ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​នឹង​រង់ចាំ​មើល… តើ​ក្រសួង​ជួយ​បាន​ដែរ​ឬ​អត់? ​

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នេះ​មិនមែន​ជា​ការ​រិះគន់​ស្ថាប័ន​អប់រំ ដែល​ជា​វិស័យ​អាទិភាព​ ក្នុង​ការ​ផ្តល់​ប្រភព​ធន​ធាន​មនុស្ស​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ​គឺ​ធនធានមនុស្ស​មាន​ស្រាប់ បែរជា​ត្រូវ​បាន​ប្រព័ន្ធ​អប់រំ​ខ្លះ ​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់លើ បោះបង់​ចោល​ទៅ​វិញ…

ខេត្តកោះកុង ៖ នេះ​មិនមែន​ជា​ការ​រិះគន់​ស្ថាប័ន​អប់រំ ដែល​ជា​វិស័យ​អាទិភាព​ ក្នុង​ការ​ផ្តល់​ប្រភព​ធន​ធាន​មនុស្ស​ឡើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ​គឺ​ធនធានមនុស្ស​មាន​ស្រាប់ បែរជា​ត្រូវ​បាន​ប្រព័ន្ធ​អប់រំ​ខ្លះ ​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់លើ បោះបង់​ចោល​ទៅ​វិញ គួរ​ឱ្យ​សោកស្តាយ​ក្រៃ​លែង ។

នេះ​ជា​ប្រវត្តិ​អ្នកគ្រូ​ស្ម័គ្រចិត្ត​ម្នាក់ ដែល​ត្រូវ​បាន​ចូល​ជា​គ្រូបង្រៀន​ជាប់កិច្ចសន្យា​រយៈពេល​១០​ឆ្នាំ​មក​ហើយ តាំងពី​ឆ្នាំ​២០០៨ សម័យ​ក្រខ្សត់​រហូត​ដល់​សព្វថ្ងៃ នៅ​តែ​មិន​បាន​ចូល​ក្របខណ្ឌ​ពេញ​សិទ្ធិ​នឹង​គេ មិនដឹង​ថា ​មក​ពី​មូលហេតុ​អ្វី​ទេ ទោះបី​អ្នកគ្រូ​បាន​ព្យាយាម​ដាក់​សំណើសុំ​ចូល​ក្របខណ្ឌ​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​ក៏​ដោយ អត់​មាន​ភ្នែក​ភ្លឺ​មើលឃើញ​សោះ ។

ដើម្បី​ស្វែង​យល់​ការ​ពិត​តាម​រយៈ​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​១៧ មីនា បាន​ធ្វើ​ដំណើរ​ទៅ​ជួប​អ្នកគ្រូ​ផ្ទាល់​ដល់​ផ្ទះ ស្ថិត​នៅ​ភូមិ​កោះកុង​ក្នុង ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង ដែល​មាន​ចម្ងាយ​ផ្លូវគោក​៥៣​គីឡូម៉ែត្រ និង​ផ្លូវទឹក​៧​គីឡូម៉ែត្រ ។ អ្នកគ្រូ​បាន​រៀបរាប់​ដោយ​សង្ខេប​ថា អ្នកគ្រូ​មានឈ្មោះ ផៃ សុ​ភ័​ណ្ឌ អាយុ​៣៣​ឆ្នាំ មាន​កម្រិតវប្បធម៌​ជាប់​សញ្ញាបត្រ​បឋម​ភូមិ ។ នៅ​ឆ្នាំ​២០០៨ បាន​ផ្លាស់​ទីលំនៅ​ពី​ខេត្តកំពង់​ស្ពឺ មក​ធ្វើ​ជា​កម្មករ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ហ្គ្រី​ន​រិច ២​នាក់​ប្តី​ប្រពន្ធ នៅ​ក្នុងភូមិ​កោះកុង​ក្នុង​នេះ​តែ​ម្តង ដែល​​មាន​ពលរដ្ឋ​រស់នៅ​ចំនួន​១០២​គ្រួសារ និង​មាន​កុមារ​គ្រប់​វ័យ​សិក្សា​ចំនួន​៥៨​នាក់ ស្រី​៣០​នាក់ ក្នុង​ចំណោម​ពលរដ្ឋ សរុប​៣៩៤​នាក់ ស្រី​២០៨​នាក់ ។ ដោយ​រស់នៅ​អម​សងខាង​ដៃសមុទ្រ​ត្រពាំងរូង ធ្វើ​ដំណើរ​តាម​ទូក​ និង​ប្រកប​របរ​នេសាទ​សមុទ្រ រក​អនុ​ផល​ព្រៃឈើ​និង​ធ្វើ​កម្មករ ។​ល​។

