ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួងមហាផ្ទៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា មាន​ប្រសាសន៍​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា មាន​ប្រសាសន៍​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ថា ឆ្នាំ​២០១៨​នេះ ជា​ឆ្នាំ​ទី​៥ និង​ជា​ឆ្នាំ​ចុង​ក្រោយ​នៃ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា និង​ជា​ឆ្នាំ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។ ក្នុង​សភាពការណ៍​នេះ និង​ហេតុផល​ខាងលើ​នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ី​វិល កងកម្លាំង​នគរបាល​ជាតិ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​នៃ​ក្រសួងមហាផ្ទៃ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ លើ​កិច្ចការ​សំខាន់​ៗ​ជា​អាទិភាព​មួយ​ចំនួន​ដូច​ខាងក្រោម ៖ ទី​១-​ត្រូវ​ខិតខំ​បន្ត​ការពារ និង​ពង្រឹង​ឲ្យ​បាន​គត់មត់​នូវ​សុខ​សន្តិភាព អធិបតេយ្យ​ជាតិ និង​ស្ថិរភាព​នយោបាយ ដែល​ជា​លក្ខខណ្ឌ​ចម្បង និង​ចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​គាំទ្រ​ដល់​កិច្ច​ដំណើរការ នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ក៏​ដូច​ធានា ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាជន​យើង​នៅ​ទូ​ទាំង​ប្រទេស​។

ទី​២- ខិតខំ​រួម​គ្នា​ធានា​ឲ្យ​បាន​នូវ​ការ​បោះ​ឆ្នោតជាតិ​លើក​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ឲ្យ​ដំណើរការ​ប្រកបដោយ​លក្ខណៈ​សេរី​ត្រឹមត្រូវ​យុត្តិធម៌ និង​មាន​សុវត្ថិភាព​ដោយ​ត្រូវ​រួម​គ្នា​គាំទ្រ និង​ចូលរួម​អនុវត្ត​កិច្ចការ​នានា​ស្រប​តាម​ច្បាប់បោះឆ្នោត​តម្រូវ​។ ព្រមទាំង​ផ្តល់​នូវ​កិច្ចសហការ​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន ដោយ​លក្ខណៈ​ឯករាជ្យ មិន​លម្អៀង​ស្រប​តាម​ច្បាប់​បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​។ ទី​៣- ត្រូវ​បន្ត​លើកកំពស់​ការ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​សង្គម សុខ​សុវត្ថិភាព ដោយ​ខិតខំ​លើ​ការ​ពង្រឹង​ការងារ​ដឹកនាំ និង​ការ​ទទួលខុសត្រូវ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​និង​គណៈ​បញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់​ក្នុង​ការ​ពង្រឹង​វិធានការ​ជំនាញ ពង្រឹង​វិន័យ ជំនាញ វិជ្ជាជីវៈ និង​ក្រម​សី​ធម៌​ដល់​កងកម្លាំង​នគរបាល​ជាតិ​ពិសេស​កងកម្លាំង​នគរបាល​ដែល​បំពេញការងារ​ផ្ទាល់​ជាមួយ​ប្រជាជន​ក្នុង​ការងារ​អនុវត្ត​គោ​លម​យោ​បាយ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​។ ទី​៤- ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ នៅ​តែ​ជា​បញ្ហា​ប្រឈម​ក្នុង​ពេល​ចំពោះ​មុខ និង​រយៈពេល​វែង​ក្នុង​សង្គម​ដោយសារ​និ្ន​នា​ការ​ផលិត ចរាចរណ៍ ចែកចាយ​គ្រឿងញៀន​ក្នុង​តំបន់ និង​ពិភពលោក​ហាក់​មិន​មាន​សញ្ញា​ថមថយ​នោះ​ឡើយ​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ត្រូវ​ដឹកនាំ​សហការ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​អ្នក​ពាក់ព័ន្ធ​នានា​អនុវត្ត​កម្ម​ភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​ញៀន​ឲ្យ​ខ្លាំងក្លា រស់​រវើក​ស្រប​តា​មកា​រវិ​វត្ត​ប្រែប្រួល​នៃ​ការ​ផលិត ការ​ជួញដូរ ចែកចាយ ការ​ប្រើប្រាស់​គ្រឿងញៀន​។ ទី​៥- គ្រោះថ្នាក់​នានា​ក្នុង​សង្គម​កំពុង​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​ងា​យុ​ជីវិត​ប្រជាជន​កាន់តែ​ច្រើន​ឡើង​ៗ​ពិសេស​គ្រោះថ្នាក់​ចរាចរណ៍ និង​អគ្គី​ភ័យ​។ ក្នុង​ន័យ​នេះ​ត្រូវ​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​អប់រំ ច្បាប់​ស្តី​ពី​ចរាចរណ៍​ជើង​គោក និង​ពង្រឹង​ជាប់​ជា​ប្រចាំ​នូវ​ការ​អនុវត្ត​ច្បាប់​។ ទន្ទឹម​នេះ ត្រូវ​រៀបចំ​ផែនការមេ ស្តី​ពី​ចរាចរណ៍ និង​ការ​ដឹក​ជញ្ជូន​នៅ​តាម​ទីក្រុង​ទីប្រជុំជន​ដោយ​ផ្សារ​ភ្ជាប់​ជា​ប្រព័ន្ធ នូវ​ការ​រ​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង ទីប្រជុំជន រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​តាម​ដងផ្លូវ​សាធារណៈ ការ​ចត​យានយន្ត ស្លាក​សញ្ញា​ចរាចរណ៍​។ ចំពោះ​បញ្ហា​អគ្គី​ភ័យ​ត្រូវ​បន្ត​ខិតខំ​ពង្រឹង​ការ​ចូលរួម របស់​ប្រជាជន ម្ចាស់​លំនៅ​ដ្ឋា​ន ម្ចាស់​អាជីវកម្ម អគារ​សំណង់​នានា​ឲ្យ​ចូលរួម​ក្នុង​ការ​បង្ការ​ពន្លត់អគ្គីភ័យ ប្រកបដោយ​ស្មារតី​ម្ចាស់​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត និង​ត្រូវ​ធានា​ប្រសិទ្ធភាព​ឧបករណ៍​ពន្លត់អគ្គីភ័យ​។

ទី​៦-​ចំពោះ​ការ​អនុវត្ត​ការ​កែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ខ្ញុំ​សូម​ស្នើ​គណៈកម្មាធិការ​ជាតិ សម្រាប់​ការ​អភិវឌ្ឍន៍ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ក៏​ដូច​ក្រសួងមហាផ្ទៃ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ធ្វើការ​ព​ន្លឿ​ន​ថែម​ទៀត​នូវ​ការ​ផ្ទេរ​មុខងារ និង​ធនធាន​ឲ្យ​បាន​សម​ស្រប ឲ្យ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មាន​សិទ្ធ​អំណាច​មុខងារ និង​ធនធាន សម​ស្រប ក្នុង​ការ​លើកកំពស់​ប្រសិទ្ធភាព គណនេយ្យ​ភាព​ចំពោះ​ប្រជាជន​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​ក៏​ដូច​បម្រើសេវា​សាធារណៈ​ជូន​ប្រជាជន និង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​។ ទី ៧-​ត្រូវ​ខិតខំ​លើកកម្ពស់ ការ​បម្រើសេវា​សាធារណៈ និង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ប្រជាជន ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ខ្ពស់ សមធម៌ និង ត្រូវ​ខិតខំ​កែ​លម្អ អាកប្បកិរិយា សីលធម៌ ឥរិយា​បទ​របស់​មន្ត្រី អាជ្ញាធរ នៅ​មូលដ្ឋាន ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​ផ្តល់​សេវា​រដ្ឋបាល​នានា​ជូន​ប្រជាជន​ដោយ​មិន​មានការ​រើសអើង ពិសេស​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សំបុត្រ​អត្រានុកូលដ្ឋាន សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ​ព្រម​តាំង​លិខិត​ស្នាម​ផ្សេង​ៗ​ទៀត​ដែល​ពាក់ព័ន្ធ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា ជា​រួម​មុន​អ្វី​ទាំងអស់ យើង​ត្រូវ​តម្កល់​សន្តិភាពជា​ធម៌​។សន្តិភាព​ពេញលេញ​ដែល​យើង​កំពុង​មាននៅ​ទូ​ទាំង​ប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ​បានមក​ដោយ​ចំណាយ​ពេលវេលា​ដ៏​យូរ ព្រម​ជាមួយ​ការ​តស៊ូ​ព្យាយាម និង​ការ​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ របស់​យុទ្ធ​ជន និង​អ្នក​ស្នេហា​ជាតិ​របស់​យើង​ជា​ច្រើន​រូប​។ បើ​គ្មាន​សន្តិភាព​ទេ ការ​អភិវឌ្ឍន៍​ក៏​គ្មាន​ដែរ​។ ដូច្នេះ​យើង​ទាំងអស់​គ្នា ត្រូវ​ខិតខំ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​នូវ រាល់​សកម្មភាព​ខុសច្បាប់​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​ធ្វើ​ឲ្យ​សន្តិភាព​នៅ​កម្ពុជា​បាត់បង់ នឹង​ត្រូវ​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ ដើម្បី​បន្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឲ្យ​មាន​កំណើន​ប្រកបដោយ​ចីរភាព ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