ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​ដំបូង​របស់​ចិន​នៅ​កម្ពុជា​គ្រោង​សាងសង់​នៅ​ដើម​ខែមេសា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​ឯកភាព​លើ​ការ​វិនិយោគ​សាងសង់​រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​របស់​ក្រុមហ៊ុន Green Leader Holdings Group Limited មក​ពី​ហុងកុង…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​ឯកភាព​លើ​ការ​វិនិយោគ​សាងសង់​រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​របស់​ក្រុមហ៊ុន Green Leader Holdings Group Limited មក​ពី​ហុងកុង ដែល​មាន​គម្រោង​សាងសង់​រោងចក្រ​កែ​ច្នៃ​ឲ្យ​បាន​៥​ទៅ​១០​រោងចក្រ ហើយ​រោងចក្រ​ដំបូង​បង្អស់​នៅ​កម្ពុជា គឺ​ស្ថិត​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​គ្រោង​សាងសង់​នៅ​ខែមេសា​ខាង​មុខ​នេះ ។ នេះ​បើ​តាម​មន្ត្រី​ខុទ្ទកាល័យ​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

លោក ចាន់ ហេង នាយក​ខុទ្ទកាល័យ​រដ្ឋ​រូប​នេះ​​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២២ មីនា ម្សិលមិញ​ថា រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​ដំបូង​គេ​បង្អស់​របស់​ប្រទេស​ចិន​នៅ​កម្ពុជា នឹង​ចុះ​បឋម​សីលា​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

លោក​ថា ៖« ក្រុមហ៊ុន​ហ្គ្រី​ន​លី​ត​ឌឺ (Cambodia ឯ​.​ក​) ជា​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​ដែល​គ្រោង​នឹង​បង្កើត​រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​នៅ​កម្ពុជា​មាន​ទាំងអស់​ចំនួន​១០​កន្លែង ហើយ​កន្លែង​ដំបូង​គេ​បង្អស់​គឺ​ស្ថិត​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ខាង​ក្រុមហ៊ុន​បាន​ជូន​របាយការណ៍​មក​ខាង​ក្រសួងកសិកម្ម​ថា នឹង​ចុះ​បឋម​សីលា​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៨​ខាង​មុខ​នេះ » ។

លោក​បន្ត​ថា រោងចក្រ​កែ​ច្នៃ​ដំឡូង​មីនេះ គឺជា​ប្រភេទ​រោងចក្រ​កែ​ច្នៃ​ម្សៅ​មី ដែល​មាន​សមត្ថភាព​អាច​ផលិត​បាន​ចំនួន​១០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ហើយ​ក្រុមហ៊ុន​នឹង​បន្ត​ការ​សាងសង់​រោងចក្រ​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និង​មាន​ខេត្ត​ផ្សេង​ៗ​ទៀត ដែល​មាន​សក្តានុពល​ខាង​ដំឡូង​មី ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ដដែល​ថា ផលិតផល​កែ​ច្នៃ​ដំឡូង​មី​ដែល​មាន​ចំនួន​១០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​នេះ គឺ​ក្រុមហ៊ុន​ត្រូវការ​ដំឡូង​មី​ជា​វត្ថុធាតុដើម​ចំនួន​៥០​ម៉ឺន​តោន ដោយ​ប្រើប្រាស់​កិច្ចព្រមព្រៀង​កសិកម្ម ។

គួរ​រំលឹក​ផង​ដែរ កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ លោក Michael Tse នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Green Leader បាន​បញ្ជាក់​ថា ដើម្បី​អាច​ទទួល​បាន​ផល​កែ​ច្នៃ​ក្នុង​ទ្រង់ទ្រាយ​ដូច​ខាងលើ រោងចក្រ​ចាំបាច់​ត្រូវការ​ដំឡូង​មី​ជា​វត្ថុធាតុដើម​យ៉ាងតិច​៥០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ។

លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន​ក៏​មាន​គម្រោង​បង្កើត​រោងចក្រ​ចំនួន​៥ ក្នុង​រយៈពេល ២​ឆ្នាំ ដោយ​រោងចក្រ​ទី​២ អាច​នឹង​សាងសង់​នៅ​ប៉ែក​ខាង​ខេត្តបាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ ។

ដោយឡែក កាលពី​ថ្ងៃ​ទី​២០ ខែមីនា នៅ​ទីស្តីការក្រសួង លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​លើក​ឡើង​ផង​ដែរ ​ពី​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​ដំឡូង​មី​របស់​ហុងកុង នឹង​អាច​ស្រូប​យក​វត្ថុធាតុដើម​នេះ ​បាន​មួយ​ភាគ​ធំ​ពី​បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល​ដាំ​ដុះ​ដំឡូង​មី ដើម្បី​ធ្វើការ​កែ​ច្នៃ​រួច​នាំ​ចេញ ។  លោក​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ LADAWAN WONGSRIWONG អ្នក​ប្រឹក្សា​យោបល់​ថៃ ទាក់ទង​នឹង​ដំណើរការ​នៃ​ការ​នាំ​ចេញ​វត្ថុធាតុដើម​ដំឡូង​មី ។

កម្ពុជា គឺជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី​៨​លើ​ពិភពលោក និង​លំដាប់​ទី​៤​នៅ​ក្នុង​តំបន់ ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​ចំនួន​ប្រមាណ​ជាង​៦០០​ពាន់​ហិ​កតា និង​ទទួល​បាន​ទិន្នផល​ជាង​១៤​លាន​តោន​ក្នុង​ឆ្នាំ​២០១៧  ។

ទីផ្សារ​នាំ​ចេញ​ផលិតផល​ដំឡូង​មី ត្រូវ​បាន​ពង្រីក​ពី​៤​ប្រទេស (​ថៃ​, វៀតណាម​, ចិន​, បារាំង​) ក្នុង​ឆ្នាំ​២០១៤ ទៅ​១៦​ប្រទេស ក្នុង​ឆ្នាំ​២០១៦ រួម​មាន ៖ កា​ណា​ដា​, ចិន​, អង់គ្លេស​, ហ្វាំ​ង​ឡង់​, ឥណ្ឌា​, អុ​ី​តា​លី​, កូរ៉េ​, លី​ទុ​យ​អា​នី​, ម៉ា​ឡេ​ស៊ី​, មី​យ៉ា​ន់​ម៉ា​, ហូ​ឡង់​, នូ​វែ​ល​សេ​ឡង់​, កោះ​តៃវ៉ាន់​, ថៃ​, អា​មេ​រិ​ក និង​វៀតណាម​។ ចំណែក​ខេត្ត​ដែល​មាន​បរិមាណ​ផល​ដំឡូង​មី​ច្រើន​ជាងគេ​មាន ខេត្តបាត់ដំបង​, បន្ទាយ​មាន​ជ័យ​, ប៉ៃលិន​, ក្រចេះ​, កំពង់ធំ​, ត្បូងឃ្មុំ និង​ខេត្តឧត្តរមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