អ្នកគ្រូ​បាន​រៀបរាប់​ថា ដោយ​មានការ​អាណិត​ស្រឡាញ់​កុមារ​គ្រប់​វ័យ​សិក្សា អ្នកគ្រូ​បាន​ស្ម័គ្រចិត្ត​បង្រៀន​កូន​អ្នក​ភូមិ​នៅផ្ទះ​របស់​ខ្លួន ​នៅ​ជាប់មាត់​ព្រែក​ចាប់ពី​ឆ្នាំ​២០០៨​មក ។ ដោយ​មើលឃើញ​ការ​លំបាក​នឹង​ការ​ខិតខំ​របស់​អ្នកគ្រូ​នៅ​ឆ្នាំ​២០១០ អង្គការ​សង្គ្រោះ​កុមារ ​បាន​ផ្តល់​ថវិកា​ដើម្បី​សង់សាលា​រៀន​១​ខ្នង ស្មើ​២​បន្ទប់ ធ្វើ​ពី​ឈើ​ប្រក់​សង្ក​សី នៅ​ត្រើយម្ខាង​នៃ​ព្រែក ដោយ​ខាង​អប់រំ​ស្រុក​បាន​ដាក់​ឈ្មោះ​ថា​ សាលា​បឋម​សិក្សា​កោះកុង​ក្នុង ​និង​បញ្ចូល​អ្នកគ្រូ​ពី​គ្រូ​ស្ម័គ្រចិត្ត​ទៅ​ជា​គ្រូ​ជាប់កិច្ចសន្យា​ទទួល​បាន​ប្រាក់ខែ​១៤​មុ​ឺ​ន​រៀល​ក្នុង​១​ខែ ។ អ្នកគ្រូ​ថា រហូត​ដល់​ឆ្នាំ​២០១៦​ ដល់​ឆ្នាំ​២០១៨​នេះ ប្រាក់ខែ​បាន​ឡើង​ដល់​៨០​មុ​ឺ​ន​រៀល ។

