ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រចនា​ម៉ូដ​មាន​លក្ខណៈ​ស្តង់​ដា​ខ្ពស់​ដែល​គាំទ្រ​ដល់​ផលិត​​កម្ម​ផ្តៅ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១០ ៖ ថ្ងៃ​នេះ​សមា​គម​ផ្តៅ​កម្ពុជា គំរោង​ផ្តៅ​នៃ​អង្គ​ការ WWF ព្រម​ទាំង​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល​ជា​ដៃ​គូ​មាន​រដ្ឋ​បាល​ព្រៃ​ឈើ (ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ) ​នាយក​​ដ្ឋាន​រដ្ឋ​បាល​ ការ​ពារ​ និង​អភិ​រក្ស​ធម្ម​ជាតិ (ក្រសួង​បរិ​ស្ថាន) និង​នាយក​ដ្ឋាន​​ជំរុញ​ការ​នាំ​ចេញ (ក្រសួង​ពាណិជ្ជ​កម្ម) មាន​មោទន​ភាព​ដាក់​បង្ហាញ​នូវ​ពិព័រណ៍​គំរូ​រចនា​ម៉ូដ​នៃ​ផលិត​ផល​ផ្តៅ​ ដំបូង​បង្អស់​នៅ​កម្ពុជា ។ គំនិត និង​គំរូ​នៃ​ការ​រចនា​ម៉ូដ

រាជធានីភ្នំពេញ​ ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១០ ៖ ថ្ងៃ​នេះ​សមា​គម​ផ្តៅ​កម្ពុជា គំរោង​ផ្តៅ​នៃ​អង្គ​ការ WWF ព្រម​ទាំង​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល​ជា​ដៃ​គូ​មាន​រដ្ឋ​បាល​ព្រៃ​ឈើ (ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ) ​នាយក​​ដ្ឋាន​រដ្ឋ​បាល​ ការ​ពារ​ និង​អភិ​រក្ស​ធម្ម​ជាតិ (ក្រសួង​បរិ​ស្ថាន) និង​នាយក​ដ្ឋាន​​ជំរុញ​ការ​នាំ​ចេញ (ក្រសួង​ពាណិជ្ជ​កម្ម) មាន​មោទន​ភាព​ដាក់​បង្ហាញ​នូវ​ពិព័រណ៍​គំរូ​រចនា​ម៉ូដ​នៃ​ផលិត​ផល​ផ្តៅ​ដំបូង​បង្អស់​នៅ​កម្ពុជា ។ គំនិត និង​គំរូ​នៃ​ការ​រចនា​ម៉ូដ​ដែល​គេ​បាន​ដាក់​បង្ហាញ​នា​ពេល​នេះ ជា​សមិទ្ធ​ផល​ចេញ​ពី​កិច្ច​សហ​ការ​រួម​​គ្នា​រវាង​សិប្ប​ករ​នៃ​សមា​គម​ផ្តៅ​កម្ពុជា និង​អ្នក​ជំនាញ​ផ្នែក​រចនា​ម៉ូដ​នៃ​អង្គ​ការ WWF ។ ផ្តៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​រង​ការ​គំរាម​កំហែង​ដោយ​ការ​ដក​ហូត​ហួស​កំរិត​ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ធន​ធាន​ផ្តៅ​ធ្លាក់​ចុះ និង​នាំ​ទៅ​រក​ការ​បំផ្លាញ​ធន​ធាន​ព្រៃ​ឈើ ។ លើស​ពី​នេះ​ទៅ​ទៀត