ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដឹក​ជញ្ជូន​តាមផ្លូវ​ស​មុទ្រ​នឹង​ថយ​ចុះ ក្រោយ​កំពង់​ផែ​ទឹក​ជ្រៅស្ថាបនា​រួច

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោម​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន កម្ពុជា​កំពុង​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​មួយទៀត​មាន​ជម្រៅ​ជាង​១៤​ម៉ែត្រ ដែល​អនុញ្ញាត​ឲ្យ​នាវា​ដឹក​ទំនិញ​នៅ​ក្នុង​តំបន់​ប្រហែល​៩៣%​ ចូល​ចត​ដោយ​គ្មាន​ឧបសគ្គ ។ បន្ទាប់​ពី​ស្ថាបនា​រួច នឹង​ជួយ​ឲ្យ​តម្លៃ​សេវា​ដឹក​ទំនិញ​តាម​ផ្លូវ​សមុទ្រ​ថយ​ចុះ​ច្រើន និង​បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​បន្ថែម​ទៀត…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោម​កម្ចី​ពី​រដ្ឋាភិបាល​ជប៉ុន កម្ពុជា​កំពុង​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​មួយទៀត​មាន​ជម្រៅ​ជាង​១៤​ម៉ែត្រ ដែល​អនុញ្ញាត​ឲ្យ​នាវា​ដឹក​ទំនិញ​នៅ​ក្នុង​តំបន់​ប្រហែល​៩៣%​ ចូល​ចត​ដោយ​គ្មាន​ឧបសគ្គ ។ បន្ទាប់​ពី​ស្ថាបនា​រួច នឹង​ជួយ​ឲ្យ​តម្លៃ​សេវា​ដឹក​ទំនិញ​តាម​ផ្លូវ​សមុទ្រ​ថយ​ចុះ​ច្រើន និង​បាន​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​បន្ថែម​ទៀត ។ នេះ​បើ​តាម​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​មហាសន្និបាត​ភាគ​ហ៊ុ​និក​លើក​ទី​១ របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២១ មីនា កន្លង​មក លោក លូ គឹ​ម​ឈ​ន់ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​កើនឡើង​១៥% ជា​កំណើន​មួយ​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​ការ​គិតគូរ​ជា​បន្តបន្ទាប់​ដូច​ជា ការ​បំពាក់​នូវ​គ្រឿងចក្រ​លើកដាក់​បន្ថែម​ទៀត ដើម្បី​ឲ្យ​ការ​លើកដាក់​បាន​ឆាប់រហ័ស និង​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ។

ទោះបីជា​យ៉ាងណា កំពង់​ផែ​បច្ចុប្បន្ន មាន​ជម្រៅ​ទឹក​ត្រឹមតែ​៩​ម៉ែត្រ ដែល​អនុញ្ញាត​ឲ្យ​នាវា​ក្នុង​តំបន់​ចូល​ចត​ប្រមាណ​ជា​២០%​ប៉ុណ្ណោះ ។ ដូច្នេះ​ហើយ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខ្ចីប្រាក់​ពី​រដ្ឋាភិបាល​ជប៉ុន​ចំនួន​២០៩​លាន​ដុល្លារ​ដើម្បី​សាងសង់​ផែ​ថ្មី​មួយ​ជំហាន​ទៀត ដោយ​រំពឹង​ថា នឹង​អនុញ្ញាត​ឲ្យ​នាវា​ក្នុង​តំបន់​ប្រមាណ​ជាង​៩០%​ចូល​ចត និង​លើកដាក់​ទំនិញ​បាន​យ៉ាង​ស្រួល ។