អ្នកគ្រូ​ប្រាប់​ទៀត​ថា ពី​ឆ្នាំ​២០១០​មក​ អ្នកគ្រូ​ត្រូវ​ប្រើ​ទូក​ម៉ា​សុ​ី​ន​តូច​មួយ សម្រាប់​ប្រមូល​សិស្ស​តាម​ផ្ទះ​ចំនួន​ជាង​៣០​នាក់ រួច​ឆ្លង​ទៅ​បង្រៀន​នៅ​សាលា​ថ្មី​នោះ ។ ដោយ​ចំណាយ​ទូក​ម៉ា​សុ​ី​ន​ផ្ទាល់ខ្លួន​តូច​មួយ តែ​ក៏​មាន​សិស្ស​ខ្លះ​ជួយ​ចេញ​លុយ​ថ្លៃ​សាំង​ម្នាក់​ៗ៣០០​រៀល​ផង​ដែរ ។ ដោយ​មើលឃើញ​ការ​លំបាក​ និង​កម្រិតសិក្សា​របស់​សិស្ស​កើនឡើង ចាប់ពី​ឆ្នាំ​២០១៣ រហូត​មក​ដល់​ឆ្នាំ​២០១៧ ខាង​អប់រំ​ស្រុក​-​ខេត្ត​បាន​បន្ថែម ​និង​ផ្លាស់​​ប្តូរ​គ្រូ​ជាប់កិច្ចសន្យា​និង​គ្រូ​ក្របខ័ណ្ឌ​ចំនួន​២​នាក់​មក​ជា​បន្តបន្ទាប់ ព្រោះ​គ្រូ​ដែល​មក​នៅ​ទី​នេះ​មិន​បាន​យូរ​ទេ ក៏​សុំ​ត្រលប់​ទៅ​វិញ ព្រោះ​មានការ​លំបាក​ក្នុង​ការ​ស្នាក់​នៅ​ព្រោះ​ស្នាក់​នៅ​ក្នុង​សាលា ។ ដោយ​មើល​ឃើញ​កា​រត​ស៑ូ​របស់​អ្នកគ្រូ ផៃ សុ​ភ័​ណ្ឌ នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ លោក​ខៀវ ជី​វ័​ន្ត​រ័​ត្ន ប្រធាន​ការិ​យា​ល័យ​អប់រំ​ស្រុក និង លោកប្រាក់ វិចិត្រ ប្រធាន​ក្រុមប្រឹក្សា​ស្រុក បាន​ធ្វើ​សំណើ​ចំនួន​២​លើក​ទៅ​មន្ទីរ​អប់រំ​ខេត្ត ដើម្បី​សុំ​បញ្ចូល​អ្នកគ្រូ​ជា​គ្រូ​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ តែ​ត្រូវ​បាន​ខាង​មន្ទីរ​អប់រំ​បដិសេធ​ទាំង​២​លើក​ថា​«​ជួយ​អត់​បាន​ទេ​សុំ​ទោស​» ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​មីនា ឆ្នាំ​២០១៨ កោះសន្តិភាព​បាន​ទាក់ទង​ទូរស័ព្ទ​ទៅ​លោក ង៉ែត ឡឹ​ង ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​បដិសេធ​មិន​បញ្ចូល​ក្របខណ្ឌ​ពេញ​សិទ្ធិ​ជូន​អ្នកគ្រូ ផៃ សុ​ភ័​ណ្ឌ និង​បញ្ហា​មួយ​ចំនួន​ទៀត​ផង​ដែរ តែ​លោក​ប្រធាន​ឆ្លើយ​ថា «ជាប់រវល់​សន្និបាត​នៅ​ក្រសួង ចាំ​លោក​ត្រលប់​មក​វិញ​សិន» ។

ដោយ​មើលឃើញ​ការ​តស៊ូ​ដឹក​សិស្ស​តាម​កាណូត​តូច និង​មានការ​បារម្ភ​ពី​សុវត្ថិភាព​សិស្ស​ផង នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មី​ៗ​នេះ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត បាន​នាំ​យក​សំបក​អូ​ប័​រ​ធំ​១​និង​ម៉ា​សុ​ី​ន​មួយ​គ្រឿង ​ដែល​អាច​ផ្ទុក​សិស្ស​បាន​៤០​នាក់ ជូន​ដល់​អ្នកគ្រូ​ផង​ដែរ និង​សន្យា​ថា​ នឹង​រិះរក​វិធី​ស្នើ​សុំ​បញ្ចូល​ក្របខណ្ឌ​ពេញ​សិទ្ធិ​ជូន​អ្នកគ្រូ​ផង​ដែរ ។ប៉ុន្តែ​មតិ​ខ្លះ​មិន​សង្ឃឹមថា​ ជួយ​បាន​ទេ ព្រោះ​លោក​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ ជា​ខ្សែបណ្តោយ​នោះ ហាក់ដូចជា​ប៉ក់​ល្វើយ​២​ដង​មក​ហើយ​ថា​ «​ជួយ​អត់​បាន​ទេ​…​
សុំ​ទោស !» ។

ក្នុង​ករណី​នេះ​ដែរ ប្រសិនបើ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ជ្រាប មហាជន​ប្រាកដ​ជា​សង្ឃឹមថា គ្មាន​អ្វី​ដែល​ថា ជួ​ួ​យ​អត់​បាន​នោះ​ទេ ។ ដែល​ថា​ ជួយ​មិន​បាន​នោះ ជាស​ម្តី​លោក​ប្រធាន​មន្ទីរ​ថ្នាក់​ខេត្ត​តែ​ប៉ុណ្ណោះ ។
មហាជន​នឹង​រង់ចាំ​មើល តើ​ក្រសួង​ជួយ​បាន​ដែរ​ឬ​អត់? ​

អត្ថបទសរសេរ ដោយ