សង្វាក់​ផ្គត់​ផ្គង់​គ្មាន​ប្រសិទ្ធ​ភាព​​កំពុង​ខ្ជះ​ខ្ជាយ​ធន​ធាន​ផ្តៅ រីឯ​បច្ចេក​ទេស​ផលិត​កម្ម​មិន​សម​ស្រប​​កំពុង​បំពុល​បរិ​ស្ថាន និង​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​សុខ​ភាព​កម្ម​ករ ។ អង្គ​ការ WWF សហ​ការ​ជា​មួយ​តួ​អង្គ​សំខាន់ៗ​នៅ​ក្នុង​វិស័យ​​ឧស្សាហ​កម្ម​ផ្តៅ​មាន​ស្ថាប័ន​រដ្ឋា​ភិបាល​ពាក់​ព័ន្ធ សិប្ប​ករ​ផ្តៅ​ធំៗ សហ​គមន៍​មូល​ដ្ឋាន​​ក៏​ដូច​ជា​​​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ដទៃ​ទៀត ក្នុង​ការ​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្គត់​ផ្គង់​ និង​ផលិត​កម្ម​ផ្តៅ​ក្នុង​ខ្សែ​សង្វាក់​ផ្តៅ​ទាំង​មូល​មាន​ភាព​ប្រសើរ​ឡើង ។

លោក​អ៊ូ រតនៈ ប្រធាន​គំរោង​ផ្តៅ​នៃ​អង្គ​ការ WWF និយាយ​ថា៖ «​ផ្តៅ​​ជា​​ប្រភេទ​តាល​ព្រឹក្ស​ដែល​ស្រូប​យក​ឧស្ម័ន​កាបូ​និក ហើយ​គេ​មិន​ចាំ​បាច់​ត្រូវ​ការ ឬ​ត្រូវ​ការ​តិច​តួច​នូវជី ឬ​ថ្នាំ​សំលាប់​សត្វ​ល្អិត​ឡើយ ។ ប្រសិន​បើ​គេ​កែ​​ច្នៃ​ផ្តៅ​តាម​បទ​ដ្ឋាន​បច្ចេក​ទេស​ត្រឹម​ត្រូវ​វា​អាច​រួម​ចំណែក​ធ្វើ​ឱ្យ​តុល្យ​ភាព​ក្នុង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ីជីវ​ចំរុះ»។  គំរោង​ផ្តៅ​នៃ​អង្គ​ការ WWF សហ​ឧបត្ថម្ភ​ដោយ​សហ​​ភាព​អ៊ឺរ៉ុប និង IKEA មាន​គោល​បំណង​អភិ​វឌ្ឍន៍​​ប្រព័ន្ធ​ផលិត​កម្ម​ផ្តៅ​មួយ​ប្រកប​ដោយ​និរន្តរ​ភាព និង​ជំរុញ​ឱ្យ​គុណ​ភាព​នៃ​ផលិត​ផល​​ផ្តៅ​របស់​កម្ពុជា មាន​ភាព​ប្រសើរ​ឡើង​ស្រប​​តាម​លក្ខណៈ​ស្តង់​ដា​អន្តរ​ជាតិ​ខ្ពស់​សំរាប់​ការ​នាំ​ចេញ​ទៅ​ទី​ផ្សារ​អឺរ៉ុប ។ ការ​ចេះ​បំផុស​ និង​បង្កើត​គំនិត​នៃ​ការ​រចនា​ម៉ូដ​​​ជា​តំលៃ​ស្នូល​ចំពោះ​ការ​សំរេច​​បាន​នូវ​ផលិត​ផល​ប្រកប​​ដោយ​និរន្តរ​ភាព និង​គោរព​តាម​គោល​ការណ៍​បរិ​ស្ថាន​ស្អាត ។ លោក Per Brolund អ្នក​រចនា​ម៉ូដ​របស់​គំរោង​ផ្តៅ​នៃ​អង្គ​ការ WWF និយាយ​ថា៖​«ការ​រចនា​ម៉ូដ​ដែល​មាន​និរន្តរ​ភាព គេ​អាច​បង្កើត​ឱ្យ​បាន​នូវ​ការ​រចនា​ម៉ូដ​ដែល​​មាន​និរន្តរ​ភាព​តាម​របៀប​ច្រើន​យ៉ាង​ផ្សេងៗ​គ្នា ។ គេ​អាច​បំផុស​នូវ​គំនិត​ថ្មី​ៗ​ក្នុង​ការ​ប្រើ​ប្រាស់​សំណល់​ធន​ធាន​ផ្តៅ​សំរាប់​ការ​ផលិត ដើម្បី​ប្រើ​ប្រាស់​ធន​ធាន​ផ្តៅ​ទាំង​នោះ​ឱ្យ​អស់​លទ្ធ​ភាព រីឯ​ការ​ច្នៃ​ប្រឌិត​នូវ​ការ​រចនា​ម៉ូដ​ពេញ​និយម និង​មាន​គុណ​ភាព​ខ្ពស់​​អាច​ជំរុញ​ទឹក​ចិត្ត​ និង​ឆន្ទៈ​យូរ​អង្វែង​នៃ​អ្នក​ប្រើ​ប្រាស់» ។

លោក​លិប ជាង ប្រធាន​សមា​គម​ផ្តៅ​កម្ពុជា និង​ជា​ម្ចាស់​សហ​គ្រាស​ផ្តៅ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា និយាយ​ថា សិប្ប​ករ​ផ្តៅ​កម្ពុជា បាន​រៀន​ចេះ​ដឹង​អំពី​ជំនាញ​ក្នុង​ការ​គិត និង​ការ​បង្កើត​រចនា​ម៉ូដ​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​ពី​អ្នក​ជំនាញ​ផ្នែក​រចនា​ម៉ូដ​របស់​អង្គ​​ការ WWF ។ ទន្ទឹម​នឹង​នេះ ពួក​គាត់​ក៏​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗ​ស្តី​ពី ​តំរូវ​ការ​ និង​ការ​ពេញ​និយម​នៃ​ទី​ផ្សារ​អន្តរ​ជាតិ ហើយ​ពួក​គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើ​ប្រាស់​នូវ​ជំនាញ​ដែល​ទទួល​បាន​នេះ ឱ្យ​មាន​​ប្រសិទ្ធ​ភាព ដើម្បី​​អាច​នាំ​ផលិត​ផល​ផ្តៅ​កម្ពុជា​ទៅ កាន់​ទី​ផ្សារ​អន្តរ​ជាតិ ។ គំរោង​ផ្តៅ​សង្ឃឹម​​មុត​មាំ​ថា ឧស្សាហ​កម្ម​ផ្តៅ​ដែល​គោរព​គោល​ការណ៍​​និរន្តរ​ភាព​​ផ្តល់​ជូន​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ហិរញ្ញ​វត្ថុ​ ដើម្បីរក្សា​តំបន់​ព្រៃ​ឈើ​ធម្ម​ជាតិ​ធំៗ​ដែល​ជា​​ទី​ជម្រក​សំរាប់​ផ្តៅ ព្រម​ទាំង​ជួយ​លើក​កំពស់​ការ​ចិញ្ចឹម​ជីវិត​របស់​ប្រជា​ជន​ថែម​ទៀត​ផង ។ កញ្ញា Michelle Owen ប្រធាន​កម្ម​វិធី​​អភិ​រក្ស​នៃ​អង្គ​ការ WWF មាន​ប្រសាសន៍​ថា៖ «តាម​រយៈ​ការ​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​សហ​គមន៍​មូល​ដ្ឋាន និង​សិប្ប​ករ​ផ្តៅ​ខ្នាត​តូច និង​មធ្យម​ដោយ​ផ្ទាល់​ក្នុង​កិច្ច​​អភិ​វឌ្ឍន៍​​ និង​អនុ​វត្ត​ប្រព័ន្ធ​ផ្គត់​ផ្គង់​ និ​ងផលិត​កម្ម​ផ្តៅ​ប្រកប​ដោយ​និរន្តរ​ភាព