ន​ទាំង​វិនិយោគិន​ចិន ទាំង​ជំនួយ​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល បាន​និង​កំពុង​កើនឡើង ប៉ុន្តែ​អ្វី​ៗ​ក្នុង​លោក ត្រូវ​តែ​មាន​តុល្យភាព ។

លោក​បន្ត​ថា ៖« កម្ពុជា​គួរ​រក​ទី​បង្អែក​ដទៃ​ទៀត​ក្រៅពី​ចិន ព្រោះ​បើ​យើង​ពឹងផ្អែក​តែ​ចិន នៅ​ពេល​ចិន​មាន​បញ្ហា យើង​នឹង​មាន​បញ្ហា​ផង​ដែរ​។ ហេតុនេះ ការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​អឺរ៉ុប និង​អា​មេ​រិ​ក ជា​រឿង​ល្អ »​។​លោក​ថា ៖« យើង​គួរ​ស្រឡាញ់​ចិន​មាន​កម្រិត ជា​កម្រិត​មួយ​ដែល​ប្រជាជន​អាច​ទទួលយក​បាន​ទាំងអស់​គ្នា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