ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ប្រកាស​បន្ត​គាំទ្រ​ដល់​កម្ពុជា និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ជាមួយនឹង​ថ្នាក់ដឹកនាំ​ក្រសួងការបរទេស​កម្ពុជា ឯកឧត្ដម Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្ដ្រី​ជប៉ុន​បាន​ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន​បាន​យកចិត្តទុកដាក់​ចំពោះ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មិត្តភាព​ជាមួយ​កម្ពុជា ហើយ​ជប៉ុន​នឹង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ជាមួយនឹង​ថ្នាក់ដឹកនាំ​ក្រសួងការបរទេស​កម្ពុជា ឯកឧត្ដម Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្ដ្រី​ជប៉ុន​បាន​ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន​បាន​យកចិត្តទុកដាក់​ចំពោះ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មិត្តភាព​ជាមួយ​កម្ពុជា ហើយ​ជប៉ុន​នឹង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេ ។

លោក​បាន​លើក​ឡើង​ថា ជប៉ុន​ក៏​បាន​ត្រៀម​រៀបចំ​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​នេះ និង​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​កាន់​កម្ពុជា​ដែរ ។ លោក​បាន​លើក​ឡើង​ទៀត​ថា ៖ កិច្ច​សហប្រតិបត្តិការ​នេះ​ក្នុង​ក្រប​ខណ្ឌ​មេគង្គ​-​ជប៉ុន ។ វត្តមាន​របស់​លោក​នៅ​ពេល​នេះ ដើម្បី​ចូលរួម​សិក្ខាសាលា​ស្តី​ពី​មេគង្គ​-​ជប៉ុន​នៅ​កម្ពុជា ។ លោក​ថា រ​ដ្ឋា​ភិ​បាន​ជប៉ុន​នឹង​បន្ត​បណ្តុះបណ្តាល​ផ្នែក​សមត្ថភាព​ធន​ជាន​មនុស្ស​កម្លាំង​មួក​ខៀវ​កម្ពុជា ។ តាម​សំណូមពរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​ជួយ​ដល់​សកម្មភាព​មីន តំបន់​អាស៊ាន​នៅ​កម្ពុជា​ពេល​នេះ កំពុង​ពិចារណា​ក្នុង​ផ្តល់​ជំនួយ ។ លោក​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ជប៉ុន​គោរព​នូវ​ការ​សម្រេច​របស់​កម្ពុជា និង «​មិន​មានការ​ជ្រៀតជ្រែក​ណាមួយ​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ​» ។ ជប៉ុន​មាន​គោលបំណង​ចង់​ឃើញ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​អន្តរជាតិ និង​ឃើញ​កម្ពុជា​មាន​សន្តិភាព ស្ថេ​រ​ភាព ការ​អភិវឌ្ឍ​ដូច​ពេល​បច្ចុប្បន្ន​នេះ ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​ជំនួប​ថា លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​កេ​ន តា​រ៉ូ សូ​នូ​រ៉ា (Kentaro Sonoura) មក​កាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ នឹង​រួមចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា លោក​បាន​រំលឹក​ពី​ជួប​រវាង​លោក​នឹង​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន នៅ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ជប៉ុន​) លើ​គ្រប់​វិស័យ ។

លោក​បន្ត​ថា​៖ «​ប្រទេស​ទាំង​ពីរ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី ទាំង​ក្រប​ខណ្ឌ​ក្នុង​តំបន់ និង​ពហុភាគី » ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៀត​ថា នៅ​ឆ្នាំ​២០១៨​នេះ​ជា ខួប​គម្រប់​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ។ ក្រសួងការបរទេស​កម្ពុជា​បាន​ត្រៀម​ទទួល​នូវ​ដំណើរ​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា នៅ​ខែមេសា ២០១៨​ខាង​មុខ​នេះ ។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹង​ពង្រីក​កិច្ច​ទំនាក់ទំនង​នៃ​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​ដែល​ជប៉ុន​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​ពេល​កន្លង ដើម្បី​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ។ បន្ទាប់​មក​ដំណើរ​ស្តារ និង​អភិវឌ្ឍ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ។ លោក​បញ្ជាក់​ថា​ជំនួយ​របស់​ជប៉ុន​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ជប៉ុន​បាន​ជួយ​ដល់​វិស័យ​ការពារ​ជាតិ​កម្ពុជា​ក្នុង​នោះ​ការ​បណ្តុះបណ្តាល​កងកម្លាំង​មួក​ខៀវ​កម្ពុជា សម្រាប់​ចូលរួម​បេសកកម្ម​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ជួយ​ដល់​ការ​ដោះ​មីន បោសសំអាត​កាក​សំណល់​គ្រឿងផ្ទុះ​នៅ​កម្ពុជា ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​សភាពការណ៍​នៅ​កម្ពុជា ចំណាត់​ការណ៍​របស់​ស្ថាប័ន​នីតិប្បញ្ញតិ​ក៏​ដូច​តុលាការ ចំពោះ​គណបក្សប្រឆាំង លោក កឹ​ម សុខា និង​អ្នកនយោបាយ​១១៨​រូប របស់​គណបក្សប្រឆាំង​ផ្អែក​លើ​អង្គហេតុ និង​អង្គច្បាប់​យ៉ាង​ត្រឹមត្រូវ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​បន្ថែម​ថា ៖ «​នោះ គឺ​សំដៅលើ​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា សំដៅ​រក្សា​ឯករាជ្យ អធិបតេយ្យភាព ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែ​ត​ពី​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​» ៕

កែសម្រួលដោយ