ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ៖ កម្ពុជា​ពង្រីក​បណ្តាញ​ចែកចាយ​អគ្គិសនី​បាន​ជាង​៧១%​នៃ​ចំនួន​គ្រួសារ​សរុប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពង្រីក​បណ្តាញ​ចែកចាយ​អគ្គិសនី​យ៉ាង​លឿន​ក្នុង​រយៈពេល​កន្លង​មកនេះ ។ ផ្អែក​តាម​ប្រព័ន្ធ​ម៉ែត្រ​សាស្ត្រ​របស់​អភិក្រម​ទ្វេ​គោល អត្រា​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ឱ្យ​ឃើញ​ថា គ្រួសារ​ចំនួន​៧១,៥%​នៃ​ចំនួន​សរុប មាន​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ពី​បណ្តាញ​ចែកចាយ​របស់​រដ្ឋ ។ នេះ​បើ​យោង​តាម​លទ្ធផល​របស់​ការ​អង្កេត…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ពង្រីក​បណ្តាញ​ចែកចាយ​អគ្គិសនី​យ៉ាង​លឿន​ក្នុង​រយៈពេល​កន្លង​មកនេះ ។ ផ្អែក​តាម​ប្រព័ន្ធ​ម៉ែត្រ​សាស្ត្រ​របស់​អភិក្រម​ទ្វេ​គោល អត្រា​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញ​ឱ្យ​ឃើញ​ថា គ្រួសារ​ចំនួន​៧១,៥%​នៃ​ចំនួន​សរុប មាន​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ពី​បណ្តាញ​ចែកចាយ​របស់​រដ្ឋ ។ នេះ​បើ​យោង​តាម​លទ្ធផល​របស់​ការ​អង្កេត MTF ឆ្នាំ​២០១៧ ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក កាលពី​ថ្ងៃ​ទី​២២ មីនា ម្សិលមិញ ។

របាយការណ៍​ដដែល​បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​១៩៩៧ អត្រា​មាន​អគ្គិសនី​ប្រើប្រាស់​ពី​បណ្តាញ​ចែកចាយ​មេ​ក្នុង​ប្រទេស​កម្ពុជា​មាន​តែ​១៦,៤%​ប៉ុណ្ណោះ ហើយ​ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា អត្រា​នេះ​បាន​កើន​ជិត​ទ្វេ​ដង រហូត​ដល់​៣២,៥% ក្នុង​ឆ្នាំ​២០១០ ។ របាយការណ៍ CSES ឆ្នាំ​២០១៤​បង្ហាញ​ថា អត្រា​ទទួល​បាន​អគ្គិសនី​តាម​ប្រព័ន្ធ​បណ្តាញ​ចែកចាយ​មេ​ក្នុង​ប្រទេស​កម្ពុជា​មាន​៥៨,២% ។ ទាំង​ទិន្នន័យ​របស់ MTF និង CSES រួម​គ្នា​បង្ហាញ​ថា អត្រា​ទទួល​បាន​អគ្គិសនី​តាម​ប្រព័ន្ធ​បណ្តាញ​មេ​ក្នុង​ប្រទេស​កម្ពុជា​មាន​សន្ទុះ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ។

បើ​តាម​របាយការណ៍ ទោះបី​អត្រា​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​នៅ​តាម​បណ្តាញ​មេ​ក្នុង​ប្រទេស​កម្ពុជា​មាន​សន្ទុះ​កើនឡើង​ក្តី តែ​នៅ​ជួប​បញ្ហា​ប្រឈម គឺ​ពលរដ្ឋ​ជាង​ពាក់កណ្តាល​នៃ​លំនៅ​ឋាន​ដែល​ភ្ជាប់​អគ្គិសនី​ជាមួយ​បណ្តាញ​ចែកចាយ​របស់​រដ្ឋ រង​ការ​ដាច់​ចរន្តអគ្គិសនី​ជា​ញឹកញាប់ ។

