ខេត្តកំពង់ចាម ៖ ប្រសិនបើគេធ្វើដំណើរពីរង្វង់មូលស្គន់កាត់តាមផ្លូវជាតិលេខ៦ មកដល់ត្រង់ភូមិ
ត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ផ្លូវឆ្ពោះមកកាន់ព្រំប្រទល់ខេត្តកំពង់ធំ មានចម្ងាយប្រមាណជា១០គីឡូម៉ែត្រ ។ នោះនឹងបានឃើញប្រជាពលរដ្ឋជាច្រើនគ្រួសារនាំគ្នាធ្វើត្រសក់ចាវលក់ ដើម្បីដោះស្រាយជីវភាពគ្រួសារ ដោយបានទទួលផលកម្រៃគ្រាន់បើផងដែរ ។
អ្នកស្រី សុខ សុវណ្ណរី អាយុ៣១ឆ្នាំ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៨ ថា ក្នុងរដូវវស្សាគាត់បានដាំត្រសក់នៅក្នុងភូមិជាច្រើនថ្នាល ដើម្បីយកមកត្រាំទឹកអំបិលធ្វើត្រសក់ចាវលក់ នៅរោងមុខផ្ទះរបស់ខ្លួន ហើយបើត្រសក់អស់នឹងត្រូវទិញពីម៉ូយក្នុងភូមិម្តងៗ ប្រមាណជិត១០០គីឡូក្រាមដោយត្រូវប្រើពេលពី១សប្តាហ៍ទៅ១០ថ្ងៃ ទើបលក់អស់ ។
អ្នកស្រី សុវណ្ណរី ប្រាប់បន្តថា សម្រាប់ត្រសក់ចាវស្រស់ក្នុង១គីឡូក្រាមលក់បានតម្លៃ៥០០០រៀល
និងត្រសក់ចាវដាក់ត្រាំលក់បានតម្លៃ៥០០០រៀល ក្នុង១ក្រឡតូច និងធំបានតម្លៃ១ម៉ឺនរៀលផងដែរ ។
គាត់បានចាប់យកអាជីពនេះជាង២ឆ្នាំមកហើយ រាល់ថ្ងៃនេះ បើលក់ដាច់អាចទទួលបានផលចំណេញ
ពី២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល កម្រៃដែលបានមក សម្រាប់ដោះស្រាយជីវភាពឲ្យកូនបានរៀនសូត្រ ។ មានពេលខ្លះលក់ដាច់ច្រើន និងខ្លះទៀតលក់ក្នុង១ថ្ងៃបានតែ១គីឡូក្រាម ត្រសក់ចាវស្រស់ក៏មានដែរ ។ របរនេះទោះបីជាមានការនឿយហត់ក៏ពិតមែន តែគាត់ប្រឹងតស៊ូនឹងបន្តរបរនេះតទៅថ្ងៃមុខទៀត ធ្វើយ៉ាងណាឲ្យកូនៗបានរៀនសូត្រ មានចំណេះដឹងខ្ពស់នឹងគេ ។
ស្ត្រីចំណាស់ឈ្មោះ ឯល ផុន អាយុ៦០ឆ្នាំ ប្រាប់ឲ្យដឹងថា អ្នកភូមិរបស់គាត់នៅរដូវវស្សានាំគ្នាដាំត្រស
ក់សម្រាប់យកមកធ្វើត្រសក់ចាវ លុះពេលរដូវប្រាំង ត្រូវទិញមកពីខាងរំលងខេត្តកំពង់ធំ និងនៅតំបន់ទឹកឆារស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលទីនោះមានក្បាលហុងទឹក បង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ទីនោះអាចបង្កបង្កើនផលបានទាំង២រដូវ ។ សម្រាប់តម្លៃទិញចូលត្រសក់ស្រស់ក៏មិនខុសគ្នានឹងតម្លៃអ្នកទី១ បានលើកឡើងដែរ ។ មានពេលខ្លះអ្នកធ្វើដំណើរតាមរថយន្តមកពីខេត្តឆ្ងាយជិះកាត់ឃើញត្រសក់ចាវស្រស់ទិញម្តង២០ ទៅ៣០គីឡូក្រាម ផ្ញើទៅឲ្យបងប្អូននៅសហរដ្ឋអាមេរិកសម្រាប់យកទៅកែច្នៃជាម្ហូប ដើម្បីទទួលទានជាមួយនឹងបាយ ។
លោកអូត ឈាងលី អភិបាលស្រុកជើងព្រៃមានប្រសាសន៍ឲ្យដឹងដែរថា ប្រជាពលរដ្ឋនៅភូមិត្រពាំង
ស្លា និងភូមិចំបក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ នាំគ្នាចាប់យករបរធ្វើត្រសក់ចាវនេះលក់ជាច្រើនឆ្នាំមក ហើយ ។ ជាមួយនោះអាជ្ញាធរបានជួយបង្កើនរបរដល់ស្ត្រីមេម៉ាយឲ្យចេះធ្វើត្រសក់ចាវលក់ ហើយនៅឆ្នាំ២០១៨ នេះ អាកាសធាតុបានអំណោយផលល្អ អាចបង្កបង្កើនផលដំណាំស្រូវបានទាំងរដូវប្រាំង និងដាំឪឡឹកលក់ដែលបង្កើនប្រាក់ចំណូលដល់គ្រួសារមួយកម្រិតទៀត ។ ជាមួយនោះរូបលោកសូមឲ្យពលរដ្ឋដែលប្រកបរបរធ្វើត្រសក់ចាវលក់បង្កើនឲ្យរឹតតែមានអនាម័យល្អ និងមិនមានសារធាតុគីមី ដើម្បីកុំឲ្យប៉ះពាល់សុខភាព ៕
ចែករំលែកព័តមាននេះ