គំរោង​នៃ​អង្គ​ការ WWF ផ្តល់​ការ​លើក​ទឹក​ចិត្ត​ផ្សេងៗ​ដល់​ពួក​គាត់​ ដើម្បី​ធានា​នូវ​និរន្តរ​ភាព​ផ្តៅ និង​ប្រភេទ​ជីវ​ចំរុះ​ផ្សេង​​ទៀត ក្នុង​ធម្ម​ជាតិ ហើយ​ទន្ទឹម​នឹង​នោះ​ជួយ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​អ្នក​ពាក់​ព័ន្ធ​នឹង​វិស័យ​ផ្តៅ ក៏​ដូច​ជា​ជួយ​តភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ទី​ផ្សារ​អន្តរ​ជាតិ ។

គំរោង​ផ្តៅ​នៃ​អង្គ​ការ WWF ក្រោម​ជំនួយ​សហ​ឧបត្ថម្ភ​ដោយ​សហ​ភាព​អឺរ៉ុប និង​ IKEA បាន​ផ្តួច​ផ្តើម​គំរោង​រចនា​ម៉ូដ​មាន​រយៈ​ ពេល​៦​ខែ (ពី​ខែ​មិថុនា ដល់​ខែ​វិច្ឆិកា) ដែល​លោក Per Brolund ជា​អ្នក​រចនា​ម៉ូដ​មក​ពី​សាកល​វិទ្យា​ល័យ Lund ប្រទេស​ស៊ុយ​អែត ដែល​ជា​សាកល​វិទ្យា​ល័យ​ផ្នែក​រចនា​ម៉ូដ​ដ៏​ល្បី​ល្បាញ​ជាង​គេ​មួយ​នៅ​លើ​ពិភព​លោក និង​លោក​ឯម រៀម ជា​អ្នក​រចនា​ម៉ូដ​សហ​សម័យ​ជន​ជាតិ​កម្ពុជា បាន​ធ្វើ​ការ​ជា​មួយ​សិប្ប​ករ​ផ្តៅ​កម្ពុជា ក្នុង​ការ​ជំរុញ​ឱ្យ​មាន​​ការ​រចនា​ម៉ូដ​ផលិត​ផល​ផ្តៅ​មាន​ភាព​ប្រសើរ​ឡើង​ស្រប​តាម​គុណ​ភាព​ស្តង់​ដា​ខ្ពស់​សំរាប់​ការ​នាំ​ចេញ ​ទៅ​អន្តរ​ជាតិ ។ សកម្ម​ភាព​ការ​ងារ​រួម​មាន ការ​អភិ​វឌ្ឍ​នៃ​ការ​រចនា​ម៉ូដ​ផ្តៅ​ដែល​មាន​​និរន្តរ​ភាព គោរព​គោល​ការណ៍​បរិ​ស្ថាន​​ស្អាត ហើយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត និង​ការ​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​បច្ចេក​ទេស និង​ជំនាញ​កែច្នៃ​ថ្មីៗ ការ​បំផុស​ឱ្យ​មាន​​គំនិត​ និង​ការ​បង្កើត​ការ​រចនា​ម៉ូដ​ ការ​គណនា​ចំណាយ​ផលិត​កម្ម ការ​ជ្រើស​រើស និង​ប្រើ​ប្រាស់​នូវ​វត្ថុ​ធាតុ​ដើម​ផ្តៅ​ដែល​មាន​គុណ​ភាព​ខ្ពស់​ ការ​បំផុស​គំនិត​ច្នៃ​ប្រឌិត​​ក្នុង​ការ​ប្រើ​ប្រាស់​កាក​សំណល់​ផ្តៅ​សំរាប់​បង្កើត​ជា​ការ​​កែ​ច្នៃ​ថ្មី​ដែល​តប​ទៅ​នឹង​តំរូវ​ការ​ និង​ការ​​ពេញ​និយម​នៅ​លើ​ទី​ផ្សារ ។