របាយការណ៍​បន្ត​ថា បញ្ហា​ប្រឈម​ធំ​ជាងគេ គឺ​ភាព​ទុកចិត្ត​បាន (​បញ្ហា​ដាច់​ចរន្ត​) និង​គុណភាព (​បញ្ហា​តង់ស្យុង​ឡើង​ចុះ​) នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​តាម​បណ្តាញ​ចែកចាយ​រដ្ឋ ។ ជាង​ពាក់កណ្តាល​នៃ​លំនៅ​ឋាន​ដែល​ភ្ជាប់​អគ្គិសនី​ជាមួយ​បណ្តាញ​ចែកចាយ​របស់​រដ្ឋ បាន​រង​ការ​ដាច់​ចរន្តអគ្គិសនី​ជាង​១៤​លើក​ក្នុង​១​ស​ប្តា​ហ៍ (​ជា​មធ្យម​ប្រហែល​៦​នាទី​ក្នុង​១​លើក​) ។ ហេតុ​ដូច្នេះ ភាព​រអាក់រអួល​នេះ ជា​ឧបសគ្គ​ធ្វើ​ឱ្យ​លំនៅ​ឋាន​ទាំងនោះ​មិន​អាច​ឈាន​ទៅ​ដល់​លំដាប់​ខ្ពស់​ជាង​បច្ចុប្បន្ន​បាន ។ ជាមួយ​គ្នា​នេះ​ដែរ ៣៣%​នៃ​អ្នក​ប្រើប្រាស់​អគ្គិសនី​តាម​បណ្តាញ​ចែកចាយ​រដ្ឋ និយាយ​ថា ពួក​គេ​ឧស្សាហ៍​ជួប​ប្រទះ​បញ្ហា​តង់ស្យុង​អគ្គិសនី​ឡើង​ចុះ​ខ្លាំង​ណាស់ ។ ត្រង់នេះ​ក៏​ជា​បញ្ហា​មួយទៀត​ដែរ ដែល​រារាំង​គ្រួសារ​ទាំងនេះ​មិន​ឱ្យ​ឈាន​ទៅ​ដល់​លំដាប់​នៃ​លទ្ធភាព​ប្រើប្រាស់​ខ្ពស់​ជាង​បច្ចុប្បន្ន​បាន ។

បញ្ហា​ប្រឈម​ធំ​បំផុត គឺ​ការ​ពង្រីក​បណ្តាញ​ចែកចាយ​អគ្គិសនី​នៅ​តាម​ទី​ជនបទ ។ ជាង​៩៧%​នៃ​គ្រួសារ​ក្នុង​ទីប្រជុំជន​ក្នុង​ប្រទេស​កម្ពុជា ទទួល​បាន​អគ្គិសនី​ពី​បណ្តាញ​ចែកចាយ​រដ្ឋ ប្រៀប​នឹង​៦៧%​នៃ​គ្រួសារ​នៅ​ទី​ជនបទ​។ ហេតុ​ដូច្នេះ គ្រួសារ​នៅ​ទី​ជនបទ​ច្រើន​តែ​ប្រមូលផ្តុំ​នៅ​ក្នុង​ចំណាត់​ថ្នាក់ទាប​ក្នុង​លទ្ធភាព​ទទួល​បាន​អគ្គិសនី គឺ​រវាង​លំដាប់​០ និង​លំដាប់​ទី​២ ។ នៅ​ក្នុង​លំដាប់​ទាំង​ពីរ​នេះ​មាន​៤២%​ជា​គ្រួសារ​រស់នៅ​ទី​ជនបទ និង​៦%​ជា​គ្រួសារ​រស់នៅ​ក្នុង​ទីប្រជុំជន ។

របាយការណ៍​លើក​ឡើង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ដំណាក់កាល​ចុង​ក្រោយ ក្នុង​លទ្ធភាព​ទទួល​អគ្គិសនី​នៅ​តាម​តំបន់​ទីប្រជុំជន រួម​មាន លទ្ធភាព​អាច​ជាវ​បាន​ប្រហែលជា​បញ្ហា​ធំ​បំផុត​សម្រាប់​គ្រួសារ​នៅ​ទីប្រជុំជន ក្នុង​ការ​ទទួល​បាន​អគ្គិសនី​ពី​បណ្តាញ​ចែកចាយ​រដ្ឋ ។ អ្នក​ទាំងឡាយ​ដែល​មិន​បាន​ត​ភ្ជាប់​បណ្តាញ​ចែកចាយ​រដ្ឋ​នៅ​តាម​ទីប្រជុំជន មក​ពី​គេ​គ្មាន​លទ្ធភាព​បង់ថ្លៃ​សេវា​ភ្ជាប់​បណ្តាញ ។ ដូច្នេះ កាលណា​ដោះស្រាយ​បាន​នូវ​បញ្ហា​នៃ​លទ្ធភាព​ជាវ​បាន​សម្រាប់​បណ្តា​គ្រួសារ​ដែល​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់ កម្ពុជា​ប្រហែលជា​អាច​ឈាន​ទៅ​សម្រេចការ​ផ្គត់ផ្គង់​អគ្គិសនី​តាម​បណ្តាញ​ចែកចាយ​រដ្ឋ​ដល់ទី​ប្រជុំជន​បាន​១០០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