លោក លូ គឹ​ម​ឈ​ន់ ថ្លែង​ថា ៖« ក្រោយ​ពី​យើង​សិក្សា​គម្រោង​បច្ចេកទេស​លម្អិត​គ្រប់​បែប​យ៉ាង និង​សេដ្ឋកិច្ច​នៅ​ជំ​ុ​វិញ​តំបន់​ទាំងអស់ គឺ​យើង​បាន​ឯកភាព​សាងសង់​កំពង់​ផែ​ថ្មី​មួយទៀត​ដែល​មាន​ជម្រៅ​ទឹក​១៤,៥០​ម៉ែត្រ អាច​អនុញ្ញាត​ឱ្យ​នាវា​មាន​ជម្រៅ​ទឹក​១៣,២០​ម៉ែត្រ ចូល​ចត​បាន ។ ដល់​ពេល​នោះ យើង​លែង​មាន​ឧបសគ្គ​ទៀត​ហើយ គឺ​នាវា​ក្នុង​តំបន់​ប្រហែល​៩៣% អាច​ចូល​ចត​នៅ​កំពង់​ផែ​យើង​បាន ហើយ​ចំនួន​កុងតឺន័រ ក៏​នឹង​ឡើង​ដល់​កម្រិត​មួយ​ដែល​នាវា​ធំ​ៗ​ចូល​បាន » ។

« នៅ​ពេល​យើង​ធ្វើ​កំពង់​ផែ​នេះ​រួច កុងតឺន័រ​របស់​យើង​នឹង​ឡើង​ដល់​កម្រិត​ដែល​នាវា​ធុន​ធំ​ចូល​ចត​បាន ធ្វើ​ឲ្យ​ថ្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​ថយ​ចុះ ព្រោះ​សព្វ​ថ្ងៃនេះ តម្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ វា​ថ្លៃ​ជាង​តម្លៃ​ក្នុង​ប្រទេស ។ ឧទាហរណ៍ តម្លៃ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ជា​មធ្យម​ពី​៥០០​ឬ​៦០០​ដុល្លារ ក៏​ប៉ុន្តែ​តម្លៃ​ដឹក​ជញ្ជូន​ក្នុងស្រុក​ពី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ តម្លៃ​តែ​១៨០​ដុល្លារ​ប៉ុណ្ណោះ ។ ដូច្នេះ វា​ខុស​គ្នា​ច្រើន​ណាស់ ។ បើ​តម្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​ចុះ​មក​នៅ​ត្រឹមតែ​២០០​ឬ​៣០០​ដុល្លារ​វិញ​នោះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​យើង ពាណិជ្ជកម្ម​ក្នុងស្រុក​យើង មាន​លក្ខណៈ​កាន់តែ​ប្រកួតប្រជែង ហើយ​មាន​កំណើន​បន្ថែម​ទៀត » ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក លូ គឹ​ម​ឈ​ន់ ។

លោក​បញ្ជាក់​ថា ៖« នៅ​ឆ្នាំ​២០២២ ការ​សាងសង់​ផែ​របស់​យើង​នឹង​រួចរាល់ ហើយ​ចំនួន​កុងតឺន័រ​នឹង​កើនឡើង​ប្រមាណ​លើស​ពី​៧០០​ពាន់​កុងតឺន័រ នាវា​ធុន​ធំ​អាច​ចូល​ចត​បាន​តាម​លក្ខណៈ​ស្តង់ដា​គុណភាព ហើយ​តម្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ នឹង​មាន​លក្ខណៈ​ល្អ​ដូច​ប្រទេស​នៅ​ជុំវិញ​យើង » ។
យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​រយៈពេល​១២​ខែ គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ចំណូល​សរុប​ចំនួន​២២៧.៣៩៧.៨៣៥.០០០​រៀល ស្មើ​ប្រមាណ​ជិត​៥៧​លាន​ដុល្លារ កើនឡើង​៨,៨១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ។ ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ មាន​ចំនួន​២៥.១៣៩.៣១៦.០០០​រៀល ឬ​ប្រមាណ​ជាង​៦​លាន​ដុល្លារ ថយ​ចុះ​៥,៩២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ។

គិត​ត្រឹម​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៧​នេះ​ដែរ ទ្រព្យសកម្ម​សរុប​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ចំនួន​១.២៨០.៥១០.០៣៨.០០០​រៀល ឬ​ស្មើនឹង​ជាង​៣២០​លាន​ដុល្លារ កើនឡើង​១៨,២៤% និង​មូលធន​សរុប​មាន​ចំនួន​៦៤៦.៦១០.៥៥៤.០០០​រៀល ស្មើ​ប្រមាណ​ជាង​១៦១​លាន​ដុល្លារ កើនឡើង​២០,៩៥%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