ដោយ​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​ផលិត​កម្ម​ស្អាត​ប្រទេស​វៀត​ណាម ការិយា​ល័យ​ជាតិ​ផលិត​កម្ម​ស្អាត​នៃ​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និង​ថាម​ពល និង​សមា​គម​សិប្ប​ករ​កម្ពុជា គំរោង​ផ្តៅ​នៃ​អង្គ​ការ​ WWF ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​សហ​គ្រាស​ខ្នាត​តូច និង​មធ្យម​​មាន​ការ​យល់​ដឹង ព្រម​​ទាំង​អនុ​វត្ត​តាម​គោល​ការណ៍​ផលិត​កម្ម​ស្អាត​ដែល​ពាក់​ព័ន្ធ នឹង​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​កែច្នៃ​​ត្រឹម​ត្រូវ អាច​ធានា​បាន​គុណ​ភាព​ខ្ពស់ ។ ដើម្បី​ធ្វើ​កិច្ច​ការ​នេះ គំរោង​បាន​ជួយ​ជ្រោម​ជ្រែង​ការ​បង្កើត​សមា​គម​ផ្តៅ​កម្ពុជា ឱ្យ​ចេញ​ជា​រូប​រាង​ជា​ចំណុច​ចាប់​ផ្តើម​សំរាប់​ការ​ពង្រឹង​ឆន្ទៈ និង​គោល​ជំហរ​​របស់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ។ ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មក ​អង្គ​ការ WWF បាន​​និង​កំពុង​​ជួយ​ដល់​ប្រជា​ជន​​​នៅ​សហ​គមន៍​ព្រែក​ត្នោត ខេត្ត​កំពត ក្នុង​ការ​អនុ​វត្ត​កិច្ច​ការ​គ្រប់​គ្រង​ធន​ធាន​ផ្តៅ​ប្រកប​ដោយ​និរន្តរ​ភាព ។ ក្នុង​ការ​ងារ​គ្រប់​គ្រង​គំរោង​បាន​ណែ​នាំ និង​ផ្តល់​ការ​បណ្តុះ​បណ្តាល​លើ​បទ​ដ្ឋាន​បច្ចេក​ទេស​ពាក់​ព័ន្ធ​នឹង​ការ​​ដក​ហូត​ផ្តៅ​ ការ​បណ្តុះ​​កូន​ផ្តៅ និង​ការ​ដាំ​ផ្តៅ​នៅ​ក្នុង​ព្រៃ​ធម្ម​​ជាតិ ។​បច្ចេក​ទេស​នៃ​ការ​កែ​ច្នៃ​ផ្តៅ​ត្រូវ​​​បាន​បង្ហាត់​បង្ហាញ​ទៅ​ដល់​សហ​គមន៍​ គឺ​ជា​យុទ្ធ សាស្ត្រ​ក្នុង​ការ​លើក​ទឹក​ចិត្ត​ឱ្យ​សហ​គមកន៍​ខ្លួន​ឯង​ចេះ​កែ​ច្នៃ​​ផលិត​ផល​​ផ្តៅ គោល​បំណង​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចេញ​គ្មាន​និរន្តរ​ភាព​នូវ​ផ្តៅ​ស្រស់​​ទៅ​ប្រទេស​ជិត​ខាង ។ ការ​គ្រប់​គ្រង​ធន​ធាន​ផ្តៅ​ប្រកប​ដោយ​និរន្តរ​ភាព​ត្រូវ​បាន​គំរោង​​ពង្រីក​ដល់​ខេត្ត​ផ្សេង​ទៀត មាន​ព្រះ​សីហនុ កោះ​កុង កំពង់​ធំ ព្រះ​វិហារ និង​សហ​គមន៍​ថ្មីៗ​ទៀត​ក្នុង​ខេត្ត​កំពត ដែល​មាន​ចំនួន​សរុប​ប្រមាណ​​៥.០០០​គ្រួសារ ចូល​រួម​ក្នុង​ការ​ងារ​នេះ ៕